អន្តរជាតិ
ប្រធានប្រតិបត្តិ TikTok លាលែងតំណែង ខណៈលោក ត្រាំ គំរាមបិទចោល លោក Kevil Mayer នាយកប្រតិបត្តិ TikTok (AFP)
× លោក Kevin Mayer នាយកប្រតិបត្តិនៃកម្មវិធីផលិតវីដេអូខ្លីៗ TikTok បានអះអាងនៅថ្ងៃទី២៦ ខែសីហាថា លោកបានសម្រេចចាកចេញពីក្រុមហ៊ុន។ ការដើរចេញរបស់លោក ធ្វើឡើងស្របពេលដែលមានភាពតានតឹងខ្លាំងរវាងក្រុងវ៉ាស៊ីនតោននិងក្រុងប៉េកាំងពាក់ព័ន្ធនឹងកម្មវិធីទូរសព្ទដ៏ពេញនិយមរបស់ចិនមួយនេះ។
កម្មវិធីទូរសព្ទ TikTok ត្រូវបានស្ថិតនៅត្រង់ចំណុចកណ្ដាលនៃព្យុះភ្លៀងការទូតរវាងសហរដ្ឋអាមេរិកនិងចិន។ ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិកាលពីថ្ងៃទី៦ ខែសីហា ដើម្បីទុកពេល៤៥ថ្ងៃឲ្យក្រុមហ៊ុនអាមេរិកបញ្ឈប់ការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនចិន ByteDance ដែលជាម្ចាស់ TikTok ឬក៏ចរចាលក់កម្មវិធីនេះឲ្យក្រុមហ៊ុនអាមេរិកកាន់កាប់វិញ។ TikTok ប្រកាសថា ខ្លួននឹងជំទាស់បញ្ជានេះ។
ក្នុងលិខិតផ្ញើទៅឲ្យបុគ្គលិក និងក្រុមហ៊ុន ByteDance លោក Kevin Mayer ដែលចូលកាន់តំណែងនៅ TikTok ចាប់តាំងពីខែឧសភា បានបញ្ជាក់ថា បរិយាកាសនយោបាយ បានប្រែប្រួលលឿនរហ័សក្នុងពេលប៉ុន្មានសប្ដាហ៍ចុងក្រោយ ហើយជាលទ្ធផល លោកបានសម្រេចចិត្តចាកចេញពីក្រុមហ៊ុននេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
«ខ្ញុំយល់ថា តួនាទីដែលខ្ញុំបានចូលកាន់នេះ រួមមានការដំណើរការ TikTok ទូទាំងសកល នឹងមានការផ្លាស់ប្តូរ ដោយសារសកម្មភាពរបស់រដ្ឋបាលអាមេរិកដែលជំរុញឲ្យលក់ទៅឲ្យក្រុមហ៊ុនអាមេរិក»។ លោក Mayer អះអាងបែបនេះ។ TikTok និយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនគោរពតាមការសម្រេចចិត្តរបស់លោក Mayer និងអរគុណសម្រាប់ពេលវេលារបស់លោកជាមួយក្រុមហ៊ុន។
ការសម្រេចលាលែងពីតំណែងនៅ TikTokរបស់លោក Mayer កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយ TikTok ប្រកាសថា ខ្លួននឹងប្ដឹងជំទាស់វិធានការរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មកលើខ្លួន ក្រោមហេតុផលថា ប៉ះពាល់សន្តិសុខអាមេរិក។
អ្វីដែលអាមេរិកបារម្ភខ្លាំងពី TikTok ដែលមានអ្នកប្រើប្រាស់ជាង១០០លាននាក់នៅអាមេរិក និងជាង១ពាន់លាននាក់នៅទូទាំងពិភពលោក គឺទិន្នន័យអ្នកប្រើប្រាស់ដែលអាចធ្លាក់ចូលដល់ដៃរដ្ឋាភិបាលចិន ខណៈចិនមានច្បាប់កំណត់ឲ្យក្រុមហ៊ុនខ្លួនផ្ដល់ព័ត៌មានសម្រាប់ការស៊ើបអង្កេតណាមួយ។ ទាំងទីក្រុងប៉េកាំង ទាំង ByteDance សុទ្ធតែបានទាត់ចោលការចោទប្រកាន់បែបនេះ។
ទាក់ទងការលក់ប្រតិបត្តិការវិញ ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាMicrosoft និង Oracle ស្ថិតក្នុងការចរចាជាមួយ TikTok លើកិច្ចព្រមព្រៀងទិញលក់ប្រតិបត្តិការនៅអាមេរិក។ ដោយឡែកក្រុមហ៊ុន Oracle ក៏ចង់ទិញប្រតិបត្តិការ TikTok នៅអូស្ត្រាលី នូវែលសេឡង់ និងកាណាដាផងដែរ៕
Tag:
សហរដ្ឋអាមេរិក
ចិន
TikTok
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com