ភ្នំពេញ៖ ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានថ្មីៗ ស្តីពី«ជំនួយមនុស្សធម៌» ដើម្បីអបអរខួប ៧០ ឆ្នាំនៃការបង្កើតចំណងការទូតទ្វេភាគី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក Patrick Murphy បានពន្យល់លម្អិតពីជំនួយមនុស្សធម៌ដែលរដ្ឋាភិបាលអាមេរិកផ្តល់ជូនកម្ពុជាដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅ។
មកដល់បច្ចុប្បន្ននេះ អាមេរិកបានផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជាក្នុងទំហំទឹកប្រាក់លើសពី ១,៦ពាន់លានដុល្លារអាមេរិកឯណោះ ដែលជំនួយទាំងនោះផ្តោតលើវិស័យជាច្រើន មានទាំងសុខាភិបាល, អប់រំ, បរិស្ថាន, កសិកម្ម ក៏ដូចជា បញ្ហាអភិបាលកិច្ច និងប្រជាធិបតេយ្យផងដែរ។
´ពេលសាកសួរថាតើ ជំនួយទាំងនោះមានប្រសិទ្ធភាពបែបណា ឯកអគ្គរដ្ឋរូបអាមេរិកខាងលើឆ្លើយតបវិញដោយមិនរារែកថា ជំនួយទាំងនោះមានចំណែកយ៉ាងសំខាន់មិនត្រឹមតែទ្រទ្រង់ដល់ដំណើរការអភិវឌ្ឍនៅកម្ពុជាដោយធានាសុខសន្តិភាព និងស្ថិរភាពប៉ុណ្ណោះទេ តែវាក៏មានចំណែកលើកស្ទួយជីវភាពនិងសុខុមាលភាពពលរដ្ឋកម្ពុជាដែរ។
«ខ្ញុំអាចឲ្យជាឧទាហរណ៍។ ក្រៅពីជំនួយមនុស្សធម៌ អាមេរិកក៏ផ្តល់ជំនួយអភិវឌ្ឍដល់កម្ពុជាដែរ។ អ្នកអាចឃើញហើយថា ប្រជាជនកម្ពុជាមានសុខភាពប្រសើរជាងមុន ហូបចុកមានជីវជាតិជាងមុន មានអត្រាអាយុរំពឹងរស់បានយូរ និងមានជីវភាពរស់នៅប្រសើរឡើង»។ លោក Murphy ថ្លែងដូច្នេះក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានថ្មីៗ។
អ្វីដែលតំណាងក្រុងវ៉ាស៊ីនតោនរូបនេះមោទកភាពខ្លាំងបំផុតចំពោះសមិទ្ធផលដែលសម្រេចបានក្រោមជំនួយមនុស្សធម៌នេះគឺ រួមចំណែកជួយគាំទ្រកម្ពុជាក្នុងការឈានឆ្ពោះទៅសម្រេចគោលដៅក្លាយជាប្រទេសដែលគ្មានគ្រាប់មីននៅត្រឹមឆ្នាំ ២០២៥ ខាងមុខនេះដែរ។
មកដល់ពេលបច្ចុប្បន្ន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏កំពុងបន្តជួយកម្ពុជាឆ្លើយតបនឹងផលប៉ះពាល់ដែលបង្កឡើងដោយមេរោគរាតត្បាត កូវីដ-១៩ ទាំងលើវិស័យសុខុមាលភាពសាធារណៈ និងសេដ្ឋកិច្ចដូចគ្នា។ ក្នុងពេលអនាគត លោក Murphy អះអាងថា អាមេរិកនឹងបន្តជួយកម្ពុជា ពង្រឹងវិស័យសុខភិបាលឲ្យកាន់តែជឿនលឿនបន្ថែមទៀតដែរ។
អាមេរិករួមចំណែកជួយរៀបចំអនាគតដែលប្រកបដោយចីរភាពរបស់កម្ពុជា
សម្រាប់អនាគតកម្ពុជា ការអភិវឌ្ឍប្រកបដោយនិរន្តភាព គឺសំដៅលើការរក្សាតុល្យភាពរវាងការអភិវឌ្ឍ និងការប្រើប្រាស់ធនធានធម្មជាតិ និងមានលទ្ធភាពដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងបញ្ហាដែលអាចនឹងកើតឡើងនៅពេលអនាគតដោយប្រសិទ្ធភាព។
