កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនី​វាយ​កូន​បាល់ Osaka ដកខ្លួន​ពី​ការប្រកួត​នៅ​អាមេរិក ដើម្បី​តវ៉ា​ករណី​ប៉ូលិស​បាញ់​បុរស​ស្បែក​ខ្មៅ​ម្នាក់​
27, Aug 2020 , 11:58 pm        
រូបភាព
​កីឡាការិនី​វាយ​កូន​បាល់​លេខ​១​ពិភពលោក Naomi Osaka សុខ​ចិត​ដកខ្លួន​ចេញពី​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ WTA Western & Southern Open ដើម្បី​ប្រឆាំងនឹង​ការបាញ់​បុរស​ស្បែក​ខ្មៅ​ពី​សំណាក់​ប៉ូលិស​ស្បែ​កស ក្នុង​រដ្ឋ Wisconsin សហរដ្ឋអាមេរិក​។

 
​កីឡាការិនី​វាយ​កូន​បាល់​ដ៏​ល្បី​របស់​ជប៉ុន ដែលជា​ម្ចាស់​ជើងឯក Grand Slam ពីរ​សម័យកាល​នឹងត្រូវ​ប្រជែង​ជាមួយ​កីឡាការិនី​បែលហ្ស៊ិក Elise Mertens នៅ​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ នៅ​ទីក្រុង​ញូវយ៉ក ថ្ងៃទី​២៧ ខែសីហា នេះ​។ យ៉ាងណា Osaka សម្រេច​មិន​ចូលរួម​ការប្រកួត​នេះឡើយ ដោយ​យក​ការបោះបង់​នេះ​ជាការ​តវ៉ា​ជុំវិញ​ការបាញ់​លើ​បុរស​ស្បែក​ខ្មៅ​សញ្ជាតិ​អាមេរិក​ឈ្មោះ Jacob Blake​។ 


 
​លោក Jacob វ័យ​២៩​ឆ្នាំ ត្រូវ​ប៉ូលិស​បាញ់​ចំ​ពីក្រោយ​ខ្នង ចំនួន​៧​គ្រាប់ កាលពី​ថ្ងៃទី​២៣ ខែសីហា​នៅក្នុង​ក្រុង Kenosha រដ្ឋ Wisconsin សហរដ្ឋអាមេរិក​។ រូបគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ផងដែរ​។ សព្វថ្ងៃ ឪពុក​របស់គេ​និយាយថា Jacob ពិការ​មួយ​កំណត់​ខ្លួន​ចុះក្រោម​។  
 
​នៅលើ​បណ្តាញ​សង្គម Twitter កីឡាការិនី​ជប៉ុន Osaka សរសេរថា​៖« មុនពេល​ខ្ញុំ​ជា​អត្ត​ព​លិ​ក ខ្ញុំ​ជា​ស្ត្រី​ស្បែក​ខ្មៅ​ធម្មតា​ម្នាក់​។ ក្នុងនាម​ជា​ស្ត្រី​ស្បែក​ខ្មៅ​ម្នាក់​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​បញ្ហាសំខាន់ៗ​ជាច្រើន​ដែល​ត្រូវការ​ការយកចិត្តទុកដាក់ ជាជាង​ការលេង ឬ​មើល​ខ្ញុំ​លេង​កីឡា​វាយ​កូន​បាល់​។ កីឡាការិនី វ័យ​២២​ឆ្នាំ ដែល​បានកើត​នៅ​ប្រទេស​ជប៉ុន​ដោយមាន​ឪពុក​ជា​ជនជាតិ​ហៃ​ទី និង​ម្ដាយ​ជនជាតិ​ជប៉ុន​បន្ថែមថា នាង​ខ្ញុំ​មិនដឹងថា​នឹងមាន​អ្វី​កើតឡើង​នៅពេល​ដកខ្លួន​ចេញពី​ប្រកួត​នេះនោះ​ទេ ប៉ុន្តែ​នាង​ជឿជាក់ថា​នេះ​ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​។​

 
​ក្រៅពី Osaka ការប្រកួត​កីឡាបាល់បោះ​ក្របខណ្ឌ NBA ទាំងអស់ និង​ការប្រកួត​លី​គ​កីឡាបាល់ទាត់​កំពូល​អាមេរិក (MLS) ចំនួន​៥​ប្រកួត ក៏ត្រូវ​បាន​ផ្អាក​ផងដែរ​។ ក្រោយ​ការបាញ់​លើ Jacob ពី​សំណាក់​ប៉ូលិស​អាមេរិក​ដែរ ការតវ៉ា​ក៏​ផ្ទុះឡើង​នៅ​ទីក្រុង Kenosha ដែលជា​កន្លែងកើតហេតុ​។ មនុស្ស​២​នាក់​បាន​ស្លាប់​បន្ទាប់ពី​មានការ​បាញ់ប្រហារ​ទៅលើ​ក្រុមបាតុករ​ដោយ​កាំភ្លើង​វែង​កាលពី​ថ្ងៃទី​២៥ ខែសីហា​កន្លងទៅ​។​
 
​កាលពី​ខែមីនា​កន្លងទៅ បុរស​ស្បែក​ខ្មៅ George Floyd ក៏ត្រូវ​ស្លាប់​ក្រោម​ស្នាដៃ​ប៉ូលិស​ស្បែក​ស​នៅលើ​ទឹកដី​អាមេរិក លោក George បាន​ស្លាប់​ដោយសារ​ប៉ូលិស ឈ្មោះ Derek Chauvin ប្រើ​ជង្គង់​សង្កត់ ក ផ្ទប់​ទៅនឹង​ដី ដោយ​ទង្វើ​របស់​ប៉ូលិស​បែបនេះ​ត្រូវបាន​គេ​រិះគន់ថា​ជាការ​រើសអើង​ជាតិ​សាសន៍​ពណ៌​សម្បុរ​។ បាតុកម្ម​រក​យុត្តិធម៌​ឲ្យ​រូបគេ​មិនទាន់​ចប់​ផង​ដល់​បច្ចុប្បន្ន​៕

Tag:
 Naomi Osaka
  Jacob Blake
© រក្សាសិទ្ធិដោយ thmeythmey.com