ជាតិ
សេដ្ឋកិច្ច
អាកាសចរ​ស៊ីវិល​សិក្សា​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​ទាំង​៥ បើក​ការហោះហើរ​ឡើងវិញ​
28, Aug 2020 , 9:40 am        
រូបភាព
តំណាង​ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​ទាំង​៥ មកជួប​ពិភាក្សា​ការងារ​ជាមួយ លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​(​កណ្តាល​) កាលពី​ថ្ងៃទី​២៥​សីហា ឆ្នាំ​២០២០​។ រូបថត ៖ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​
តំណាង​ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​ទាំង​៥ មកជួប​ពិភាក្សា​ការងារ​ជាមួយ លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​(​កណ្តាល​) កាលពី​ថ្ងៃទី​២៥​សីហា ឆ្នាំ​២០២០​។ រូបថត ៖ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​
​ភ្នំពេញ​៖ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល កំពុង​សិក្សា​ពី​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ទាំង​៥ បើក​ការហោះហើរ​ឡើងវិញ ដើម្បី​ស្តារ​ជា​បណ្តើរៗ​នូវ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​វិស័យនេះ ដែល​កំពុង​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​ការ​រាតត្បាត​ជា​សាកល​ពី​កូ​វីដ​-១៩ (COVID-19)​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ជា អូន អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​។

 
​លោក ជា អូន បាន​ប្រាប់ ThmeyThmey តាម​តេ​ឡេ​ក្រាម កាលពី​ថ្ងៃទី​២៧​សីហា ឆ្នាំ​២០២០ ថា  រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល កំពុង​សិក្សា​អំពី​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​អាកាសចរ​ទាំង​៥​នោះ បើក​ការហោះហើរ​ឡើងវិញ​នៅក្នុង​ស្រុក នៅ​តំបន់​ឬ​ផ្នែក​ណាខ្លះ​នៃ​ប្រទេស​ចិន និង​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែលមាន​ហានិភ័យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ទាប​បំផុត​។ 
 
​បើតាម​លោក ជា អូន ក្រុមហ៊ុន​អាកាសចរទាំង​ស្រុក​នីមួយៗ អាចមាន​លទ្ធភាព​ហើរ​ហោះ​ទៅ​ប្រទេស​ចិន​នៅក្នុង​ចំណុច​ឬ​គោលដៅ​ណាមួយ​បាន​មួយ​ជើង​ក្នុង​មួយ​សប្តាហ៍​។  រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​រូបនេះ បាន​និយាយ​ដូច្នេះ​៖ «​នេះ​ក៏​ជា​លទ្ធភាព​[​យើង​អាច​បើ​ការហោះហើរ​] មួយ​ដែរ ដោយសារ​ប្រទេស​ចិន​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩​បានល្អ ហើយ​ការដឹក​អ្នកដំណើរ​ពី​ចិន​មក​ក៏​អត់​មាន​បញ្ហា​អី​ដែរ​។ អ៊ីចឹង ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ គឺ​ទាប​»​។ 
 
​លោក​បាន​បន្ថែម ថា​៖« ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​យើង ដែល​ហោះ​មក​កម្ពុជា យើង​នឹង​មើល​ប្រទេស​ណា​ដែលមាន​ហានិភ័យ​ទាប​[​ឆ្លង​កូ​វីដ​-១៩)​យើង​ក៏​អាច​បើក​ឱ្យមាន​ជើងហោះហើរ ដើម្បី​ឱ្យមាន​ចរន្ត​នៃ​ការហោះហើរ និង​ចរន្ត​សេដ្ឋកិច្ច​ឡើងវិញ​»​។ 
 
​កាលពី​ណា​ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​ទាំងនោះ​បិទ​ការហោះហើរ កាន់តែ​យូរ មិន​ត្រឹម​ធ្វើឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ខាត​កាន់តែ​ធ្ងន់ធ្ងរ​ទេ គឺ​ក៏​ធ្វើឱ្យ​ពលរដ្ឋ​ក្នុងស្រុក និង​អាកាសយានដ្ឋាន​នានា​នៅ​កម្ពុជា​រង​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច ទៅតាម​ហ្នឹង​ផងដែរ​។ លោក ជា អូន បាន​និយាយ​ដូច្នេះ​៖«​យើង​ត្រូវ​ថ្លឹងថ្លែង ថា តើ​ការបើក​ជើងហោះហើរ​ឡើងវិញ​ហ្នឹង​មិនមាន​ហានិភ័យ​ខ្ពស់ ហើយ​មាន​ហានិភ័យ​ទាប​ក្នុងការ​ឆ្លង​កូ​វីដ​ទាប យើង​គួរតែ​បើក​ដែរ​»​។​
 
​ជាមួយនឹង​គ្នា​នេះ លោក បាន​បញ្ជាក់ថា ការបើក​ជើងហោះហើរ​ឡើង​នេះ គឺ​អនុវត្ត​ប្រតិបត្តិការ​តាម​ស្តង់ដារ​របស់​អង្គការ​អាកាសចរ​ស៊ីវិល​អន្តរជាតិ​ដែល​បាន​យក​វិធាន​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ពី​អង្គការ​សុខភាព​ពិភពលោក​(WHO)​។ 
 
​ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​របស់​កម្ពុជា​ទាំង​៥​នោះ មាន ក្រុមហ៊ុន Cambodia Angkor air ក្រុមហ៊ុន Sky Angkor ក្រុមហ៊ុន Cambodia airway ក្រុមហ៊ុន JC airline និង​ក្រុមហ៊ុន Lanmei Airline​។ កាលពី​ថ្ងៃទី​២៥​សីហា ឆ្នាំ​២០២០ ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​ទាំង​៥​នេះ បានស្នើ​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល ជួយ​សម្របសម្រួល​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ផ្តល់ឱ្យ​ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​ទាំង​៥​នោះ ដឹក​ដំណើរ​នៅ​ជុំវិញ​តំបន់​។  ប៉ុន្តែ​ការដឹក​អ្នកដំណើរ​ប្រទេស​ណាមួយ​ក្នុង​អាស៊ាន​នេះ គឺ​មក​ចូល​កម្ពុជា​ឡើយ​។ នេះ​បើតាម លោក ជា អូន​។ 
 
​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរស៊ីវិល​រូបនេះ បាន​និយាយ​ដូច្នេះ​៖«​លទ្ធភាព​ដែល​អាចទៅរួច​មួយទៀត គឺ​ពួកគាត់​[​ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​ទាំង​៥] បានស្នើ​យើង​ទំនាក់ទំនង​ទៅ​ប្រទេស​ក្នុង​តំបន់​ហ្នឹង ដោយ​មិន​យក​ភ្ញៀវ​មក​ស្រុក​យើង​ទេ​»​។ 


រូបតំណាង​៖ លោក ជា អូន អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ក្នុង​សន្និសីទកាសែត​ស្តីពី​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០​។ រូបភាព​៖ អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល
 
​លោក​បាន​លើក​ឧទាហរណ៍​ថា បើ​ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​ណាមួយ បាន​ហោះហើរ​ពី​ប្រទេស​ណាមួយ​មក​ស្រុក​ខ្មែរ​នោះ គឺ​គ្រាន់តែ​ចូល​ឈប់​ចាក់​សាំង​យន្តហោះ​តែប៉ុណ្ណោះ ហើយនឹង​បន្ត​ការហោះហើរ​ឆ្ពោះ​ត្រង់​ទៅ​ប្រទេស​គោលដៅ ដូចជា​ប្រទេស​ចិន​ជាដើម​។ ក្នុង​រយៈពេល​ដែល​យន្ត​ហោះចូល​ចាក់​សាំង​នៅ​កម្ពុជា​ហ្នឹង អ្នកដំណើរ​ក្នុង​យន្តហោះ​ទាំងអស់ គឺ​តម្រូវឱ្យ​រង់ចាំ​នៅក្នុង​អាកាសយានដ្ឋាន រហូតដល់​យន្តហោះ​ចាក់​សាំង​ហើយ នឹង​បន្តដំណើរ​ភ្លាម​។​
 
​យ៉ាងណាមិញ រដ្ឋលេខាធិការ​ប្រចាំការ​អាកាសចរ​ស៊ីវិល​រូបនេះ មិនទាន់​អាច​កំណត់​បាន​នៅឡើយ​ចំពោះ​ការអនុញ្ញាតឱ្យ​ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​ទាំង​៥​នោះ បើក​ជើងហោះហើរ​ឡើងវិញ​នៅពេលណា​ឡើយ ដោយ លោក​បាន​បញ្ជាក់ថា រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល កំពុង​គិតគូ និង​សិក្សា​ពី​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​បើក​ជើងហោះហើរ​ដែលមាន​ហានិភ័យ​ទាប​បំផុត​ក្នុង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។ 
 
​បើតាម​លោក ជា អូន វិបត្តិ កូ​វីដ​-១៩ បានធ្វើឱ្យ​កម្ពុជា​បាត់បង់​អ្នកធ្វើដំណើរ​តាម​ជើងហោះហើរ ពី​១០០​ភាគរយ នៅសល់​ត្រឹមតែ​៥​ឬ​៦​ភាគរយ​ប៉ុណ្ណោះ​។ លោក​បន្ត​រៀបរាប់ថា មុន​ពិភពលោក​ជួប​វិបត្តិ​កូ​វីដ​-១៩ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ របស់​កម្ពុជា អាច​ទទួលបាន​ដំណើរ​បាន​ជាង​៤០,០០០​នាក់​ក្នុង​មួយថ្ងៃៗ​។ ក្នុងនោះ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទទួលបាន​ដំណើរ​បាន​១៧,០០០​នាក់​, អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​ទទួលបាន​ចំនួន​ជិត​១៧,០០០​នាក់ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ជាង​៨០០០​នាក់​។ ប៉ុន្តែ បច្ចុប្បន្ន​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទទួលបាន​ដំណើរ​បាន​ត្រឹម​ជាង​៥០០​នាក់​ក្នុង​មួយថ្ងៃ​៕  
 

Tag:
 អាកាសចរ​
  លោក ជា អូន​
© រក្សាសិទ្ធិដោយ thmeythmey.com