ជុំវិញបញ្ហានេះ លោក Murphy បានលើកឡើងថា តាមរយៈកម្មវិធីដែលមានស្រាប់អាមេរិកបន្តជួយពង្រឹងសមត្ថភាពកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាន ធានាការពារធនធានធម្មជាតិ និងឆ្លើយតបបាននឹងបញ្ហាគំរាមកំហែងនានាជាពិសេសគ្រោះមហន្តរាយធម្មជាតិជាដើម។
«សំឡឹងទៅកាន់អនាគតអ្វីដែលខ្ញុំអាចពិពណ៌នាថាជាដំណឹងល្អគឺ កម្ពុជាមានធនធានធម្មជាតិដែលសេសសល់ច្រើនជាងប្រទេសដទៃទៀតលើលោក។ បញ្ហាប្រឈមគឺ ត្រូវធានាថាធនធានទាំងនោះត្រូវបានការពារ និងពង្រឹងការសហការជាមួយសហគមន៍ដែលត្រូវអភិវឌ្ឍដោយសារមានកំណើនប្រជាជន»។ លោក Murphy បានរៀបរាប់បែបនេះ។
លោកបានបន្តថា កម្មវិធីគាំទ្ររបស់អាមេរិកចំពោះកម្ពុជាគឺ ផ្តោតសំខាន់លើបញ្ហាគំរាមកំហែងធំៗដូចជា ការរឹបអូសដីធ្លី ការកាប់ព្រៃឈើខុសច្បាប់ រួមទាំងការជួញដូរសត្វព្រៃ និងធនធានធម្មជាតិជាដើម។
បន្ថែមពីនេះ លោកកត់សម្គាល់ដែរថា បញ្ហាប្រែប្រួលអាកាសធាតុក៏កំពុងបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍរបស់កម្ពុជាដែរក្នុងនោះមានការគំរាមកំហែងសន្តិសុខស្បៀង និងធនធានទឹកជាដើម។ ដូច្នេះហើយ ក្នុងនាមជាដៃគូកម្ពុជា ក៏ដូចជាប្រទេសតំបន់មេគង្គក្រោម អាមេរិកមានសហប្រតិបត្តិការល្អដើម្បីការពារធនធានក្នុងតំបន់ ជាពិសេសជំរុញការគ្រប់គ្រង និងប្រើប្រាស់ទន្លេមេគង្គដែលជាសរសៃឈាមនៃបណ្តាប្រទេសទាំងនោះជាពិសេសកម្ពុជាតែម្តង។
មួយវិញទៀត លោក Murphy បានបន្ថែមថា អាមេរិកក៏ប្រឹងប្រែងជួយដល់កម្ពុជាក្នុងការពង្រឹងសមត្ថភាពឆ្លើយតបនឹងហានីភ័យដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិដែរ។ «យើងទាំងអស់គ្នាត្រូវរៀបចំត្រៀមខ្លួនជាស្រេច។ ដូច្នេះហើយយើងមានកម្មវិធីក្រោមគម្រោងទីភ្នាក់ងារអភិវឌ្ឍន៍អាមេរិកនៅទីនេះ ដែលផ្តោតយកចិត្តទុកដាក់លើគ្រោះមហន្តរាយធម្មជាតិ កំណត់សូចនាករ និងអាចព្យាករដឹងមុនថា ពេលណាគ្រោះមហន្តរាយទាំងនោះកើតឡើង ហើយកើតឡើងនៅទីណា ដើម្បីអាចឆ្លើយតបបានឆាប់រហ័ស»។ លោកលើកឡើងបែបនេះ។
អនាគតកម្ពុជាមានភាពវិជ្ជមានដោយសារកត្តាប្រជាជន
ក្នុងបទសម្ភាសន៍ដដែលនោះ ឯកអគ្គរដ្ឋទូតរូបនេះ ប្រមើលឃើញវិជ្ជមានពីអនាគតនៃការអភិវឌ្ឍរបស់កម្ពុជា និងទំនាក់ទំនងទ្វេភាគីផង ដ្បិតថាប្រជាជនកម្ពុជាមានធាតុផ្សំគ្រប់គ្រាន់ និងត្រឹមត្រូវដែលអាចធានាភាពជោគជ័យនៃការលូតលាស់របស់ប្រទេសជាតិ ពេលខាងមុខ។
