ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! បញ្ហា​សក់​ជ្រុះ​ខ្លាំង​មែន​ទេ​? កុំ​រំលង​រូបមន្ត​ងាយៗ​ទាំងនេះ​
28, Aug 2020 , 6:59 am        
រូបភាព
​នរណា​ក៏​ធ្លាប់​ជួបប្រទះ​នូវ​បញ្ហា​សក់​ផ្សេងៗ​ដែរ ជាពិសេស​នោះ គឺ​បញ្ហា​សក់​ជ្រុះ បើទោះជា​ខំ​ប្រើប្រាស់​ផលិតផល​ថែរក្សា​ការពារ​យ៉ាងណាក៏ដោយ​។ មកទល់នឹង​ពេលបច្ចុប្បន្ន​ផលិតផល​ថែរ​រក្សា​សក់​ព្យាបាល​សក់​ជ្រុះ​ស្ដើង​មាន​មិន​ខ្វះ​ឡើយ តែ​វា​មានតម្លៃ​ថ្លៃ ហើយ​មួយចំនួន​មាន​ផ្ទុក​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​។ ប៉ុន្តែ​កុំ​បារម្ភ​! ក៏​ព្រោះ​អ្នក​អាច​ទប់ស្កាត់​បញ្ហា​សក់​ជ្រុះ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh​នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​ទាំងនោះ ៖

 
១. ម្សៅ​ឈើអែម ប្រេង​អូ​លីវ និង​ទឹកឃ្មុំ​
 
​ជាដំបូង​អ្នក​ត្រូវ​លាយ​គ្រឿងផ្សំ​ទាំងបី​ក្នុង​បរិមាណ​ស្មើគ្នា​ចូលគ្នា​ឱ្យ​សព្វ​។ ដុស​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែកក្បាល​ថ្នមៗ​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ៥ នាទី​។ ទុកចោល​សម្រាប់​រយៈពេល​យ៉ាងហោចណាស់​ពី ៣ ទៅ ៤ ម៉ោង​ដើម្បីឱ្យ​ស្បែកក្បាល​បាន​ស្រូបយក​សារធាតុចិញ្ចឹម​ពី​ល្បាយ​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​និង​កក់​សាប៊ូ​កម្រិត​ស្រាល​។ អនុវត្ត​សារ​ឡើងវិញ​ឱ្យបាន​យ៉ាងហោចណាស់​ពី ៣ ទៅ ៤ ដង​ក្នុង​មួយ​សប្តាហ៍​សម្រាប់​កំឡុងពេល ៣ ខែ​ដើម្បី​ទប់ស្កាត់​សក់​ជ្រុះ​។ រូបមន្ត​ធម្មជាតិ​នេះ​ក៏​ជួយ​បង្កើន​ការលូតលាស់​នៃ​សក់​និង​ធ្វើឱ្យ​សក់​រឹងមាំ​ផងដែរ​។​
 
២. ផ្លែ​បឺ​រ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​លាយ​ផ្លែ​បឺ​រ​ទុំ ១ ផ្លែ​ជាមួយ​ប្រេង​អូ​លីវ ២ ស្លាបព្រា​បាយ និង​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ ឱ្យ​សព្វ​ចូលគ្នា​។ លាប​ល្បាយ​ឱ្យ​ពេញ​សក់ និង​ទុកចោល​សម្រាប់​រយៈពេល ២០ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ និង​កក់​សម្អាត​សក់​ដូច​ពេល​ធម្មតា​។ អនុវត្ត​សារ​ឡើងវិញ ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៣. ផ្លែ​ចេក​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ ជាមួយ​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ ចេកទុំ ២ ផ្លែ​ដែល​កិន​ម៉ដ្ឋ និង​ប្រេងដូង ១ ស្លាបព្រា​បាយ ចូលគ្នា​ឱ្យ​សព្វ​។ លាប​ម៉ាស្សា​ល្បាយ​ឱ្យ​ពេញ​លើ​ស្បែកក្បាល​និង​សក់​។ ទុកចោល​សម្រាប់​រយៈពេល ៥ នាទី សឹម​លាង​សម្អាត​ចេញ​តាម​ក្រោយ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៤. ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​និង​តែ​បៃតង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​តែ​បៃតង ២ ស្លាបព្រា​បាយ​ជាមួយ​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត ១ គ្រាប់​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បា​ល​លើ​ស្បែកក្បាល​និង​សក់​។ ទុកចោល​សម្រាប់​រយៈពេល ១ ម៉ោង សឹម​កក់​លាង​សម្អាត​ចេញ​តាម​ក្រោយ​ជាមួយ​សាប៊ូ​កម្រិត​ស្រាល​។ អនុវត្ត​ឱ្យបាន ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៥. ទឹក​ដំឡូងបារាំង​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​ពូត​យក​ទឹក​ដំឡូងបារាំង​ស្រស់ ១ ផ្លែ រួច​លាយ​ជាមួយ​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ និង​ជែ​ល​ប្រទាល​កន្ទុយក្រពើ ២ ស្លាបព្រា​បាយ​។ លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែកក្បាល​និង​សក់ រួច​លាង​សម្អាត​ចេញ​រយៈពេល ២ ម៉ោង​ក្រោយ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ឱ្យបាន ៣ ដង​ក្នុង​មួយ​សប្តាហ៍​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com