ជាតិ
សង្គមជាតិ
លោកស្រី រ៉ូ​ណា ស្មី​ត បារម្ភ​ពី​ការ​រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​ការជួបជុំ​តវ៉ា​នៅ​កម្ពុជា
27, Aug 2020 , 7:29 pm        
រូបភាព
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត ពិភាក្សាជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីខែមេសា ឆ្នាំ២០១៩(រូបពីSpecial Rapporteur Cambodia)
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត ពិភាក្សាជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីខែមេសា ឆ្នាំ២០១៩(រូបពីSpecial Rapporteur Cambodia)
​ភ្នំពេញ​៖ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោកស្រី រ៉ូ​ណា ស្មី​ត បារម្ភ​ពី​ការ​រឹ​ត្បិត​សេរីភាព​បញ្ចេញមតិ​និង​ការជួបជុំ​តវ៉ា​របស់​នៅ​កម្ពុជា ។ ប៉ុន្តែ​លោកស្រី មិន​គាំទ្រ​ការជួបជុំ​បញ្ចេញមតិ​បំពាន​ច្បាប់ សិទ្ធិសេរីភាព​អ្នកដទៃ និង​សណ្ដាប់ធ្នាប​សាធារណៈ​ឡើយ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា​(​គ​.​ស​.​ម​.​ក​)​។


​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី និង​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​រៀប​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​មួយ នៅ​ថ្ងៃទី​២៦ សីហា ដើម្បី​ពិភាក្សា​ការងារ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ។ ការពិភាក្សា​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ ធ្វើឡើង​មុនពេល​លោកស្រី រ៉ូ​ណា ស្មី​ត ឡើង​ថ្លែងការណ៍​អំពី​របាយការណ៍​របស់​ខ្លួន​នៅ​ខែតុលា​ខាង​មុន នៅ​ទីក្រុង​ហ្សី​ណែវ ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។ 
 
​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នេះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​លោកស្រី រ៉ូ​ណា ស្មី​ត បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​ការបិទ​សិទ្ធិសេរីភាព​បញ្ចេញមតិ​និង​ការជួបជុំ​តវ៉ា និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ពិសេស​អំឡុងពេល​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​-១៩​។ ដ្បិត​លោកស្រី ព្រួយបារម្ភ​ពី​បញ្ហា​ទាំងនេះ​ក្តី ប៉ុន្តែ​អ្នករាយការណ៍​រូបនេះ ក៏​មិន​គាំទ្រ​ការជួបជុំ​បញ្ចេញមតិ​ណា ដែល​បំពាន​ច្បាប់ ប៉ះពាល់​សិទ្ធិសេរីភាព​អ្នកដទៃ បង្ក​ឲ្យ​មានការ​រើសអើង​ពូជសាសន៍ ឬ​អំពើហិង្សា និង​ភាពចលាចល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​និង​សន្តិសុខ​សង្គម​ឡើយ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា​។​
 
​លោក កែវ រ៉េមី បាន​ប្រាប់​លោកស្រី រ៉ូ​ណា ស្មី​ត វិញ​ថា កម្ពុជា​គោរព​នូវ​សេរីភាព​នៃ​ការជួបជុំ​បញ្ចេញមតិ ដោយ​មិន​មានការ​រឹតត្បិត​សេរីភាព​ឡើយ​។ លោក កែវ រ៉េមី អះអាងថា ការចាត់​វិធាន​លើ​អ្នក​បញ្ចេញមតិ​និង​ជួបជុំ​កន្លងមក ដោយសារតែ​ពួកគេ​បំពាន​រដ្ឋធម្មនុញ្ញ និង​ច្បាប់​តែប៉ុណ្ណោះ​។ ចំណែក​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​នៅតាម​មូលដ្ឋាន​មាន​ភាពល្អប្រសើរ​ធម្មតា ក៏​មិន​មានការ​រឹតត្បិត​ដែរ​។​
 
​ជាមួយគ្នានេះ​លោក កែវ រ៉េមី បាន​បញ្ជាក់ថា ក្រុមការងារ គ​.​ស​.​ម​.​ក កំពុង​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​អំពី​ការធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការបង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ទន្ទឹមនឹងនេះ គ​.​ស​.​ម​.​ក ក៏បាន​លើកឡើង​ពី​ការ​យន្តការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​សាលាដំបូង​ធានី​ខេត្ត ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធភាព​នៃ​សេវា​យុត្តិធម៌ និង​រួមចំណែក​ក្នុងការ​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​។​
 
​លោកស្រី រ៉ូ​ណា ស្មី​ត បាន​បញ្ជាក់ថា ខ្លួន​រីករាយ​នឹង​ការចូលរួម​ផ្ដល់យោបល់​លើ​ការរៀបចំ និង​វិសោធនកម្ម​និង​សេចក្ដីព្រាងច្បាប់ ពាក់ព័ន្ធ​នឹង​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​។ ក្នុងន័យនេះ លោកស្រី​ផ្ដោតលើ ក្រមព្រហ្មទណ្ឌ ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល សេចក្ដីព្រាងច្បាប់​ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ និង​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​ជាដើម​។ 
 
​ជុំវិញ​ការចូលរួម​ផ្ដល់យោបល់​លើក​ការធ្វើ​វិសោធនកម្ម​និង​សេចក្ដីព្រាងច្បាប់ លោកស្រី រ៉ូ​ណា ស្មី​ត អាច ផ្ដល់យោបល់​បាន​ជុំវិញ​គោលការណ៍​សិទ្ធិមនុស្ស ក្នុង​ដំណើរ​ធ្វើ​វិសោធនកម្ម​និង​សេចក្ដីព្រាងច្បាប់​បាន ប្រសិនបើ​ការពិភាក្សា​នៃ​គ្រប់ភាគី​ពាក់ព័ន្ធ​យល់ថា ខ្វះខាត​ណាមួយ​តាម​ស្ថានភាព​ជាក់ស្ដែង​។ នេះ​បើតាម​លោក ជិន ម៉ា​លីន អនុប្រធាន​នៃ គ​.​ស​.​ម​.​ក ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​។ 
 
«​យើង​នឹងធ្វើ​ការពិគ្រោះ​យោបល់​គ្រប់ភាគី​ពាក់ព័ន្ធ រួមមាន​ដៃគូ​ជាតិ អន្តរជាតិ អង្គការ​សង្គម​ស៊ី​វល​ជាតិ​និង​អន្តរជាតិ ដើម្បី​ពិគ្រោះ​យោបល់​ប្រសិន​មើលឃើញថា​មិន​គ្រប់គ្រាន់ ចាំបាច់​ត្រូវការ​ធាតុ​ចូល​ពី​គាត់​(​លោកស្រី រ៉ូ​ណា ស្មី​ត​) យើង​ប្រគល់ជូន​គាត់​សុំ​ការពិនិត្យ​បន្ថែមទៀត តាម​ការជាក់ស្ដែង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ជិន ម៉ា​លីន​៕ 
 

Tag:
 សិទ្ធិមនុស្ស​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com