សង្គមអន្តរជាតិ
អន្តរជាតិ
វៀតណាម តវ៉ាសមយុទ្ធយោធារបស់ចិននៅក្បែរប្រជុំកោះ Paracel កោះ Woody ដែលជាផ្នែកមួយនៃប្រជុំកោះParacel។ រូបភាព៖ CSIS
× ក្រសួងការបរទេសវៀតណាម នៅថ្ងៃទី២៦ ខែសីហា បានស្នើឲ្យចិនលុបចោលសមយុទ្ធយោធានៅក្បែរប្រជុំកោះ Paracel ដែលវៀតណាមឲ្យឈ្មោះថា Hoang Sa ។ ចិន បានធ្វើសមយុទ្ធយោធានៅក្បែរប្រជុំកោះនេះចាប់ពីថ្ងៃទី២៤ ខែសីហាមក និងគ្រោងបញ្ចប់នៅថ្ងៃទី២៩ខែសីហា។
សមយុទ្ធយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង គឺបានប្រព្រឹត្តឡើងហើយនៅក្បែរប្រជុំកោះParacel ប៉ុន្តែវៀតណាម ដែលជាភាគីមួយទាមទារប្រជុំកោះស្ថិតនៅក្នុងសមុទ្រចិនខាងត្បូងនេះ មិនសុខចិត្តឡើយ និងទាមទារឲ្យចិនលុបចោលសមយុទ្ធយោធា។ បើតាមការអះអាងរបស់ទីក្រុងហាណូយ សមយុទ្ធយោធារបស់ចិន បានបំពានដែនអធិបតេយ្យរបស់វៀតណាម។
តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម Vietnam Express អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា ការធ្វើសមយុទ្ធយោធានៅក្នុងតំបន់ប្រជុំកោះ Paracel គឺជាការបំពានស្មារតីនៃសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនៅក្នុងសមុទ្រចិនខាងត្បូង (DOC) និងមិនគោរពតាមការចរចា ដែលពាក់ព័ន្ធនឹងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ក៏ដូចជាការរក្សាសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការនៅក្នុងតំបន់។
ដោយមើលឃើញថា សមយុទ្ធយោធាចិនជាការបំពានអធិបតេយ្យរបស់ខ្លួន វៀតណាម បានស្នើឲ្យចិន លុបចោលសមយុទ្ធយោធា និងមិនត្រូវឲ្យកើតមានការបំពានស្រដៀងនេះទៀតទេ។ វៀតណាម បានចាត់ទុកសមយុទ្ធរបស់ចិន គឺខុសច្បាប់។ កន្លងទៅវៀតណាម បានដាក់ការតវ៉ាជាមួយចិនម្តងហើយ ជុំវិញសមយុទ្ធយោធា នៅក្បែរប្រជុំកោះ Spratly កាលពីដើមខែសីហាកន្លងទៅ។
សូមបញ្ជាក់ថា វៀតណាម បានហៅសមុទ្រចិនខាងត្បូងថា សមុទ្រខាងកើត។ នៅក្នុងឆ្នាំ១៩៧៤ ចិន បានដណ្តើមកាន់កាប់ប្រជុំកោះParacel ពីវៀតណាម តាមរយៈការប្រើប្រាស់កម្លាំងយោធា។ តាមការចុះផ្សាយរបស់សារព័ត៌មាន BBC កងទ័ពវៀតណាម យ៉ាងហោចណាស់ ៧០នាក់ បានបាត់បង់ជីវិត ក្នុងការប៉ះទង្គិចគ្នានេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com