ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ហេតុអ្វី​ចាំបាច់​គួរ​ទទួល​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហ​លាយ​រមៀត​?
27, Aug 2020 , 8:59 pm        
រូបភាព
​តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​សុខភាព​រាងកាយ​នៅពេល​អ្នក​ទទួលទាន​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ​លាយ​រមៀត​? ប្រសិនបើ​អ្នក​រួមបញ្ចូល​គ្នា​រវាង​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ​ជាមួយ​រមៀត​នោះ​អ្នកនឹង​ទទួលទាន​ភេសជ្ជៈ​ដ៏​ពិសេស​មួយ​ដែល​អាច​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ប្រសើរ​ចំពោះ​សុខភាព​។ ក្រូចឆ្មារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C វីតាមីន B ជាតិ​ដែក កាល់ស្យូម ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម អង់ស៊ីម និង​ជាតិ​ស​សៃ​ចាំបាច់​។ ដើម្បី​កាន់តែ​ប្រសើរ​អ្នក​អាច​បន្ថែម​ម្ស៉ៅ​រមៀត​ចូលក្នុង​ទឹកក្រូច​ឆ្មារ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ភេសជ្ជៈ​នេះ​ចំពោះ​រាងកាយ រួមជាមួយ​របៀប​ធ្វើ ៖

 
១. សម្រាល​អា​ការៈឈឺចាប់​និង​ហើម​សន្លាក់​
 
​ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ​លាយ​ម្សៅ​រមៀត ១ ពែង​រាល់​ព្រឹក​អាចជួយ​ដោះស្រាយ​បញ្ហា​ឈឺ​ហើម​សន្លាក់​បាន​យ៉ាង​ប្រសើរ​។ នេះ​ក៏​ព្រោះតែ​រមៀត​មាន​ផ្ទុក​នូវ​សារធាតុ curcumin  ដែល​មិន​ត្រឹមតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់បន្ថយ​ការឈឺចាប់​និង​ការ​ហើម​ផងដែរ​។​
 
២. បង្កើន​ការរំលាយ​អាហារ​
 
​ការទទួល​ទាន​រមៀត ឬ​ម្សៅ​រមៀត​ជាប្រចាំ​អាចជួយ​ទប់ស្កាត់​ការ​រលាក​នៃ​បំពង់​រំលាយ​អាហារ ក៏ដូចជា​កាត់បន្ថយ​អាកា​រៈ​ហើម និង​ឡើង​ជាតិ​ហ្គាស​ផងដែរ​។ រីឯ​ទឹកក្រូច​ឆ្មារ​វិញ​មាន​ប្រសិទ្ធិភាព​កម្ចាត់​រាល់​ជាតិពុល​ផ្សេងៗ​ពី​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។​
 
៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
 
​រមៀត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ curcumin ដែល​ជួយ​ការពារ​កោសិកា​សុខ​ភាពល្អ​មិនឱ្យ​ក្លាយទៅជា​កោសិកា​មហារីក​។ Curcumin មិន​ត្រឹមតែ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក និង​ទប់ស្កាត់​ជំងឺមហារីក​ផងដែរ​។​
 
៤. ល្អ​សម្រាប់​សុខភាព​ស្បែក​
 
​រមៀត គឺ​ប្រសើរ​ណាស់​សម្រាប់​ស្បែក មិន​ថា​អ្នកប្រើប្រាស់​វា​ដោយផ្ទាល់​លើ​ស្បែក ឬ​ទទួលទាន​ក៏ដោយ​។ វា​ជួយ​សម្អាត ព្រមទាំង​រក្សា​ជាតិ​សំណើម ក៏ដូចជា​ផ្ដល់​សារធាតុចិញ្ចឹម​ដល់​ស្បែក​បាន​យ៉ាង​ប្រសើរ​។ រីឯ​ក្រូចឆ្មារ​វិញ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​រក្សា​សុខភាព​ស្បែក​ល្អប្រសើរ និង​ថែមទាំង​ធ្វើ​ឲ្យ​មើលទៅ​ក្មេង​ជាង​វ័យ​ផងដែរ​។ វីតាមីន C ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ជួយ​កម្ចាត់​នូវ​រ៉ាឌីកាល់​សេរី​។ លើសពីនេះទៅទៀត វីតាមីន C ក៏​ចាំបាច់​សម្រាប់​ការផលិត​កូ​ឡា​ជែ​ន​។​
 
