ជាតិ
សង្គមជាតិ
វៀតណាម រុះរើ​តង់ចាស់ មក​សង់​សំណង់​រឹងមាំ​វិញ នៅជាប់​ព្រំដែន​ខេត្តកណ្ដាល​
27, Aug 2020 , 11:51 am        
រូបភាព
កម្លាំងនគរបាលខេត្តកណ្តាល​ បានចុះពិនិត្យនិងស្នើឱ្យយោធាវៀតណាម រុះរើតង់ចេញតាមបណ្តោយព្រំដែន កាលពីចុងខែមេសា ឆ្នាំ២០២០
កម្លាំងនគរបាលខេត្តកណ្តាល​ បានចុះពិនិត្យនិងស្នើឱ្យយោធាវៀតណាម រុះរើតង់ចេញតាមបណ្តោយព្រំដែន កាលពីចុងខែមេសា ឆ្នាំ២០២០
​ភ្នំពេញ​៖ វៀតណាម បាន​រុះរើ​តង់​ហើយ ដោយ​ងាក​មក​សង់​សំណង​រឹង​វិញ នៅតំបន់​«​ស​» ជាប់​ព្រំដែន​ខេត្តកណ្ដាល ប្រទេស​កម្ពុជា​។ នេះ​បើតាម​លិខិត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដែល​បាន​ផ្ញើលិខិត​ទៅកាន់​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល កាលពី​ថ្ងៃទី​២៦ សីហា​។​

 
​លោក ឈឿន សុចិ​ត្ត ដែល​បាន​ដឹកនាំ​កម្លាំង​ជាង​១០​នាក់ ចុះទៅពិនិត្យ​ទីតាំង​ចាស់​របស់​យោធា​ការពារ​ព្រំដែន​វៀតណាម ប៉ុស្តិ៍​៩២៥​វិញ​សឿង នោះ បាន​រកឃើញថា វៀតណាម​បាន​រុះរើ​តង់​ហើយ ប៉ុន្តែ​ងាក​ទៅ​សង់​ជម្រក​រឹងមាំ​ថ្មី​វិញ​។ របាយការណ៍​ដែល ស្នងការ​ខេត្ត​រូបនេះ បានរៀបរាប់​ប្រាប់​ទៅ​អភិបាល​ខេត្តកណ្ដាលថា សំណង់​រឹង​ថ្មី ដែល​វៀតណាម​កំពុង​សាងសង់​នេះ គឺ​ធ្វើ​អំពី​ឈើ សសរថ្ម មាន​កម្ពស់​៣​ម៉ែត្រ ទំហំ​២០​ម៉ែត្រការ៉េ ដោយ​ដំបូល​ប្រក់​ស័ង្កសី ដែលមាន​ចម្ងាយ​ឃ្លាត​ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ប្រមាណ​១២០​ម៉ែត្រ​ប៉ុណ្ណោះ​។ ទីតាំង​ដែល​វៀតណាម​សាងសង់​ជម្រក​រឹង​នេះ ស្ថិតនៅ​ក្នុងភូមិ​ភូ​រី ឃុំ​ភូ​ឡុ​ក ស្រុក​ទិន​ចូ​វ ខេត្ត​អាន​យ៉ាង ទល់នឹង​ភូមិ​ក្អមសំណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្តកណ្ដាល​។​
 
​លិខិត​ស្នងការ​ខេត្តកណ្ដាល លោក ឈឿន សុចិ​ត្ត បានបញ្ជាក់​ដូច្នេះ​ថា​៖«​កម្លាំង​ទាំង​៣​អង្គភាព​(​កម្ពុជា​)​ខាងលើ បាន​ទៅ​ជួប​ជាមួយ​ប្រធាន​ប៉ុស្តិ៍​៩២៥​វិញ​សឿង ដើម្បី​ទាមទារ​ឱ្យ​ភាគី​វៀតណាម​បញ្ឈប់​សកម្មភាព​សាងសង់​តង់​ថ្មី​ខាងលើនេះ ប៉ុន្តែ​ភាគី​វៀតណាម​បាន​បញ្ជាក់ថា គេ​ធ្វើតាម​បញ្ជា​ថ្នាក់លើ​របស់គេ ហើយ​ថ្នាក់លើ​របស់គេ​មាន​គម្រោង​សាងសង់​តង់​ថ្មី​(​ជម្រក​រឹង​)​ប្រមាណ​៤​គោលដៅ លើ​១០​គោលដៅ​ចាស់ ដែលមាន​ស្រាប់​»​។​
 
