ជាតិ
សង្គមជាតិ
ក្រសួងពាណិជ្ជកម្ម​៖ ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt មាន​កម្រិត​ជាតិ​ដែក​ទាប​ដែល​ប៉ះពាល់​សុខភាព​កុមារ​
27, Aug 2020 , 10:29 pm        
រូបភាព
លោក ផាន អូន ផាន អូន  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំដែលកំពុង​ផ្តល់បទសម្ភាសឲ្យអ្នកសារព័ត៌មាន រូបភាពពីក.ប​.ប.​នៃក្រសួងពាណិជ្ជកម្ម​
លោក ផាន អូន ផាន អូន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំដែលកំពុង​ផ្តល់បទសម្ភាសឲ្យអ្នកសារព័ត៌មាន រូបភាពពីក.ប​.ប.​នៃក្រសួងពាណិជ្ជកម្ម​
ដោយ:
​ភ្នំពេញ​៖  កន្លងមក ឪពុកម្តាយ​១៥​គ្រួសារ បានដាក់​ពាក្យបណ្តឹង​លើ​ម្ចាស់​ផលិត​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ដោយសារតែ​កូន​របស់​ពួកគាត់​មាន​អាការ​ស្លេកស្លាំង ក្រោយ​ប្រើប្រាស់​ផលិតផល​នេះ​។ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម បាន​យក​សំណាក​ទឹកដោះគោ​ទៅ​ពិសោធ ហើយ​លទ្ធផល​បង្ហាញថា ម្សៅ​ទឹកដោះគោ ពិតជា​មាន​សារធាតុ​ដែក​ទាប ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​កុមារ​។ 

 
 
​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​ក្រសួងពាណិជ្ជកម្ម (​ក​.​ប​.​ប​.) បានបង្ហាញ​លទ្ធផល​ការធ្វើ​តេស្ត​នៃ​ម្សៅ​ទឹកដោះគោ Nutrilatt ដែលមាន​លេខ​កូដ ៤៨៧,៤៨៨,៥៣៦,៥៣៧,៥៣៨ និង​៥៣៩ ថា​ម្សៅ​ប្រភេទ​ដែល​ឲ្យ​ទារក​អាយុ​០​ទៅ​៦​ខែ និង​៦​ទៅ​១២​ខែ ប្រើប្រាស់ គឺមាន​កម្រិត​ជាតិ​ដែក និង​ជាតិ​ស័ង្កសី​ទាប ដែល​ខុសពី​បរិមាណ​ដែល​បានបញ្ជាក់​នៅក្នុង​ស្លាក​សញ្ញា​ផលិតផល​ថា​មាន​ជាតិ​ដែក​ជិត​៦​មី​លី​ក្រាម ហើយ​ជាតិ​ស័ង្កសី​មាន​ជិត​៥​មី​លី​ក្រាម​។ លទ្ធផល​ជាក់ស្តែង​បង្ហាញថា មាន​ជាតិ​ដែក​តែត្រឹម​០.២៥​មី​លី​ក្រាម និង​ជាតិ​ស័ង្កសី​តែ​២.២៧ និង​២.៤​តែប៉ុណ្ណោះ​។​
 
 
 
«​ផលិតផល​នេះ​ស្ទើរតែ​គ្មាន​ជាតិ​ដែក​សោះ ពោលគឺ​កម្រិត​ជាតិ​ដែក​មាន​ត្រឹមតែ​០,២៥​មី​លី​ក្រាម​/១០០​ក្រោម​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅនឹង​តម្រូវការ​យ៉ាងតិច​គឺ​២.២៨៦​មី​លី​ក្រាម​/១០០​ក្រាម​។ ផលិតផល​ត្រូវតែ​ផលិត​តាម​ស្តង់ដា​សុវត្ថិភាព​យ៉ាង​តឹងរ៉ឹង និង​មាន​សមាសភាព​ផ្សំ​ជាក់លាក់​។ ហើយ​ក្នុងនោះ​បានកំណត់​ពី​តម្រូវការ​អប្បបរមា​សម្រាប់​ជាតិ​ដែក​នៅក្នុង​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូ​បម​ត្ត​សម្រាប់​ទារក គឺមាន​បរិមាណ​ចំនួន​០.៤៥​មី​លី​ក្រាម​/១០០​គីឡូ​កាឡូរី​។ កម្រិត​ជាតិ​ស័ង្កសី​អប្បបរមា​ដែល​អាច​អនុ​ញ្ញា​បាន​គឺមាន​បរិមាណ​០.៥ មី​លី​ក្រាម​/១០០​គីឡូ​កាឡូរី​»​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក​.​ប​.​ប​.​នៃ​ក្រសួងពាណិជ្ជកម្ម​។  
 
 
 
​ទាក់ទង​នឹង​ផលិតផល​នេះ ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ Nutrilatt បានចេញ​លិខិត​បដិសេធ​ទៅលើ​លទ្ធផល​នៃ​ការប្រកាស​របស់​ក​.​ប​.​ប​.​នៃ​ក្រសួងពាណិជ្ជកម្ម​ដែលថា​ផលិតផល​នេះ​ផលិត​ដោយ​ខុសពី​ការបញ្ជាក់​នៅក្នុង​ស្លាក​សញ្ញា​ផលិតផល ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទារក​។ 
 
 
​ក្នុង​លិខិត​បដិសេធ​របស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​នេះ បាន​សរសេរ​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន​បាន​សង្កេតឃើញ​ពី​ភាពប្រក្រតី​ជាច្រើន​នៅក្នុង​ការប្រកាស​របស់​ក​.​ប​.​ប​.​នៃ​ក្រសួងពាណិជ្ជកម្ម ដែល​លទ្ធផល​នេះ​មាន​ភាពខុសគ្នា​យ៉ាងខ្លាំង​ពី​លទ្ធផល​ដែល​ក្រុមហ៊ុន​ទទួលបាន​ពី​មន្ទីរពិសោធន៍​BVAQ និង​មន្ទីរពិសោធន៍​ALS​នៃ​ប្រទេស​សឹង្ហ​បុរី ដែលមាន​លេខ​កូដ​៥៣៧,៥៦២,៥៦៣ និង​៥៦៨ ដែល​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. តែងតែ​យកទៅ​ធ្វើ​ពិសោធ និង​ទទួលស្គាល់​ជា​ផ្លូវការ​»​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក ផាន អូន  អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​.) បាន​បញ្ជាក់ថា ក​.​ប​.​ប​.​នឹង​ប្រមូល​ផលិតផល​ម្សៅ​នេះ​ពី​ទីផ្សារ និង​អ្នកប្រើប្រាស់​។ ប៉ុន្តែ​ត្រូវ​រង់ចាំ​ការសម្រេច​របស់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ជាមុនសិន​។  
 
 
​បើតាម​លោក ផាន អូន ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក​.​ប​.​ប​.​នឹង​ហៅ​ជួប​ឪពុកម្តាយ​ដែល​ដាក់​ពាក្យបណ្តឹង​លើ​ការប្រើប្រាស់​ផលិតផល​នេះ និង​តំណាង​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ Nutrilatt នៅ​ថ្ងៃទី​៣ ខែកញ្ញា​ខាងមុខនេះ​៕ 
 

Tag:
 ទឹកដោះគោ​
 ​សុខភាព​
 ​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com