៥. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​សារធាតុ Curcumin ក្នុង​រមៀត​មាន​ប្រសិទ្ធិភាព​កាត់បន្ថយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែល​នឹង​ជួយ​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​បេះដូង​ផ្សេងៗ​។​
 
៦. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​ការទទួល​ទាន រមៀត គឺ​ប្រសើរ​ណាស់​សម្រាប់​អ្នក​ដែល​ចង់​ស្រក​ទម្ងន់​។ វា​ជួយ​កម្ចាត់​ជាតិពុល​ចេញពី​ថ្លើម និង​តម្រងនោម ហើយ​ជម្រុញ​ការ​ស្រូបយក​នូវ​សារធាតុចិញ្ចឹម​ក្នុង​បំពង់​រំលាយ​អាហារ រួមទាំង​គ្រប់គ្រង​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ផងដែរ​។​
 
៧. បន្សាប​ជាតិពុល​ក្នុង​រាងកាយ​
 
​ថ្លើម​មាន​មុខងារ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ​។ ហើយ​អាស៊ីត​ស៊ី​ទ្រិ​ក​ក្នុង​ទឹកក្រូច​ឆ្មារ​ជួយ​រាងកាយ​ឱ្យ​រក្សាបាន​នូវ​កម្រិត pH ត្រឹមត្រូវ​សម្រាប់​សុខភាព​ល្អ ហើយ​ក្រូចឆ្មារ​ក៏​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម​បែប​ធម្មជាតិ​ដែល​នឹង​ជួយ​រាងកាយ​បញ្ចេញ​ជាតិពុល​ទៅ​ក្រៅ​តាមរយៈ​ទឹកនោម​ផងដែរ​។ រមៀត​វិញ​ជួយ​ជម្រុញ​ឱ្យ​ថ្លើម​ផលិត​អង់ស៊ីម​កាន់តែច្រើន​ដើម្បី​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​កម្ចាត់​កាកសំណល់ និង​ជាតិពុល​ចេញពី​រាងកាយ​។​
 
៨. បង្កើន​សមត្ថភាព​ថ្លើម​
 
​រមៀត​និង​ក្រូចឆ្មារ​ជួយ​ជម្រុញ​ថ្លើម​ឱ្យ​ផលិត​អង់ស៊ីម​កាន់តែច្រើន​។ វា​ជួយ​ឱ្យ​ថ្លើម​កាន់​តែមាន​ប្រសិទ្ធិភាព​ក្នុងការ​កម្ចាត់​រាល់​ជាតិពុល​។​
 
៩. ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​
 
​ក្រៅពី​វីតាមីន C ហើយ​នោះ​ក្រូចឆ្មារ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម​ផងដែរ​។ ប៉ូ​តា​ស្យូ​ម​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ បង្កើន​ថាមពល និង​កាត់បន្ថយ​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​។ 
 
១០. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​ក្រូចឆ្មារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​បាន​យ៉ាង​ប្រសើរ​។ វីតាមីន C ក៏មាន​ប្រសិទ្ធិភាព​ទប់ស្កាត់ និង​កម្ចាត់​រ៉ាឌីកាល់​សេរី​មិនឱ្យ​បំផ្លាញ​កោសិកា​បង្ក​ជា​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ផ្សេងៗ​។ រីឯ​រមៀត​វិញ​មាន​ផ្ទុក​សារធាតុ lipopolysaccharides ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​គួរឱ្យកត់សម្គាល់​។​
 
​របៀប​ធ្វើ​ទឹកក្រូច​ឆ្មា​រលាយ​រមៀត​
​គ្រឿងផ្សំ ៖ ក្រូចឆ្មារ​ស្រស់ ចំនួន​ម្ខាង ម្សៅ​រមៀត ចំនួន​កន្លះ​ស្លាបព្រា​កាហ្វេ និង​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
​របៀប​ធ្វើ ៖ ជាដំបូង​ច្របាច់​ក្រូចឆ្មារ​ចូលក្នុង​កែវ​មួយ បន្ទាប់មក​បន្ថែម​ម្សៅ​រមៀត រួច​សឹម​ចាក់ទឹក​ក្ដៅ​ឧណ្ហ​ចូល​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​។ ហើយ​ដើម្បី​បង្កើន​រសជាតិ​អ្នក​អាច​បន្ថែម​ទឹកឃ្មុំ​បន្តិច​បាន ៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com