ជាតិ
សាកល្បង​ធ្វើដំណើរ​តាម​«​ជណ្ដើរ​ឈើ​» ឡើង​ប្រាសាទព្រះវិហារ​!
26, Aug 2020 , 11:29 pm        
រូបភាព
​ព្រះវិហារ​៖ មាន​ភ្ញៀវទេសចរ​មិន​ច្រើន​ទេ ដែល​បានធ្វើ​ដំណើរ​ថ្មើរជើង​តាម​«​ជណ្ដើរ​ឈើ​» ដើម្បី​ទៅ​ទស្សនា​ប្រាសាទព្រះវិហារ​។ «​ជណ្ដើរ​ឈើ​»​នេះ មាន​ចំនួន ២២៤២​កាំ និង​មាន​ប្រវែង​ប្រមាណ​១៤៥០​ម៉ែត្រ ត្រូវបាន​សង់​នៅ​អំឡុង​ឆ្នាំ​២០០៩ អម​«​ជណ្ដើរ​បុរាណ​» ស្ថិតនៅ​ផ្នែក​ខាងកើត ភ្ជាប់​ពី​ជើងភ្នំ​ដងរែក​ឡើងទៅ​គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ​។ ភ្ញៀវទេសចរ ត្រូវ​ចំណាយពេល​ជិត​២​ម៉ោង នៅក្នុង​ដំណើរ​តាម​ជណ្ដើរ​នេះ ដើម្បី​ទៅដល់​ប្រាសាទព្រះវិហារ ខណៈ​ជម្រើស​ធ្វើដំណើរ​តាម​រថយន្ត​ចំណាយពេល​តិចជាង​១​ម៉ោង​។ ទោះជា​ត្រូវ​ចំណាយពេល​យូរ និង​ហត់នឿយ​ជាង​ក្តី តែ​ទេសចរ ដែល​ឡើង​តាម​ជណ្តើរ​ជើង នឹង​បាន​រំលាយ​ភាព​នឿយហត់ តាមរយៈ​ដើមឈើ​តូច ធំ ដែល​ដុះ​លម្អ​អម​តាម​ជណ្ដើរ ធម្មជាតិ​ដ៏​ត្រកាល​ពីលើ​ភ្នំ និង​សំឡេង​បក្សាបក្សី​ជាដើម​។​



​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ជណ្ដើរ​ឈើ នា​ប្រាសាទព្រះវិហារ ដែល​ថត​ដោយ លោក សេង សេរី​វុ​ធ អ្នកទេសចរ​ដែល​បាន​ទៅ​កម្សាន្ត​នៅ​ទីនោះ និង​ផ្ដល់​ដោយ​ក្រុម Cambodia Amazing Trip Planner ដូចតទៅ​៖




























​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦-១៨ ខែសីហា កន្លងទៅ​ក្រុម​កម្សាន្ត  Cambodia Amazing Trip Planner បានរៀបចំ​ជំរំ​តង់ «​សួគ៌ា​ប​ព៌​ត​» នា​ជួរ​ភ្នំ​ដងរែក​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ ដែលមាន​អ្នកចូលរួម​ជិត​៥០​នាក់​។ ដំណើរ​កម្សាន្ត​នេះ ធ្វើឡើង​ក្នុង​គោលបំណង លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ចូលរួម​ប្រើប្រាស់​សេវាកម្ម​ក្នុងស្រុក ជាពិសេស​ឱ្យ​ភ្ញៀវទេសចរ ស្គាល់​ពី​សក្ដានុពល​ទេសចរណ៍​ដ៏​អស្ចារ្យ​ក្នុងស្រុក​។ Cambodia Amazing Trip Planner បាន​សហការ​ជាមួយ​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ ក្នុងប្រទេស​កម្ពុជា​៕ 
 

Tag:
 ជណ្ដើរ​
 ​ព្រះវិហារ​
 ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com