ជាតិ
សង្គមជាតិ
មេធាវី​លោក រ៉ុង ឈុន នឹង​ប្តឹងទៅ​តុលាការ​កំពូល​ទៀត ក្រោយ​ឧ​ទ្ធ​រណ៍​ច្រានចោល​សំណើ​នៅក្រៅ​ឃុំ​
26, Aug 2020 , 4:25 pm        
រូបភាព
ក្រុមអ្នកគាំទ្រលោក រ៉ុង ឈុន ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន នៅមុខសាលា​ឧ​ទ្ធរណ៍ថ្ងៃទី២៦ សីហា ឆ្នាំ២០២០៕
ក្រុមអ្នកគាំទ្រលោក រ៉ុង ឈុន ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន នៅមុខសាលា​ឧ​ទ្ធរណ៍ថ្ងៃទី២៦ សីហា ឆ្នាំ២០២០៕
​ភ្នំពេញ​៖ លោក ជួង ជូ​ងី មេធាវី របស់លោក រ៉ុង ឈុន នឹង​រៀបចំ​បណ្ដឹងសាទុក្ខ​ទៅ​តុលាការ​កំពូល​បន្តទៀត បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ឧ​ទ្ធរណ៍​ច្រានចោល​ស្នើសុំ​នៅក្រៅ​ឃុំ​របស់លោក រ៉ុង ឈុន នៅ ថ្ងៃទី​២៦​សីហា​នេះ​។



​មេធាវី​របស់លោក រ៉ុង ឈុន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ឧ​ទ្ធរណ៍​មិន​អនុ​ញ្ញា​ឲ្យ​កូនក្តី​លោក​នៅក្រៅ​ឃុំ​ឡើយ ដោយ​ចាត់ទុកថា «​ការឃុំខ្លួន​នេះ ជា​រឿង​ត្រឹមត្រូវ​»​។ មេធាវី​រូបនេះ អះអាងថា លោក​នឹង​រៀបចំ​បណ្ដឹង​ទៅ​តុលាការ​កំពូល​បន្តទៀត តាម​ការស្នើសុំ​របស់លោក រ៉ុង ឈុន​។ 
« គាត់​(​លោក រ៉ុង ឈុន​) ប្រាប់​ខ្ញុំ​ជា​សហ​មេធាវី ថា​គាត់​ត្រូវ​តវ៉ា​ទៅ​កំពូល​ទៀត​។ អ៊ឹ​ចឹ​ង ខ្ញុំ​នឹង​រៀបចំ​បណ្ដឹង​​ទៅ​តុលាការ​កំពូល​បន្តទៀត​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក ជួង ជូ​ងី​។ 
 
​ចំណែក​នៅខាងមុខ​សាលា​ឧ​ទ្ធរណ៍​វិញ ក្រុម​អ្នកគាំទ្រ​លោក រ៉ុង ឈុន ប្រមាណ​៤០​នាក់ ក៏បាន​បន្ត​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន រួមទាំង​មនុស្ស​៣​រូប​ទៀត ដែលជា​អ្នកគាំទ្រ​លោក រ៉ុង ឈុន ផងដែរ​។ លោក អែម ប៊ុណា​រិ​ទ្ធ សហការី​របស់ លោក រ៉ុង ឈុន ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្រុម​របស់ខ្លួន​មិន​បញ្ឈប់​ការទាមទារ​ឡើយ ប្រសិន​គ្មាន​ការទម្លាក់​បទ​ចោទ​ពី​លោក រ៉ុង ឈុន​។ 
 
​លោក ថ្លែងថា​៖ «​ក្នុងនាម​ជា​អ្នកតស៊ូ​មតិ​ក្នុងប្រទេស​ប្រជាធិបតេយ្យ បើកាលណា​ដែល​ឃើញ​មាន​ចន្លោះប្រហោង​នៃ​ការអនុវត្ត​ច្បាប់ ឬ​ខាតបង់​ប្រយោជន៍​ដល់​ជាតិ យើង​នៅតែ​ធ្វើការ​ទាមទារ​។ យើង​មាន​គម្រោង​ច្បាស់លាស់​អស់ហើយ ដោយ​មិន​បញ្ឈប់​ត្រឹមហ្នឹង​ទេ​។ បើ​តុលាការ​លោក​ទម្លាក់​បទ​ចោទ​ចោល​ក្នុងថ្ងៃនេះ បានន័យថា​វាច​ប់ តែបើ​អត់​ទេ យើង​បន្តទៀត​»​។ 
​ចំណែក អ្នកស្រី សុខ បូ​លី​ម៉ា ជា​ក្រុម​អ្នក​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ងើប​តស៊ូ​មតិ លើ​បញ្ហា​សង្គម​នេះ ។ 
 
​អ្នកស្រី សុខ បូ​លី​ម៉ា ដែល​អះអាងថា​ខ្លួន​កំពុងស្ថិត​នៅក្រោម​ការឃ្លាំមើល​ពី​សំណាក់​អាជ្ញាធរ​ដែរនោះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​៖ «​សូម​ពលរដ្ឋ​ទាំង​ជាង​១៦​លាន​នាក់ ក្រោក​តស៊ូ​ទាំងអស់គ្នា ប្រើ​សិទ្ធិ​របស់​យើង  ដើម្បី​ឲ្យ​អន្តរជាតិ មើលឃើញថា ពលរដ្ឋ​កំពុង​រងគ្រោះ​មែនទែន​...​។ រាល់ថ្ងៃ​ពួក​ខ្ញុំ​ដើរ​ភ្នែក​ដូច​ចោរ ឃ្លាំមើល​ខ្ញុំ​២៤​ម៉ោង​លើ​២៤​ម៉ោង សូម​អង្គការ​ជាតិ អង្គការ​សង្គម​ស៊ីវិល ជួយ​ពួក​ខ្ញុំ​ជាបន្ទាន់ ខ្ញុំ​ជា​ស្ដ្រី​អហិង្សា​ទេ ខ្ញុំ​សូម​ឲ្យ​ដោះលែង​អ្នកនយោបាយ​ទាំងអស់ ដោយ​ឥត​លក្ខខណ្ឌ​»​។​
 
​លោក រ៉ុង ឈុន ដែលជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជា​មេ​សហជីព និង ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា  ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន កាលពី​ថ្ងៃទី​៣០ កក្កដា ដោយសារ​ការបកស្រាយ​ពាក់ព័ន្ធ​នឹង​ករណី​ព្រំដែន​។ ក្រៅពី​ការចាប់ខ្លួន​លោក រ៉ុង ឈុន សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​អ្នកបកស្រាយ​រឿង​ព្រំដែន​ផ្សេងទៀត​ដែរ ដោយ​ក្នុងនោះ មាន​លោក សួង សោ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ និង​ជា​អតីត​សកម្មជន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី ១៤ ។​បច្ចុប្បន្ន​អ្នក​ទាំងពីរ​នាក់​នេះ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​៕

Tag:
 រ៉ុង ឈុន​
© រក្សាសិទ្ធិដោយ thmeythmey.com