«ខ្ញុំមានទំនុកចិត្តដោយសារនិន្នាការវិជ្ជមានជាច្រើន ជាពិសេសនោះ ប្រជាជនកម្ពុជាផ្ទាល់។ ប្រជាជនកម្ពុជាមានភាពអត់ធន់ មានភាពច្នៃប្រឌិត និងនវានុវត្តន៍ ហើយ ហើយភាគច្រើនវ័យក្មេងទៀត»។ លោក Murphy បានថ្លែងដូច្នេះ។
លោកបន្តថា៖ «ពួកគេមានធាតុផ្សំល្អហើយដើម្បីធានានាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍក្នុងកម្រិតថ្មីមួយ ពោលគឺ មិនត្រឹមតែជាប្រទេសមានចំណូលមធ្យមកម្រិតទាបទេ តែអាចឈានដល់ប្រទេសចំណូលមធ្យម ឬចំណូលខ្ពស់ថែមទៀតផង»។
លោក ជឿជាក់ថា ភាពវិជ្ជមាននេះនឹងជួយជំរុញដល់ការកសាងមិត្តភាពទ្វេភាគីរវាងប្រទេសទាំងពីរ អាមេរិក និងកម្ពុជាផងនាពេលខាងមុខ។
ខណៈដែលអាមេរិកនឹងបន្តជួយជ្រោមជ្រែងការអភិវឌ្ឍវិស័យជាច្រើននៅកម្ពុជា ឯកអគ្គរដ្ឋទូតអាមេរិករូបនេះបញ្ជាក់ផងដែរថា អាមេរិកក៏ចង់ឃើញការអភិវឌ្ឍបន្ថែមក្នុងវិស័យសិទ្ធិមនុស្ស និប្រជាធិបតេយ្យនៅកម្ពុជាដូចគ្នា។ លោកសង្កត់ធ្ងន់ថា វឌ្ឍនភាពនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលដើរស្របនឹងរដ្ឋធម្មនុញ្ញកម្ពុជា គឺអាចរួមចំណែកលើកស្ទួយវិបុលភាព និងភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងអាមេរិកបាន។
អាមេរិកបន្តពង្រឹងចំណងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន
ទាក់ទិននឹងចំណងមិត្តភាពទ្វេភាគីនេះដែរ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាបានលើកឡើងដែរថា លោករីករាយនឹងភាពរឹងមាំនៃចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនអាមេរិក។ លោកបានកត់សម្គាល់ពីយន្តការដែលលើកស្ទួយទំនាក់ទំនង ក្នុងនោះមានកម្មវិធីស្ម័គ្រចិត្ត, កម្មវិធីអប់រំ និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរជាពិសេសនោះអាហារូបករណ៍ដែលរដ្ឋាភិបាលអាមេរិកផ្តល់ឲ្យសិស្សកម្ពុជាផង។
«យើងមានបញ្ញាវន្តអាមេរិកដែលមកទស្សនកិច្ចសិក្សានៅកម្ពុជា ហើយយើងក៏មានបញ្ញាវន្តកម្ពុជាដែលទៅសិក្សានៅអាមេរិកតាមកម្មវិធីសិក្សាជាច្រើនដែរ។ តាមរយៈកម្មវិធីសិក្សាទាំងនោះ គេអាចកំណត់បានបញ្ញាវន្តកម្ពុជាដែលអាចមានលទ្ធភាពរួមចំណែកអភិវឌ្ឍកម្ពុជាដែរ។ ចំណុចទាំងនោះគឺល្អមែនទែន ហើយខ្ញុំចង់ធ្វើច្រើនជាងនេះទៀតដើម្បីបង្កើនទំនាក់ទំនងរវាងប្រជាជននេះ»។ លោក Murphy បានថ្លែងដូច្នេះ៕
សូមទស្សនាបទសម្ភាសន៍ទាំងស្រុងជាភាសាអង់គ្លេសដូចខាងក្រោម៖