ជាតិ
សង្គមជាតិ
ឌីប្លូមប្រឡងថ្ងៃទី៣០ ខែវិច្ឆិកា រីឯបាក់ឌុបនៅថ្ងៃទី២១ ខែធ្នូ សិស្សកំពុងតែអង្គុយរង់ចាំវិញ្ញាសាប្រឡងបាក់ឌុប នាសម័យប្រឡងបាក់ឌុបឆ្នាំ២០១៩
× ភ្នំពេញ៖ សិស្សថា្នក់ទី៩ នឹងត្រូវប្រឡងឌីប្លូមនៅថ្ងៃទី៣០ ខែវិច្ឆិកា ចំណែកសិស្សថ្នាក់ទី១២ នឹងត្រូវប្រឡងបាក់ឌុបនៅថ្ងៃទី២១ ខែធ្នូ។ នេះបើតាម លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមតេឡេក្រាម។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាសិស្សថ្នាក់ទី៩ និងទី១២ នឹងត្រឡប់ទៅសិក្សានៅតាមគ្រឹះស្ថានរបស់ខ្លួនវិញចាប់ពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ខែចុងខែវិច្ឆិកា។
លោក រស់ សុវាចា បានបញ្ជាក់ថា ការប្រឡងឌីប្លូម និងប្រឡងបាក់ឌុបនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃដូចគ្នា។ សម្រាប់កាលវិភាគប្រឡងក្រសួងនឹងប្រកាសនៅពេលក្រោយ។ បើតាមលោកសុវាចា ដំណើរការប្រឡងនឹងប្រព្រឹត្តទៅដូចនឹងឆ្នាំ២០១៩ដែរ។
បើតាមលោក រស់ សុវាចា ជាជំហានដំបូងក្រសួងអនុញ្ញាតឲ្យគ្រប់កម្រិតគ្រឹះស្ថានសិក្សានៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ឲ្យបើកដំណើរការវិញ ក្រោយពីក្រសួងបានចុះទៅត្រួតពិនិត្យ និងវាយតម្លៃផ្ទាល់ថាមានកម្រិតហានិភ័យទាប។
ក្រសួងនឹងបន្តត្រួតពិនិត្យលើគ្រឹះស្ថានដែលស្ថិតនៅក្នុងខេត្តដទៃទៀតផងដែរ មុននឹងឲ្យបើកដំណើរការឡើងវិញ។ ប៉ុន្តែមុននឹងបើកឲ្យដំណើរការវិញ គ្រឹះស្ថានសិក្សាត្រូវចុះកិច្ចព្រមព្រៀងជាមួយនឹងក្រសួងជាមុនសិន។
ចំណែកគ្រឹះស្ថានសិក្សាដែលមិនអាចបើកដំណើរការឡើងវិញ ក្រសួងស្នើឲ្យបន្តបង្រៀនសិស្សតាមអនឡាញ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងអប់រំ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានអះអាងថា ការសម្រេចឲ្យបើកសាលារៀនមួយចំនួននោះឡើងវិញនោះ មិនមែនបើកទាំងប្រថុយប្រថានឡើយ គឺ អនុវត្តតាមស្តង់ដាសុវត្ថិភាព (SOP) តាមការណែនាំរបស់ក្រសួងសុខាភិបាល។
រដ្ឋមន្ត្រីអប់រំបានសង្កត់ធ្ងន់ថា សាលារៀនត្រូវធានាបាននូវសុវត្ថិភាព អនាម័យ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព ជៀសវាសកុំឱ្យសិស្សជួបជុំគ្នា ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕
Tag:
ប្រឡង
ឌីប្លូម
បាក់ឌុប
សិស្ស
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com