អត្ថបទពាណិជ្ជកម្ម
ដាប់ប៊ែលយូប៊ី ហ្វាយនែន ដំឡើងឆ័ត្រធំៗសម្រាប់អ្នកដំណើរក្នុងរាជធានីភ្នំពេញ
× ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ - ដាប់ប៊ែលយូប៊ី ហ្វាយនែន បានដំឡើងឆ័ត្រធំៗនៅតាមភ្លើងស្តុប និងតាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកអភិវឌ្ឍសហគមន៍ និងជួយសម្រួលដល់អ្នកធ្វើដំណើរទៅមក។ ឆ័ត្រធំនេះមានទំហំ ៣ ម៉ែត្រ ធ្វើឡើង យ៉ាងរឹងមាំ ដែលអាចផ្តល់ជាម្លប់នារដូវក្តៅ និងជារបាំងទឹកភ្លៀងនារដូវវស្សា។ អ្នកធ្វើដំណើរទាំងអស់ នឹងប្រទះឃើញឆ័ត្ររបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន នៅតាមដងផ្លូវមាត់ទន្លេ និងផ្លូវធំៗមួយចំនួនទៀតក្នុងទីក្រុងភ្នំពេញខណៈពេលដែលពួកគេកំពុងរង់ចាំភ្លើងស្តុបដើម្បីឆ្លងផ្លូវ ។
លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិ របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា៖«ការដំឡើងឆ័ត្រធំៗ នៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញនេះ គឺជាសកម្មភាពសង្គមមួយរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្នុងការរួមចំណែកដល់សហគមន៍កម្ពុជា និងជួយលើកទឹកចិត្តអ្នកធ្វើដំណើរថ្មើរជើង ឱ្យកាត់បន្ថយការប្រើប្រាស់យានយន្តលើដងផ្លូវ និងរួមគ្នាកាត់បន្ថយបរិយាកាសកខ្វក់ក្នុងទីក្រុង។ យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សាលារាជធានីភ្នំពេញ ដែលបានផ្តល់ការគាំទ្រ និងផ្តល់ការប្រឹក្សាបន្ថែម ដើម្បីធ្វើឲ្យការដំឡើងឆ័ត្រទទួលបានជោគជ័យ និងមានភាពរលូន»។
ដាប់ប៊ែលយូប៊ី ហ្វាយនែន តែងតែយកចិត្តទុកដាក់ ចូលរួមចំណែកលើកស្ទួយសុខុមាលភាពសហគមន៍ តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គម (CSR) នានារបស់ខ្លួន។ នាពេលថ្មីៗនេះដាប់ប៊ែលយូប៊ី ហ្វាយនែន បានរៀបចំកម្មវិធីបរិច្ចាគឈាម ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ការចូលរួមយុទ្ធនាការប្រឆាំងជំងឺឆ្លង COVID-១៩ និងការបរិច្ចាគសៀវភៅ ជូនដល់សាលារៀននៅតាមទីជនបទនានា។ ការដំឡើងឆ័ត្រតាមដងផ្លូវ គឺជាសកម្មភាពសង្គមដ៏សំខាន់មួយផងដែរ ហើយយើងនឹងបន្តដំឡើងឆ័ត្រធំៗបែបនេះបន្ថែមទៀត នៅតាមទីតាំងដទៃទៀតក្នុងរាជធានីភ្នំពេញ ក្នុងន័យជួយសម្រួលសុខុមាលភាពសហគមន៍។
ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើសន្សំ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលមានបណ្តាញប្រតិបត្តិការតាមរយៈ ១៣៦ សាខាទូទាំងប្រទេស។ ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាបុត្រសម្ព័ន្ធ ធនាគារអ៊ូរី ដែលជាធនាគារឈានមុខគេមួយ នៅប្រទេសកូរ៉េខាងត្បូង។ ដាប់ប៊ែលយូប៊ី ហ្វាយនែន បាននឹងកំពុងបម្រើសេវាហិរញ្ញវត្ថុ ជូនដល់ សហគមន៍កម្ពុជា អស់រយៈពេលជាង ២០ឆ្នាំ ជាមួយនឹងផលិតផល និងសេវាហិរញ្ញវត្ថុ ដ៏សម្បូរបែប មានដូចជាប្រាក់បញ្ញើ-សន្សំ ប្រាក់កម្ចី ផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក សេវាធនាគារចល័ត ការទូទាត់វិក្កយបត្រ និងអេធីអឹម។ គិតត្រឹមខែកក្កដា ឆ្នាំ២០២០ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបចំនួន ៦២៨.១៩ លានដុល្លារអាមេរិក ផលប័ត្រឥណនទានសរុបចំនួន ៥២៥.១៦ លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន ៩៥.៥០ លានដុល្លារអាមេរិក៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com