អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន៖ វាលឿនពេកក្នុងជជែកពីរជ្ជកាលក្រោយលោក អាបេ
26, Aug 2020 , 5:40 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ។ រូបភាព​ Xinhua
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ។ រូបភាព​ Xinhua
អ្នកនាំពាក្យកំពូលរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៦ ខែសីហា និយាយថា វាជារឿងឆាប់ពេកហើយក្នុងការជជែកពីសម័យកាលបន្ទាប់ពីនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ នោះ។ ក្ដីបារម្ភពាក់ព័ន្ធសមត្ថភាពដឹកនាំរបស់លោក អាបេ បានលេចឡើងក្រោយលោក អាបេ ចូលមន្ទីរពេទ្យពីរដងក្នុងរយៈពេលពីសប្ដាហ៍ចុងក្រោយ។ នរណាជានាយករដ្ឋមន្ត្រីថ្មី, ស្ថានភាពជប៉ុនទៅជាយ៉ាងបើលោក អាបេ ចាកចេញ បានក្លាយជាប្រធានបទនៃការជជែកគ្នានៅប្រទេសមហាអំណាចទីបីរបស់ពិភពលោក។



«វាជារឿងមុនការកំណត់ដើម្បីនិយាយពីសម័យក្រោយលោក អាបេ ទាំងលោកមានពេលជាងមួយឆ្នាំទៀតក្នុងអាណត្តិរបស់លោក។» លោក Yoshihide Suga ប្រធានលេខាធិការគណៈរដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន និយាយបែបនេះក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៦ ខែសីហា។ អាណត្តិជានាយករដ្ឋមន្រ្តីរបស់លោក ស៊ិនហ្សូ អាបេ នឹងចប់នៅខែកញ្ញា ឆ្នាំ២០២១ ឯណោះ។

អត្ថបទទាក់ទង


ការចូលមន្ទីរពេទ្យពីរលើកក្នុងរយៈពេលពីរសប្ដាហ៍មកនេះ ធ្វើឲ្យមានការរង្គោះរង្គើក្នុងនយោបាយជប៉ុន ហើយបើកឲ្យមានការជជែកពីបេក្ខជនដែលត្រូវស្នងតំណែងពីលោក អាបេ ទៅទៀត។ រដ្ឋាភិបាលជប៉ុនអះអាងថា លោក អាបេ គ្រាន់តែទទួលការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំប៉ុណ្ណោះ មិនមែនជាការចូលសម្រាកបន្ទាន់អ្វីឡើយ។ ប្រភពរដ្ឋាភិបាលជប៉ុនក៏ពន្លយដែរថា លោកនាយករដ្ឋមន្រ្តីអាចធ្វើសន្និសីទបញ្ជាក់ពីសុខភាពនៅថ្ងៃទី២៨ ខែសីហាងខាងមុខ។

យ៉ាងណាមិញ មន្រ្តីជប៉ុន ក៏បានចេញមុខអះអាងពីសុខភាពប្រសើរឡើងរបស់លោក អាបេ ផងដែរ។ លោក Akari Amari សម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក អាបេ ក្នុងបក្សប្រជាធិបតេយ្យសេរី បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែសីហា ថា លោក អាបេ មានសុខភាពល្អប្រសើរជាងពាក់កណ្ដាលខែសីហា ហើយទំនងជាបន្តដឹកនាំរដ្ឋាភិបាលដល់ចប់អាណត្តិ។ ចំណែកលោក Yasutoshi Nishimura រដ្ឋមន្រ្តីសេដ្ឋកិច្ច ក៏អះអាងថា លោក អាបេ ប្រសើរច្រើនហើយ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៧ ពេលកំពុងកាន់តំណែងនាយករដ្ឋមន្ត្រីលើកទីមួយ លោក អាបេ ក៏បានលាលែងពីតំណែងដោយសារជំងឺដំបៅក្រពះ ដែលកាលនោះមិនទាន់មានថ្នាំព្យាបាលនៅឡើយ។ យ៉ាងណាមិញ គេមិនទាន់ពីស្ថានភាពសុខភាពរបស់លោកនៅពេលនេះឡើយ។

ក្នុងករណី លោក អាបេ លាលែង ឬមិនអាចដឹកនាំរដ្ឋាភិបាលបាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ តារ៉ូ អាសូ នឹងបន្តដឹកនាំរដ្ឋាភិបាលសិន។ អំឡុងពេលនេះ បក្សកាន់អំណាចនឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ដែលមេដឹកនាំថ្មីនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីត្រូវបានតែងតាំងដោយសភា។ លោក អាសូ និងលោក Suga សុទ្ធតែត្រូវបានមើលឃើញថា ជាបេក្ខជនដែលអាចស្នងតំណែងពីលោក អាបេ ៕




© រក្សាសិទ្ធិដោយ thmeythmey.com