កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ Chelsea ច្រើននាក់ឆ្លង COVID-19 ដែលប៉ះពាល់ការហ្វឹកហាត់ត្រៀមរដូវកាលថ្មី
× កីឡាកររបស់ Chelsea ជាច្រើននាក់ខកខានចូលរួមហ្វឹកហាត់ត្រៀមបើករដូវកាលថ្មី ក្រោយពួកគេធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺ COVID-19។ នេះបើយោងតាមបណ្តាញសារព័ត៌មានចក្រភពអង់គ្លេស ដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន។
យ៉ាងណាក៏ដោយ បណ្តាញសារព័ត៌មានទាំងនោះមិនបានបញ្ជាក់ឈ្មោះកីឡាករដែលឆ្លងជំងឺទេ ហើយក្លិបតោខៀវ ក៏មិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំពីសំណាក់អ្នកយកព័ត៌មានរបស់ Reuters ដើម្បីសុំឲ្យមានការបង្ហាញអត្តសញ្ញាណរបស់របស់កីឡាករទាំងនោះ។
បើតាមការផ្សាយដដែល កីឡាករដែលឆ្លងជំងឺរាតត្បាតសកល ត្រូវបានដាក់ចត្តាឡីស័ករយៈពេល ១០ ថ្ងៃ ហើយទើបបន្តធ្វើតេស្តរកមេរោគជាថ្មី រហូតចេញលទ្ធផលអវិជ្ជមានទើបអាចអនុញ្ញាតឲ្យចូលហ្វឹកហាត់វិញបាន។
មិនត្រឹមតែកីឡាកររបស់ Chelsea ឡើយ បើតាមកាសែត The Times ក្រុមនៅ Premier League មួយចំនួនទៀតដូចជា Sheffield United, Brighton&Hove Albion និង West Ham United ក៏មានកីឡាករឆ្លង COVID-19 នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ក្រុម Chelsea ដែលមានលោក Frank Lampard ជាអ្នកចាត់ការទូទៅ នឹងផ្តើមយុទ្ធនាការការប្រកួតលីគកំពូលអង់គ្លេសរដូវកាលថ្មីដោយតទល់ជាមួយ Brighton នៅថ្ងៃទី១៤ ខែកញ្ញា សម្រាប់ជំនួបបើកឆាករដូវកាល ២០២០-២១៕
© រក្សាសិទ្ធិដោយ thmeythmey.com