COVID-19
អន្តរជាតិ
ស្ត្រី​អូស្ត្រាលី​ម្នាក់ ត្រូវដាក់​ទោស​ឲ្យ​ជាប់គុក​៦​ខែ ក្រោយ​ល្មើសច្បាប់​ច​ត្តា​ឡី​ស័ក
26, Aug 2020 , 4:52 pm        
រូបភាព
នាង Asher Faye Vander Sanden អាយុ២៨ឆ្នាំ (សារព័ត៌មានabc.net.au)
នាង Asher Faye Vander Sanden អាយុ២៨ឆ្នាំ (សារព័ត៌មានabc.net.au)
ដោយ:
​ស្ត្រី​អាយុ​២៨​ឆ្នាំ នៅ​ថ្ងៃទី​២៥ ខែសីហា ត្រូវបាន​ដាក់ទោស​ឲ្យ​ជាប់គុក​រហូតដល់​៦​ខែ​ក្នុងប្រទេស​អូស្ត្រាលី  ក្រោយ​បំពាន​ច្បាប់​ច​ត្តា​ឡី​ស័ក COVID-19 ។ ស្ត្រី​រូបនេះ​ជា​មនុស្ស​ទី​៤​ហើយ​ក្នុងប្រទេស​អូស្ត្រាលី​ដែល​ត្រូវ​ជាប់គុក​ដោយសារ​ការ​បំពាន​នេះ​។​

 
​ស្ត្រី​ឈ្មោះ Asher Faye Vander Sanden បាន​ចំណាយពេល​មួយខែ​ក្នុង​រដ្ឋ Victoria ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19 ។ នាង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​តាម​យន្តហោះ​មកកាន់​ផ្ទះ​របស់​នាង​វិញ ក្នុង​រដ្ឋ Perth ភាគ​ខាងលិច​នៃ​ប្រទេស​អូស្ត្រាលី ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​សណ្ឋាគារ​១៤​ថ្ងៃ ដោយ​ចាយលុយ​ខ្លួនឯង​។ 
 
​ក៏ប៉ុន្តែ នាង​បែរជា​បានធ្វើ​ដំណើរ​ស្ងាត់ៗ​ដោយ​លាក់ខ្លួន​ក្នុង​រថយន្ត​ធុន​ធំ​មួយ ហើយ​នាង​បាន​ទៅ​ស្នាក់​នៅផ្ទះ​របស់​ឪពុកម្ដាយ​នាង​។ ក្រោយមក នាង​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅក្នុង​ផ្ទះ​នេះ​។  នៅ​រដ្ឋ​ភាគ​ខាងលិច​នៃ​ប្រទេស​អូស្ត្រាលី មនុស្ស​ដែល​ត្រូវបាន​រកឃើញថា បំពាន​ច្បាប់​ច​ត្តា​ឡី​ស័ក ប្រឈម​ជាប់គុក​រហូតដល់​១២​ខែ ឬ​បង់ពិន័យ​ជា​លុយ​រហូតដល់​៥​ម៉ឺន​ដុល្លារ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC នៅ​ថ្ងៃទី​២៦ ខែសីហា មេធាវី​របស់​នាង Vander Sanden លោក John Hammond បាន​អះអាងថា កូនក្តី​លោក​បានធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ Victoria ដើម្បី​មើលថែ​ប្អូនស្រី​នាង​ដែល​មិន​ស្រួលខ្លួន តែ​បានសម្រេច​ត្រលប់​មកវិញ ព្រោះ​នាង​មិនអាច​ជួយ​អ្វី​បាន​ច្រើន​។ មេធាវី​រូបនេះ​បន្តទៀតថា នាង Sanden បានធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​ក្នុងផ្ទះ​របស់​ឪពុកម្ដាយ​នាង ហើយ​ពុំមាន​ប៉ះពាល់​ជាមួយ​នរណា​ផ្សេង​ឡើយ​។  
​រដ្ឋ​មួយចំនួន​របស់​អូស្ត្រាលី បាន​អនុវត្ត​វិធានការ​រឹតត្បិត​តឹងរ៉ឹង​លើ​ការឆ្លង​ព្រំដែន​រវាង​រដ្ឋ​និង​រដ្ឋ  ក្រោយ​ករណី COVID-19 បាន​ស្ទុះ​ឡើងជា​ថ្មី​។ តែ​ក៏មាន​ករណី​លើកលែង​ដូច​ករណី​នាង Vander Sanden ។ ច្បាប់​តឹងរ៉ឹង​ទាំងនេះ បាន​បង្ខំ​ឲ្យ​ប្រជាជន​អូស្ត្រាលី​រាប់ពាន់នាក់​ជាប់គាំង ខណៈ​អ្នកខ្លះ​មិនអាច​សូម្បីតែ​ចូលរួម​ពិធី​បុណ្យសព​មនុស្ស​ដែល​ពួកគេ​ស្រលាញ់​។ 
 
​មកទល់​បច្ចុប្បន្ន យ៉ាងហោចណាស់​មនុស្ស​៣​នាក់​ផ្សេងទៀត ត្រូវបាន​ដាក់ទោស​ឲ្យ​ជាប់គុក​សម្រាប់​ការ​ល្មើសច្បាប់​ច​ត្តា​ឡី​ស័ក​។ តួយ៉ាង ក្នុង​ខែមេសា​កន្លងទៅ បុរស​អូស្ត្រាលី​ឈ្មោះ Jonathan David ត្រូវបាន​ដាក់ទោស​ឲ្យ​ជាប់គុក​៦​ខែ និង​២​សប្តាហ៍ ក្រោយ​ចាក​ចេញពី​សណ្ឋាគារ​ដែល​ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ទៅកាន់​ផ្ទះ​មិត្តស្រី​ខ្លួន​៕ 

Tag:
 អូស្ត្រាលី​
  COVID-19
  ច​ត្តា​ឡី​ស័ក
© រក្សាសិទ្ធិដោយ thmeythmey.com