អន្តរជាតិ
ប្រធាន​ប្រតិបត្តិ TikTok លាលែង​តំណែង ខណៈ​លោក ត្រាំ គំរាម​បិទ​ចោល​
27, Aug 2020 , 10:59 pm        
រូបភាព
លោក Kevil Mayer នាយកប្រតិបត្តិ TikTok (AFP)
លោក Kevil Mayer នាយកប្រតិបត្តិ TikTok (AFP)
ដោយ:
​លោក Kevin Mayer នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​ផលិត​វីដេអូ​ខ្លីៗ TikTok បាន​អះអាង​នៅ​ថ្ងៃទី​២៦ ខែសីហា​ថា លោក​បានសម្រេច​ចាកចេញ​ពី​ក្រុមហ៊ុន​។  ការ​ដើរចេញ​របស់លោក ធ្វើឡើង​ស្របពេល​ដែលមាន​ភាព​តានតឹង​ខ្លាំង​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ប៉េកាំង​ពាក់ព័ន្ធ​នឹង​កម្មវិធី​ទូរ​សព្ទ​ដ៏​ពេញនិយម​របស់​ចិន​មួយ​នេះ​។​

 
 
​កម្មវិធី​ទូរ​សព្ទ TikTok ត្រូវបាន​ស្ថិតនៅត្រង់​ចំណុចកណ្ដាល​នៃ​ព្យុះភ្លៀង​ការទូត​រវាង​សហរដ្ឋអាមេរិក​និង​ចិន​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​កាលពី​ថ្ងៃទី​៦ ខែសីហា ដើម្បី​ទុកពេល​៤៥​ថ្ងៃ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​បញ្ឈប់​ការធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​ចិន ByteDance ដែលជា​ម្ចាស់ TikTok ឬក៏​ចរចា​លក់​កម្មវិធី​នេះ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​កាន់កាប់​វិញ​។ TikTok ប្រកាសថា ខ្លួន​នឹង​ជំទាស់​បញ្ជា​នេះ​។​
 
​ក្នុង​លិខិត​ផ្ញើ​ទៅ​ឲ្យ​បុគ្គលិក និង​ក្រុមហ៊ុន ByteDance លោក Kevin Mayer ដែល​ចូលកាន់​តំណែង​នៅ TikTok ចាប់តាំងពី​ខែឧសភា បាន​បញ្ជាក់ថា បរិយាកាស​នយោបាយ បាន​ប្រែប្រួល​លឿន​រហ័ស​ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ ហើយ​ជា​លទ្ធផល លោក​បាន​សម្រេចចិត្ត​ចាក​ចេញពី​ក្រុមហ៊ុន​នេះ​។  នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
«​ខ្ញុំ​យល់ថា តួនាទី​ដែល​ខ្ញុំ​បាន​ចូលកាន់​នេះ រួម​មានការ​ដំណើរការ TikTok ទូទាំង​សកល  នឹងមាន​ការផ្លាស់ប្តូរ ដោយសារ​សកម្មភាពរ​បស់​រដ្ឋបាល​អាមេរិក​ដែល​ជំរុញ​ឲ្យ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​»​។ លោក Mayer អះអាង​បែបនេះ​។ TikTok និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ខ្លួន​គោរព​តាម​ការសម្រេចចិត្ត​រប​ស់លោក Mayer និង​អរគុណ​សម្រាប់​ពេលវេលា​របស់លោក​ជាមួយ​ក្រុមហ៊ុន​។ 
 
​ការសម្រេច​លាលែង​ពី​តំណែង​នៅ TikTok​របស់លោក Mayer កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ TikTok ប្រកាសថា ខ្លួន​នឹង​ប្ដឹង​ជំទាស់​វិធានការ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មកលើ​ខ្លួន ក្រោម​ហេតុផល​ថា ប៉ះពាល់​សន្តិសុខ​អាមេរិក​។ 
​អ្វីដែល​អាមេរិក​បារម្ភ​ខ្លាំង​ពី TikTok ដែលមាន​អ្នកប្រើប្រាស់​ជាង​១០០​លាន​នាក់​នៅ​អាមេរិក និង​ជាង​១​ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក គឺ​ទិន្នន័យ​អ្នកប្រើប្រាស់​ដែល​អាច​ធ្លាក់ចូល​ដល់ដៃ​រដ្ឋាភិបាល​ចិន ខណៈ​ចិន​មានច្បាប់​កំណត់​ឲ្យ​ក្រុមហ៊ុន​ខ្លួន​ផ្ដល់ព័ត៌មាន​សម្រាប់​ការស៊ើបអង្កេត​ណាមួយ​។ ទាំង​ទីក្រុង​ប៉េកាំង ទាំង ByteDance សុទ្ធតែ​បាន​ទាត់ចោល​ការចោទប្រកាន់​បែបនេះ​។​
 
​ទាក់ទង​ការលក់​ប្រតិបត្តិការ​វិញ ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​Microsoft និង Oracle ស្ថិតក្នុង​ការចរចា​ជាមួយ TikTok លើ​កិច្ចព្រមព្រៀង​ទិញ​លក់​ប្រតិបត្តិការ​នៅ​អាមេរិក​។ ដោយឡែក​ក្រុមហ៊ុន Oracle ក៏​ចង់​ទិញ​ប្រតិបត្តិការ TikTok នៅ​អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​កាណាដា​ផងដែរ​៕
 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  TikTok
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com