អន្តរជាតិ
ចិន​ពង្រីក​កម្មវិធី​សាកល្បង​រូបិយ​បណ្ណ​ឌីជីថល​របស់ខ្លួន​
27, Aug 2020 , 7:59 pm        
រូបភាព
រូ​បឯកសារ៖ អ្នករាប់លុយម្នាក់កំពុងរាប់រូបិយបណ្ណចិនពីអតិថិជនចិននៅហាងមួយ ក្នុងក្រុង Quetta ប្រទេសប៉ាគីស្ថាន។
រូ​បឯកសារ៖ អ្នករាប់លុយម្នាក់កំពុងរាប់រូបិយបណ្ណចិនពីអតិថិជនចិននៅហាងមួយ ក្នុងក្រុង Quetta ប្រទេសប៉ាគីស្ថាន។
ដោយ: VOA
​កាលពី​ថ្ងៃ​សុក្រ ទី​១៤ ខែសីហា ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹងថា ចិន​នឹង​ពង្រីក​កម្មវិធី​សាកល្បង​ផ្នែក​រូបិយ​បណ្ណ​ឌីជីថល​ដំបូង​របស់ខ្លួន ដែល​នឹងមាន​រួមបញ្ចូល​ទីក្រុង​ធំៗ​ទាំងអស់​។​

 
​មកទល់នឹង​ពេលនេះ កម្មវិធី​សាកល្បង​ដែល​ដឹកនាំ​ដោយ​ធនាគារ​ជាតិចិន កំពុងតែ​ដំណើរការ​នៅ​ទីក្រុង​ចំនួន​បួន និង​ទីតាំង​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ ២០២២ នៅ​ក្រុង​ប៉េកាំង​។ នៅក្នុង​ការប្រកាស​កាល​ពីថ្ងៃ​សុក្រ គម្រោង​ផ្តួច​ផ្តើមដំបូង​ដែល​នឹងដាក់​ដំណើរការ​ប្រព័ន្ធ​បង់ថ្លៃ​អេឡិចត្រូនិក​នឹង​គ្របដណ្តប់​នៅក្នុង​ខេត្ត​ក្រុង​ចំនួន ២៨ នៅ​ប្រទេស​ចិន ដែល​រួមមាន ក្រុង​ប៉េកាំង និង​ក្រុង​សៀង​ហៃ ក៏ដូចជា ទីក្រុង​ហុងកុង និង​ទីក្រុង​ម៉ា​កាវ ដែល​ស្ថិត​នៅក្បែរនោះ​ផងដែរ​។​
 
​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​លើកឡើងថា គម្រោង​នេះ «​នឹងដាក់​ដំណើរការ​កម្មវិធី​សាកល្បង​រូបិយ​បណ្ណ​ឌីជីថល RMB នៅ​តំបន់​ក្រុង​ប៉េកាំង ក្រុង Tianjin និង​ក្រុង Hebei តំបន់​ដីសណ្ដ​ទន្លេ​យ៉ាង​សេ តំបន់ Greater Bay រវាង​ខេត្ត Guangdong ទីក្រុង​ហុងកុង និង​ទីក្រុង​ម៉ា​កាវ ហើយ​និង​តំបន់​សាកល្បង​មួយចំនួនទៀត​នៅ​ភាគ​កណ្តាល និង​ភាគ​ខាងលិច អាស្រ័យ​តាម​លក្ខខណ្ឌ​ដែល​អាច​ធ្វើបាន​»​។​
 
​ប្រទេស​ចិន ក៏ដូចជា​ប្រទេស​ដទៃទៀត​នៅលើ​ពិភពលោក​ដែរ ពឹងផ្អែក​ខ្លាំង​ទៅលើ​ប្រព័ន្ធ​បង់ប្រាក់​ជា​ដុល្លារ នៅពេល​ធ្វើ​កិច្ចព្រមព្រៀង​លក្ខណៈ​អន្តរជាតិ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​ចិន​ងាយ​រង​នូវ​ការដាក់ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​។ រដ្ឋាភិបាល​ចិន​កំពុងតែធ្វើការ​ស្រាវជ្រាវ និង​បង្កើត​រូបិយ​បណ្ណ​ឌីជីថល​ចាប់តាំងពី​ឆ្នាំ ២០១៤ មក ដើម្បី​ជា​ផ្នែក​មួយ​នៃ​មធ្យោបាយ​ងាក​ចេញពី​លុយ​ដុល្លារ​អាមេរិក និង​រំលង​ផុតពី​ប្រព័ន្ធ​រូបិយ​បណ្ណ​អន្តរជាតិ ដែល​ស្រប​នឹង​ច្បាប់​របស់​សហរដ្ឋអាមេរិក​។​
 
​ហានិភ័យ​ដែលថា ធនាគារ​ចិន​អាច​រង​ការដាក់ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក កំពុងតែ​ជិត​នឹង​កើតឡើង​ជាក់ស្ដែង បន្ទាប់ពី​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានដាក់​ទណ្ឌកម្ម​ទៅលើ​មន្ត្រី​ចិនដីគោក និង​មន្ត្រី​ក្រុង​ហុងកុង​ចំនួន ១១​នាក់ ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ពួកគេ​នៅក្នុង​ការគាបសង្កត់​សេរីភាព​នៅ​ទីក្រុង​ហុងកុង​។​
 
