អន្តរជាតិ
អាមេរិក រិះគន់ថា ចិន​បាញ់​មី​ស៊ី​ល​នៅ​សមុទ្រ​ចិន​ខាងត្បូង ជាការ​គំរាម​សន្តិសុខ​តំបន់​
28, Aug 2020 , 10:24 am        
រូបភាព
ក្បួននាវាចម្បាំងរបស់ចិននៅសមុទ្រចិនខាងត្បូងនាពេលកន្លងមក។ រូបភាព Xinhua
ក្បួននាវាចម្បាំងរបស់ចិននៅសមុទ្រចិនខាងត្បូងនាពេលកន្លងមក។ រូបភាព Xinhua
​មន្ទីរ​បញ្ច​កោណ​អាមេរិក នៅ​ថ្ងៃទី​២៧ ខែសីហា បាន​រិះគន់​ចិន​ចំៗ ក្រោយ​មានការ​រាយការណ៍​ថា ចិន​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។  ក្រសួងការពារជាតិ​អាមេរិក ចាត់ទុក​ការបាញ់​នេះ ជាការ​គំរាមកំហែង​សន្តិភាព សន្តិសុខ​ក្នុង​តំបន់ និង​ជា​ទង្វើ​មិន​គោរព​សេចក្តីប្រកាស​រួមជាមួយ​អាស៊ាន​នៅ​ឆ្នាំ ២០០២ ផងដែរ​។

 
 
 
​ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​២៧ ខែសីហា ក្រសួងការពារជាតិ​អាមេរិក អះអាងថា ចិន​ពិតជា​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចំនួន​បួន​គ្រាប់​ពី​ដែន​ដីគោក​របស់ខ្លួន​ទៅ​តំបន់​សមុទ្រ​ចន្លោះ​ពី​កោះ​ហៃ​ណាន និង​ប្រជុំ Paracel នៃ​សមុទ្រ​ចិន​ខាងត្បូង​អំឡុងពេល​សមយុទ្ធ​យោធា​នៅ​ថ្ងៃទី​២៧ ខែសីហា ។ ការបាញ់​មី​ស៊ី​ល ទំនង​ជាការ​គំរាម​អាមេរិក បាន​បញ្ជា​ឲ្យ​យន្តហោះ​ស៊ើបការណ៍​មួយគ្រឿង មក​ក្បែរ​សមយុទ្ធ​យោធា​របស់​ចិន​។ 
 
​បន្ទាប់ពី​ករណី​បាញ់​មី​ស៊ី​ល​នេះ អាមេរិក​មិន​នៅ​ស្ងៀម ព្រោះ​អាមេរិក​ជឿថា​នេះ ជា​ចេតនា​របស់​ចិន ក្នុង​ការបង្ក​អស្ថិរភាព​នៅក្នុង​តំបន់​។ មន្ទីរ​បញ្ច​កោណ​អះអាងថា សកម្មភាព​របស់​ចិន ក៏ដូចជា​ការសាកល្បង​មី​ស៊ី​ល គឺ​កាន់តែ​បន្ថែម​អស្ថិរភាព​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ សកម្មភាព​របស់​ចិន​នេះ មន្ទីរ​បញ្ច​កោណ​អាមេរិក គឺ​ចង់​សំដៅ​ដល់ សមយុទ្ធ​យោធា​របស់​ចិន ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៤ ខែសីហា ដល់​ថ្ងៃទី​២៩ ខែសីហា​។ 
 
​ដោយ​សំដៅ​ទីក្រុង​ប៉េកាំង​ចំៗ ក្រសួងការពារជាតិ​អាមេរិក បាន​បន្ថែមទៀតថា សមយុទ្ធ​យោធា​បែបនេះ គឺ​មិន​គោរព​តាម​ការប្តេជ្ញាចិត្ត​របស់​ចិន ដែល​បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ស្តីពី​ការប្រតិបត្តិ​របស់​ភាគី​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង (DOC) ឆ្នាំ​២០០២ ដែល​បញ្ជាក់​ពី​ការបញ្ចៀស​បញ្ហា​ស្មុគស្មាញ និង​បង្ការ​ការរីក​សាយភាយ​នៃ​ជម្លោះ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ 
 
​នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល អាមេរិក ក៏បាន​បញ្ជាក់​ផងដែរ​ថា កន្លងមក ខ្លួន​ក៏បាន​ជំរុញ​ឲ្យ​ចិន​កាត់បន្ថយ​ការធ្វើ​យោ​ធូប​នីយកម្ម និង​ការគំរាមកំហែង​នៅក្នុង​តំបន់​ផងដែរ ប៉ុន្តែ​ផ្ទុយ​មកវិញ ចិន​មានតែ​ជ្រើស​យក​សមយុទ្ធ​យោធា និង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​សូមបញ្ជាក់ថា ចិន បានចាប់ផ្តើម​សកម្មភាព​របស់ខ្លួន​កាន់តែខ្លាំង​ឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ស្របពេល​អាមេរិក ក៏​កាន់តែ​លូកដៃ​ចូល​ជម្លោះ​ពហុភាគី​មួយ​នេះ​។ កន្លងទៅ​អាមេរិក បានបញ្ជាក់​ពី​ជំហរ​របស់ខ្លួន នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ថា អាមេរិក នឹង​គាំទ្រ​សម្ព័ន្ធមិត្ត​របស់ខ្លួន ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺមាន​ភាគី​ចំនួន​៥ ក្នុងនោះ​មានដូចជា ចិន វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និង​ព្រុយ​ណេ​។ តៃវ៉ាន់ មិនមែនជា​ប្រទេស​ទេ ប៉ុន្តែ​ក៏​ជា​ភាគី​នៃ​ជម្លោះ​ដែរ​៕

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com