រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin បានអះអាងថា រដ្ឋាភិបាលទីក្រុងម៉ានីល នឹងប្រើកិច្ចព្រមព្រៀងការពាររបស់ខ្លួនជាមួយសហរដ្ឋអាមេរិកដើម្បីអូសមហាអំណាចមួយនេះមកជួយខ្លួន ប្រសិនបើចិនវាយប្រហារលើនាវាចម្បាំងហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង។ លោកអះអាងទៀតថា វត្តមានយោធាអាមេរិកក្នុងតំបន់អាស៊ីគឺជាប្រយោជន៍ហ្វីលីពីន។
ក្នុងបទសម្ភាសជាមួយទូរទស្សន៍ក្នុងស្រុកមួយ នៅថ្ងៃទី២៦ ខែសីហា រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Teodoro Locsin និយាយថា ទីក្រុង ម៉ានីល នឹងបន្តធ្វើប្រតិបត្តិការហោះល្បាតលើសមុទ្រចិនខាងត្បូង ទោះបីជាទីក្រុងប៉េកាំងស្នើឲ្យបញ្ឈប់ ហើយបានចាត់ទុកទង្វើរបស់ហ្វីលីពីនថា ការបង្ករឿងខុសច្បាប់។
«ពួកគេ [ចិន] អាចហៅវា [សកម្មភាពហ្វីលីពីន] ថាការបង្ករឿងខុសច្បាប់។ អ្នកមិនអាចផ្លាស់ប្ដូរការគិតពួកគេបានឡើយ»។ លោក Locsin អះអាងដូច្នេះ ដោយសង្កត់ធ្ងន់ថា តែបើសិនផ្ទុះការវាយប្រហារទៅលើនាវារបស់កងទ័ពជើងទឹកហ្វីលីពីននោះ លោកនឹងហៅឲ្យក្រុងវ៉ាស៊ីនតោនមកជួយ។ នេះបើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post ។
ចាប់តាំងពីឆ្នាំ ១៩៥១មក សហរដ្ឋអាមេរិក និងហ្វីលីពីន មានសន្ធិសញ្ញាយោធា (Mutual Defence Treaty) ដែលប្តេជ្ញាជួយគ្នាក្នុងករណីមានការវាយប្រហារណាមួយកើតឡើង។ នេះជាលើកដំបូងដែលរដ្ឋបាលប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ប្រកាសជាចំហថា ខ្លួននឹងហៅក្រុងវ៉ាស៊ីនតោនឲ្យជួយក្នុងជម្លោះដែនទឹកជាមួយចិន ដែលកំពុងតានតឹង។
ម្យ៉ាងវិញទៀត ប្រមុខការទូតហ្វីលីពីនរូបនេះ បញ្ជាក់ថា៖«យើងត្រូវការវត្តមានអាមេរិកក្នុងតំបន់អាស៊ី»។ ត្រង់ចំណុចនេះ លោក Locsin ពន្យល់ថា ផលប្រយោជន៍ហ្វីលីពីន គឺចង់ឲ្យសហរដ្ឋអាមេរិករក្សាវត្តមានយោធារបស់ខ្លួនក្នុងតំបន់ ហើយជំហររបស់រដ្ឋាភិបាលហ្វីលីពីនគឺមិនបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តយូរឆ្នាំរបស់ខ្លួនមួយនេះឡើយ។
ហ្វីលីពីន បានតវ៉ាផ្នែកការទូតជាច្រើនលើកប្រឆាំងសកម្មភាពចិនក្នុងសមុទ្រចិនខាងត្បូង។ ការប៉ះទង្គិចគ្នាចុងក្រោយ គឺកើតឡើងកាលពីសប្តាហ៍មុន នៅពេលចិនក្រសួងការបរទេសចិនបានអះអាងថា ចិនបានរឹបអូសសម្ភារនេសាទរបស់ប្រជាជនហ្វីលីពីនដោយខុសច្បាប់នៅក្បែរតំបន់ថ្មប៉ប្រះទឹកScarborough ក្នុងសមុទ្រចិនខាងត្បូង ។
ជម្លោះសមុទ្រចិនខាងត្បូង មានប្រទេសជម្លោះចំនួន៥ គឺ ចិន វៀតណាម ព្រុយណេ ម៉ាឡេស៊ី និងហ្វីលីពីន។ ឥណ្ឌូណេស៊ី មិនមែនជាភាគីជម្លោះដែនដីឡើយ តែមិនត្រូវគ្នាជាមួយចិនដែលទាមទារតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួនដែរ។ ដោយផ្អែកលើយុត្តាធិការប្រវត្តិសាស្ត្រ ចិនទាមទារជាង៨០ភាគរយនៃសមុទ្រនេះ។
សមុទ្រចិនខាងត្បូងដែលជាតំបន់សម្បូរដ៏ធនធានធម្មជាតិនិងផ្លូវទឹកពាណិជ្ជកម្មដ៏មមាញឹក គឺជាអាទិភាពយុទ្ធសាស្ត្រគោលមួយសម្រាប់ចិន។ តាំងពីដើមឆ្នាំ២០១៥មក ចិនបានសាងសង់កោះ សិប្បនិម្មិតចំនួន៧ក្នុងប្រជុំកោះ Spratly និងធ្វើទំនើបកម្មកងទ័ពជើងទឹកដែលផ្ដោតសំខាន់លើការពង្រឹងវត្តមានខ្លួនក្នុងតំបន់ជម្លោះនេះ៕