​កាលពី​ថ្ងៃទី​២៦ សីហា លោក​អភិបាលស្រុក​លើកដែក និង​កម្លាំង​ពាក់ព័ន្ធ​ក្នុង​ខេត្តកណ្ដាល ក៏បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ខាងលើ ដោយបាន​ស្នើ​សុំឱ្យ​វៀតណាម​បញ្ឈប់​សកម្មភាព​នេះ​ម្ដងទៀត​ដែរ ប៉ុន្តែ​ភាគី​វៀតណាម នៅតែ​មិន​ព្រម​ឯកភាព​តាម​សំណើ​កម្ពុជា​ឡើយ ពោលគឺ​ពួកគេ​នៅតែ​បន្ត​ការសាង់សង់​ដដែល​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល ជុំវិញ​ករណីនេះ​នៅឡើយ​ទេ​។ ចំណែក​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​មិន​លើក​ទូរស័ព្ទ​ដែរ​។​
 
​គួរ​បញ្ជាក់ថា យោធា​វៀតណាម បាន​បោះតង់​ចំនួន​៣១ នៅតាម​បណ្តោយ​ព្រំដែន​ក្នុង​ខេត្តកណ្តាល តាំងពី​អំឡុង​ខែមីនា ឆ្នាំ​២០២០​។ ហើយ​អភិបាល​ខេត្តកណ្តាល បាន​សរសេរ​លិខិត​ជូនទៅ​ខេត្ត​អាន​យ៉ាង ដើម្បី​សុំ​ឲ្យ​រុះរើ​តង់​ទាំងនោះ នៅ​ថ្ងៃទី​២៩ ខែមេសា​ដែរ​។​
 
​មិន​តែ​ប​ណ្ណោះ ក្រសួងការបរទេស​ក​ម្ពុ​ជា ក៏បាន​ធ្វើ​កំណត់​ទូត ទៅកាន់​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា ដើម្បី​ស្នើ​ឲ្យ​រុះរើ​តង់​ទាំងនោះ​វិញ កាលពី​ថ្ងៃទី​១៣ ខែឧសភា​ដែរ​។ ក្រោយ​ផ្ញើ​កំណ​ត់ទៅ ស្ថានទូត​វៀតណាម ក៏បាន​ធ្វើ​កំណត់​ទូត​មកវិញ ដោយ​សន្យាថា នឹង​រុះរើ​តង់​ទាំងនោះ​វិញ​។​
​នៅ​ថ្ងៃទី​១៣ ខែឧសភា លោក ង្វៀន ថា​ញ់ ប៊ិ​ញ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​អាន​យ៉ាង បាន​ផ្ញើលិខិត​ជូន​មក​លោក គង់ សោ​ភ័​ណ្ឌ វិញ ដោយ​លើក​ហេតុផល​ថា ការដែល​វៀតណាម​បោះតង់​តាម​បណ្តោយ​ខ្សែ​ព្រំដែន គឺ​ដើម្បី​ទប់ស្កាត់​ការធ្វើដំណើរ​ចូលទៅ​វៀតណាម ដែល​អាច​បង្ក​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។ ក្នុង​លិខិត​នោះ ភាគី​វៀតណាម ប្រាប់​អភិបាល​ខេត្តកណ្តាល​ថា ការបោះ​តង់​ទាំងនោះ គឺ​គ្រាន់តែ​ជា​ការងារ​បណ្តោះអាសន្ន​៕

Tag:
 ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com