ជាតិ
ស្រូវវស្សា ដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយៈពេលខ្លីនៅសៀមរាប នៅតែផ្តល់ផល ទោះជួបបញ្ហាអាកាសធាតុ សកម្មភាពមន្ទីរកសិកម្មខេត្តសៀមរាបចុះពិនិត្យការប្រមូលផលស្រូវវស្សានៅក្នុងស្រុកពួក (រូបភាពពីមន្ទីរកសិកម្មខេត្តសៀម)
× ការងារបង្កបង្កើនផលស្រូវវស្សា ក្នុងខេត្តសៀមរាបក្នុងឆ្នាំ២០២០ សម្រេចបាន១០០ភាគរយ ផែនការសរុបលើផ្ទៃដីជាង ១៦ម៉ឺនហិកតា ។ នេះបើតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តសៀមរាប ដែលបន្តទៀតថា ក្នុងចំណោមនោះ ក្រុងសៀមរាប និងស្រុកពួក ប្រមូលផលស្រូវវស្សាបាន ៣៧០ហិកតា។
បើតាមមន្ទីរកសិកម្មខេត្តសៀមរាប នៅក្នុងស្រុកពួកក្នុងរដូវវស្សាឆ្នាំ២០២០នេះ ការងារបង្កបង្កើនផលស្រូវវស្សា អនុវត្តបានសរុប ២.៥ ម៉ឺនហិកតា ស្មើនឹង១០០ ភាគរយ។ ក្នុងនោះស្រូវស្រាលចំនួន ៩.៥ពាន់ហិកតា ស្រូវកណ្តាលចំនួន ១ ម៉ឺនហិកតា ស្រូវធ្ងន់ចំនួន ៣ ពាន់ហិកតា និងស្រូវឡើងទឹកចំនួនជាង ១ ពាន់ហិកតា។ ក្នុងនោះស្រុកពួកប្រមូលផលស្រូវវស្សាបាន ២០ហិកតា ក្នុងបរិមាណផល ២.៥តោនក្នុងមួយហិកតា។
ដោយឡែកក្រុងសៀមរាបបានប្រមូលផលស្រូវវស្សាបាន ៣៥០ហិកតា ក្នុងបរិមាណទិន្នផល ៣.៥តោនក្នុងមួយហិកតា។ ក្រៅពីស្រុកចំនួនពីរខាងលើ ខេត្តសៀមរាបកំពុងប្រមូលផលជាបណ្ដើរៗ ហើយ។ បើតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្តសៀមរាប ប្រាប់ThmeyThmey25 តាមទូរសព្ទថា៖«ទោះបីកន្លងមក ខេត្តមានបញ្ហាជួបការលំបាកតិចតួច នូវគ្រោះរាំងស្ងួតក៏ពិតមែន ប៉ុន្តែមិនបានប៉ះពាល់ធ្ងន់ធ្ងរ ចំពោះផលស្រូវនោះទេ។ ដោយសារមានភ្លៀងធ្លាក់រាយប៉ាយបានច្រើនកន្លែងធ្វើអោយដំណាំស្រូវមានការដុះលូតលាស់ល្អ ទាំងដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយះពេលខ្លី»។
ក្រៅពីស្រូវវស្សា ការប្រមូលដំណាំសាកវប្បកម្ម ដែលមានដូចជាឪឡឹក, ដំឡូងជ្វា និងពោតជាដើម សរុប ៣ ពាន់ហិកតា និងដំណាំឧស្សាហកម្មរយៈពេលខ្លីចំនួន ៣ ពាន់ហិកតា។
Tag:
សាកវប្បកម្ម
ឧស្សាហកម្ម
ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com