ជាតិ
សង្គមជាតិ
​ដំណើរការ​សាលា​ឡើងវិញ ប៉ុន្តែ​បន្ត​រៀន​អន​ឡាញ​៣​ថ្ងៃ និង​ការគោរព​លក្ខខណ្ឌ​ផ្សេងៗ​
27, Aug 2020 , 9:29 am        
រូបភាព
សិស្សានុសិស្ស​កំពុងសិក្សានៅក្នុង​ថ្នាក់រៀនកាលមិន​ទាន់​មាន​ការរាតត្បាត​នូវជំងឺកូវីដ-១៩
សិស្សានុសិស្ស​កំពុងសិក្សានៅក្នុង​ថ្នាក់រៀនកាលមិន​ទាន់​មាន​ការរាតត្បាត​នូវជំងឺកូវីដ-១៩
ដោយ:
​ភ្នំពេញ​៖ សិស្សសាលា​ម​តេ្ត​យ្យ​ដល់​សិស្សសាលា​មធ្យមសិក្សា​នឹង​ចូលរៀន​នៅតាម​ថ្នាក់រៀន​វិញ​ចាប់ពី​ថ្ងៃទី​៧ ខែកញ្ញា រហូតដល់​ខែធ្នូ ដោយ​ក្នុង​មួយ​ថ្នាក់​មាន​សិស្ស​តែ​១៥ ទៅ​២០​នាក់​។ ពួកគេ​អាច​សិក្សា​ជាមួយ​គ្រូ​ផ្ទាល់​ក្នុង​ថ្នាក់​បានតែ​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ចំណែក​៣​ថ្ងៃ​ទៀត​ពួកគេ​ត្រូវ​រៀន​តាម​អន​ឡាញ​។ នេះ​បើតាម​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ 

 
​ក្រសួង​អប់រំ​បាន​បញ្ជាក់ថា សិស្ស​នៅ​ថ្នាក់​មេ​ត្ត​យ្យ​រហូតដល់​ថ្នាក់​ទី​១១ អាច​ទៅ​រៀន​ជាមួយ​គ្រូ​មួយ​សប្តាហ៍​បានតែ ២​ទៅ​៣​ថ្ងៃ ចំណែក​៣​ថ្ងៃ​ទៀត​រៀន​តាម​អន​ឡាញ​ដោយមាន​គ្រូ​បន្ទុក​ថ្នាក់​រៀបចំ​មេរៀន​។ សម្រាប់​សិស្ស​ម​ត្តេ​យ្យ ក្រសួង​ណែនាំ​ឲ្យ​អាណាព្យាបាល​សិស្ស​យក​មេរៀន​ពី​គ្រូ ដើម្បី​បន្ត​បង្រៀន​កូន​តាម​ផ្ទះ​ទៀត​។ សា​លាម​ត្តេ​យ្យ​នីមួយៗ​ត្រូវ​តាមដាន​សកម្មភាព​សិស្ស ដោយ​មិន​ឲ្យ​ឆ្លងកាត់​ពី​ថ្នាក់​មួយ​ទៅ​ថ្នាក់​មួយទៀត​ឡើយ​។ 
 
​ចំពោះ​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ ត្រូវ​រៀន​ពេញ​មួយ​សប្តាហ៍​រហូតដល់​ចុងខែ​វិច្ឆិកា ដើម្បី​ត្រៀមប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប​នៅ​ខែធ្នូ​។ សិស្ស​ទាំងអស់​បែងចែក​កាលវិភាគ​រៀន​គ្នា​។  មុននឹង​សាលា​ទទួល​សិស្ស​ឲ្យ​ចូលរៀន​វិញ​នៅ​ថ្ងៃទី​៧ ខែកញ្ញា គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវ​រៀបចំ​បន្ទប់រៀន​ឲ្យ​បាន​គ្រប់គ្រាន់ បោសសម្អាត​បន្ទប់រៀន និង​បរិវេណ​សាលា​ទៅតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។ 
 
​សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១ សិស្សានុសិស្ស​អាច​ចូលរៀន​ចាប់ពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ដោយ​ខែ​ចូលរៀន​ដំបូង​សិស្សានុសិស្ស​ត្រូវ​រំលឹក​មេរៀន​ដែល​រៀន​នៅ​ឆ្នាំ​២០១៩-២០២០​ឡើងវិញ​។ នេះ​បើតាម​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​៕ 
 
 

Tag:
 សិស្ស​
 ​អន​ឡាញ​
 ​ថ្នាក់រៀន
© រក្សាសិទ្ធិដោយ thmeythmey.com