អន្តរជាតិ
លោក ម៉ៃ ផេន ព្រមានថា ពលរដ្ឋអាមេរិកនឹងគ្មានសុវត្ថិភាពទេ បើលោក បៃឌិន ឈ្នះឆ្នោត លោកអនុប្រធានាធិបតី ម៉ៃ ផេន និយាយក្នុងសុន្ទរកថានាសន្និបាតបក្សសាធារណរដ្ឋ នៅថ្ងៃទី២៦ ខែសីហា (AFP)
× អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន បានព្រមានថា រលកហិង្សា នឹងរីកដុះដាលក្នុងទីក្រុងអាមេរិក ប្រសិនបើលោក ចូ បៃឌិន បេក្ខជនប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ ឈ្នះក្នុងការបោះឆ្នោត ដែលនឹងរៀបចំឡើងនាខែវិច្ឆិកាខាងមុខ។ លោកបន្តថា ភាពវឹកវរដែលកំពុងកើតឡើងក្នុងប្រទេស ត្រូវតែបញ្ឈប់ជាដាច់ខាត។
«រឿងពិតដែលពិបាកទទួលយក គឺ អ្នកនឹងគ្មានសុវត្ថិភាពក្នុងសហរដ្ឋអាមេរិកដែលដឹកនាំដោយលោក ចូ បៃឌិន»។ លោកអនុប្រធានាធិបតី ម៉ៃ ផេន និយាយបែបនេះក្នុងសុន្ទរកថានាសន្និបាតបក្សសាធារណរដ្ឋ នៅថ្ងៃទី២៦ ខែសីហា។
លោក ផេន បានប្រៀបធៀបការបោះឆ្នោតឲ្យលោក បៃឌិន ទៅនឹងការគាំទ្រការមិនអនុវត្តច្បាប់ ហើយលោកក៏បានបន្តរិះគន់លោក បៃឌិន សម្រាប់ការលើកឡើងថា ក្នុងសហរដ្ឋអាមេរិកមានការរើសអើងពូជសាសន៍ជាប្រព័ន្ធ និងភាពលម្អៀងដោយប្រយោលប្រឆាំងក្រុមមនុស្សភាគតិច។
ត្រង់ចំណុចនេះ លោកអនុប្រធានាធិបតី អះអាងដូច្នេះថា៖«លោក បៃឌិន នឹងបន្តអនុវត្តរឹងត្អឹងលើគោលនយោបាយបែបនេះ ដែលនឹងបង្កទៅជាភាពហិង្សា និងអសុវត្ថិភាពតាមដងផ្លូវក្នុងទីក្រុងរបស់សហរដ្ឋអាមេរិក»។
យ៉ាងណាមិញ លោក ម៉ៃ ផេន សង្កត់ធ្ងន់ថា អំពើហិង្សាដែលកំពុងកើតឡើងក្នុងទីក្រុងមួយចំនួនក្នុងសហរដ្ឋអាមេរិក ដូចជា ក្នុងទីក្រុង Minneapolis, ទីក្រុង Portland ឬទីក្រុង Kenosha ត្រូវតែបញ្ឈប់ជាដាច់ខាត ដើម្បីរក្សាច្បាប់ទម្លាប់លើដងផ្លូវនានានៃប្រទេសនេះសម្រាប់រាល់ប្រជាជនអាមេរិកនៃគ្រប់ពូជសាសន៍ ជំនឿសាសនា និងពណ៌សម្បុរ។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ផេន បានកើតឡើងក្រោយមនុស្ស៣នាក់ ត្រូវបានបាញ់ ក្នុងនោះ២នាក់ស្លាប់ អំឡុងបាតុកម្មតវ៉ាកាលពីយប់ថ្ងៃទី២៥ ខែសីហា ពាក់ព័ន្ធការបាញ់សម្លាប់ពីសំណាក់ប៉ូលិសលើបុរសស្បែកខ្មៅម្នាក់ឈ្មោះថា Jacob Blake ក្នុងទីក្រុង Kenosha រដ្ឋ Wisconsin ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី ២៦ ខែសីហា បានបញ្ជាឲ្យបញ្ជូនកងកម្លាំងប៉ូលិសសហព័ន្ធបន្ថែមទៅកាន់ទីក្រុងនេះដើម្បីរក្សាសន្តិសុខ៕
Tag:
សហរដ្ឋអាមេរិក
ម៉ៃ ផេន
ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com