កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ទិញ​ខ្សែការពារ Chilwell ពី Leicester តម្លៃ​៥៩​លាន​ដុល្លារ​
27, Aug 2020 , 11:25 am        
រូបភាព
Chelsea បាន​ចាយលុយ​៤៥​លាន​ផោន (៥៩​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ទិញយក​ខ្សែការពារ​ស្លាប Ben Chilwell ពី Leicester City​។ Chilwell ជា​កីឡា​ករទី​៣​ហើយ ដែល​តោ​ខៀវ​ទិញ​ចូលក្នុង​រដូវ​កាល​២០២០-២១​នេះ បន្ទាប់ពី​យកបាន Hakim Ziyech និង Timo Werner​។​


​ខ្សែការពារ​សញ្ជាតិ​អង់គ្លេស វ័យ​២៣​ឆ្នាំ ដែល​បាន​ខកខាន​ចំនួន​៥​ប្រកួត​ចុងក្រោយ​ដើម្បី​ជួយ​ក្រុម Leicester ប្រជែង​កៅអី Champions League កាលពី​រដូវ​កាល​មុន ដោយសារ​បញ្ហា​របួស​ជើង បាន​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​នៅ Stamford Bridge ពោលគឺ​រហូតដល់​ឆ្នាំ​២០២៥​។ នេះ​បើតាម​ការប្រកាស​របស់​ក្លិប Chelsea តាមរយៈ​វេ​ប​សាយ​របស់ខ្លួន​។​
 
Leicester មិនអាច​ទទួលបាន​កៅអី​ក្របខណ្ឌ​អឺរ៉ុប​ឡើយ​ក្រោយ​ចាញ់ Chelsea នៅ​ជំនួប​ចុងក្រោយ​លី​គ Premier League​។ តោ​ខៀវ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ Frank Lampard បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​៤ ដោយបាន​សិទ្ធិ​លេង Champions League ។​
 
​ដោយសារ​ត្រូវមាន​ភារកិច្ច​សំខាន់​ទាំង​ក្នុង​លី​គ និង​ក្របខណ្ឌ​អឺរ៉ុប Chelsea បានផ្តល់​កញ្ចប់​លុយ​ឲ្យ​លោក Lampard ដើម្បី​ទិញ​ចូល​កីឡាករ​ល្អៗ​មក​ពង្រឹង​ក្រុម​បន្ថែម​។ មុន​ការមកដល់​របស់ Chilwell ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៏​មួយ​នេះ​បាន​ទិញ​ចូល​កីឡាករ​ពីររូប​រួចហើយ​រួមមាន ខ្សែបម្រើ Hakim Ziyech ពី Ajax និង ខ្សែប្រយុទ្ធ Timo Werner ពី RB Leipzig​។​
 
Chilwell  ជា​កីឡាករ​ចំណូល​ថ្មី​ទី​៣​ដែល Chelsea ទិញ​ពី Leicester បន្ទាប់ពី N'Golo Kante និង  Danny Drinkwater​។ អ្វីដែល​គួរ​ចាប់អារម្មណ៍ ចាប់តាំងពី​ក្រុម​រហស្សនាម​កញ្ជ្រោង​លើក​ពាន​កំពូល​អង់គ្លេស​កាលពី​ឆ្នាំ​២០១៦​មកទល់​ឥឡូវ ក្លិប​នេះ​លក់បាន​កីឡាករ​ជាច្រើន​ក្នុងតម្លៃ​ថ្លៃៗ ដែល​រួមមាន​ខ្សែការពារ Harry Maguire, Riyad Mahrez និង Chilwell នេះ​៕ 
 

Tag:
 Ben Chilwell
  Leicester City
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com