​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Pat Toomey ដែលជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ម្នាក់​នៅក្នុង​ការរៀប​រៀង​ច្បាប់​ដាក់ទណ្ឌកម្ម​ទៅលើ​មន្ត្រី​ចិន​ចំពោះ​ការរំលោភបំពាន​ឯករាជ្យភាព​របស់​ទីក្រុង​ហុងកុង បាន​និយាយ​កាលពី​ខែឧសភា​ថា​៖ «​សេដ្ឋកិច្ច​ចិន​នៅ​ថ្ងៃ​អនាគត​នឹង​ត្រូវតែ​ពឹង​ផ្អែកលើ​ការទិញ​ដូរ​ដោយ​ប្រើ​ប្រាក់​ដុល្លារ​អាមេរិក​»​។​
 
​កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ក្រុមមន្ត្រី និង​អ្នកសេដ្ឋកិច្ច​ចិន​បាន​និយាយ​ច្រើន​ពី​លទ្ធភាព​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី ត្រាំ នឹង​ជ្រើស​យក​ជម្រើស​ដែល​គេ​ហៅថា «​ជម្រើស​នុយក្លេអ៊ែរ​» និង​កាត់ផ្តាច់​ប្រទេស​ចិន​ពី​ប្រព័ន្ធ​បង់ប្រាក់​ជា​ដុល្លារ​។ លោក Fang Xinghai អនុប្រធាន​គណៈកម្មកា​រ​និយ័តកម្ម​សន្ដិសុខ​ចិន បាន​និយាយថា ចិន​ត្រូវ តែ​ត្រៀមខ្លួន​«​មែនទែន មិនមែន​ត្រៀម​តែ​ផ្នែក​ចិត្តសាស្ត្រ​ប៉ុណ្ណោះ​ទេ​»​។ លោក Fang បានលើកឡើង​ដូចនេះ​នៅក្នុង​វេទិកា​មួយ ដែល​រៀបចំឡើង​ដោយ​បណ្តាញ​ផ្សព្វផ្សាយ Caixin របស់​ចិន​។​
 
​លោក Yu Yongding អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​សាលា​បណ្ឌិត​វិទ្យាសាស្ត្រ​សង្គម​ចិន ដែលជា​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​មួយ​របស់​រដ្ឋាភិបាល​ចិន បាន​និយាយថា សេណា​រី​យ៉ូ​មួយ​គឺថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹងដាក់​ទណ្ឌកម្ម​មកលើ​ធនាគារ​ចិន ដូចដែល​ខ្លួន​បានធ្វើ​កាលពី​ឆ្នាំ ២០១២ ទៅលើ​ធនាគារ​ចិន Kunlun ដែល​ផ្តល់​ប្រាក់កម្ចី​ក្នុង​តំបន់​សម្រាប់​កិច្ចព្រមព្រៀង​ផ្នែក​ហិរញ្ញវត្ថុ​ជាមួយ​អ៊ីរ៉ង់​អីចឹង​ដែរ​។​
 
​លោក Yu បាន​និយាយថា សហរដ្ឋអាមេរិក​ប្រហែលជា​មិនអាច​ឈានដល់​ចំណុច​មួយ ដែល​ខ្លួន​ចង់​ដក​ចិន​ចេញពី​ប្រព័ន្ធ SWIFT នោះទេ​។ SWIFT គឺជា​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ ដែល​ផ្ដល់​ជា​បណ្តាញ​មួយ សម្រាប់​ឲ្យ​ធនាគារ​នានា​នៅលើ​ពិភពលោក បញ្ជូន និង​ទទួល​ព័ត៌មាន​អំពី​ការផ្ទេរ​ប្រាក់​។​
 
​លោក Yu ក៏បាន​លើកឡើង​នៅក្នុង​កម្មវិធី​មួយ​រៀបចំ​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​នៅក្នុង​ប្រទេស​ចិន​ថា​៖ «​ប៉ុន្តែ​ចិន​ត្រូវ​ចាត់វិធានការ និង​ត្រៀមខ្លួន​ជាមុន​ដើម្បី​ការពារ​ពី​ហានិភ័យ​នានា​»​។​
 
​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចុះ​កាលពី​ថ្ងៃ​សុក្រ ទី​១៤ ខែសីហា ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹងថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋាភិបាល​ចិន​មាន​គោលដៅ «​សម្រប​ទៅតាម​ការផ្លាស់ប្តូរ​ដ៏​ខ្លាំងក្លា និង​ស្មុគស្មាញ​នៅក្នុង​បរិបទ​ក្នុងស្រុក និង​អន្តរជាតិ​» និង «​រក្សា​ជំហរ​ផ្ទាល់​ខ្លូន ក៏ដូចជា​ទប់ស្កាត់ និង​គ្រប់គ្រង​ហានិភ័យ​ផ្សេងៗ​ផងដែរ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com