សង្គមអន្តរជាតិ​
អន្តរជាតិ
រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​៖ អាមេរិក មិន​ចែក​ទឹកដី​ប៉ាស៊ីហ្វិក​ឲ្យ​ចិន​មួយ​ចម្រៀក​ឡើយ​
28, Aug 2020 , 8:29 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ ។ រូបភាព Xinhua
រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ ។ រូបភាព Xinhua
​ពី​រដ្ឋ​ហា​វ៉ៃ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ម៉ាក អេ​ស្ពើ នៅ​ថ្ងៃទី​២៦ ខែសីហា ប្រកាសថា អាមេរិក​មានការ​ទទួល​ខុសត្រូវ​ក្នុងការ​ដឹកនាំ​តំបន់​ប៉ាស៊ីហ្វិក ហើយនឹង​មិន​ចែក​ទឹកដី​នេះ​មួយ​អ៊ី​ញ​ណាមួយ​ឲ្យ​ប្រទេស​ដែល​គិតថា មាន​ប្រព័ន្ធ​នយោបាយ​ល្អ​ជាង​អាមេរិក​ដែរ​។ ទោះ​មិន​និយាយ​ចំឈ្មោះ​ប្រទេស​ណា ក៏​គេ​អាច​យល់ច្បាស់​ថា លោក អេ​ស្ពើ ចង់​សំដៅ​ចិន​ដែល​សព្វ​ថ្ងៃជា​គូប្រជែង​របស់​អាមេរិក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នោះ​។

 
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ម៉ាក អេ​ស្ពើ ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​តំបន់​ប៉ាស៊ីហ្វិក ទី​ដែល​ការប្រកួតប្រជែង​រវាង​អាមេរិក និង​ចិន​កំពុងពុះ​កញ្ជ្រោល​ខ្លាំង​ឡើងៗ​។ កោះ​ហា​វ៉ៃ ប៉ា​ឡាវ និង​ហ្កា​ម ស្ថិតក្នុង​គោលដៅ​របស់​ទស្សនកិច្ច​លោក អេ​ស្ពើ ។ 
 
​អំឡុងពេល​សំចត​នៅ​កោះ​ហា​វ៉ៃ​នៅ​ថ្ងៃទី​២៦ ខែសីហា លោក អេ​ស្ពើ បាន​និយាយ​វាយប្រហារ​ចិន​ដែល​កំពុង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ចូល​តំបន់​ប៉ាស៊ីហ្វិក​ដែល​អាមេរិក​បាន​ឈរជើង​រាប់សិប​ទសវត្សរ៍​មក​ហើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រមុខ​ការពារជាតិ​អាមេរិក សង្ឃឹមថា អាមេរិក​អាចធ្វើ​ការ​ជាមួយ​ចិន​ដើម្បី​ឲ្យ​ចិន​គោរព​ច្បាប់​អន្តរជាតិ ទោះជា​កន្លងមក ចិន​បរាជ័យ​ក្នុងការ​ធ្វើតាម​ការសន្យា ហើយ​មាន​មហិច្ឆតា​ទំនើបកម្ម​យោធា​ក៏ដោយចុះ​។​
 
​បើតាម​លោក អេ​ស្ពើ ដើម្បី​សម្រេច​ឲ្យ​បាន​របៀបវារៈ​បក្ស​កុម្មុយនីស្ត​ចិន កងទ័ព​រំដោះប្រជាជន​ចិន បាន​បន្ត​ផែនការ​ធ្វើ​ទំនើបកម្ម​យោធា​កោងកាច​របស់ខ្លួន សំដៅ​ក្លាយជា​កងទ័ព​ស្តង់ដា​ពិភពលោក​នៅ​ពាក់កណ្ដាល​សតវត្សរ៍​នេះ​។ លោក​បន្តថា វា​ជា​រឿង​ជៀស​មិន​ផុត​ឡើយ​ដែល​កងទ័ព​ចិន​នឹង​ចូល​ពាក់ព័ន្ធ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ចិន​ខាងកើត និង​គ្រប់កន្លែង​ដែលមាន​ប្រ​យ​យោជន៍​សម្រាប់​ចិន​។ 
 
«​អាមេរិក មានការ​ទទួលខុសត្រូវ​ក្នុង​ការដឹកនាំ​ប៉ាស៊ីហ្វិក​។ យើង​ជា​ប្រទេស​ប៉ាស៊ីហ្វិក ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​អស់​ពេល​ជា​យូរ​មកហើយ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក អេ​ស្ពើ ដែល​ចាត់ទុក​តំបន់​មួយ​នេះ​ជាទី​តាំង​កណ្ដាល​នៃ​ការប្រកួតប្រជែង​រវាង​អាមេរិក និង​ចិន​។ ត្រង់ចំណុច​នេះ លោក អេ​ស្ពើ ក៏​និយាយ​ដល់​រុស្ស៊ី​មួយទៀត​ដែល​ប្រជែង​នឹង​អាមេរិក​ដែរ​។ 
 
​ដោយ​ចង់​សំដៅ​ចិន រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក និយាយ​ច្បាស់​ថា អាមេរិក​នឹងមិន​ចែក​ប៉ាស៊ីហ្វិក​សូម្បី​មួយ​អ៊ី​ញ​ឲ្យ​ប្រទេស​ណា​ដែល​គិតថា ខ្លួន​មាន​ប្រព័ន្ធ​រដ្ឋាភិបាល សិទ្ធិមនុស្ស អធិបតេយ្យ សេរីភាព​នានា​ល្អ​ជាង​អាមេរិក​ឡើយ​។ លោក អេ​ស្ពើ ទំនង​មានន័យថា ចិន​មិនអាច​ប្រជ្រៀតចូល​តំបន់​ដែល​អាមេរិក​មាន​ឥទ្ធិពល​បានឡើយ​។ 
 
​ការលើកឡើង​ខាងលើ​របស់លោក អេ​ស្ពើ គ្រាន់តែ​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​ទប់ទល់​ឥទ្ធិពល​ចិន​ក្នុង​តំបន់ ដែល​ត្រូវបាន​ចាត់ទុក​ជាការ​គំរាម​លើ​ទីតាំង​ឈរជើង​របស់​អាមេរិក​។ បញ្ហា​នេះ ក៏​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​ការមើល​មុខ​គ្នា​មិនត្រូវ​រវាង​មហាអំណាច​ពិភពលោក​ទាំងពីរ​ផងដែរ​៕
 

Tag:
 អាមេរិក​
  ចិន​
  ម៉ាក អេ​ស្ពើ
© រក្សាសិទ្ធិដោយ thmeythmey.com