ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​ប្រជា​ធិ​បេ​តយ្យ​មូលដ្ឋាន ស្នើ​ឲ្យ​ស្ដារ​សិទ្ធិមនុស្ស ដើម្បី​យក​EBA ២០​ភាគរយ​វិញ តែ​រដ្ឋាភិបាល​ថា គ្មានអ្វី​កែប្រែ​
28, Aug 2020 , 11:22 am        
រូបភាព
លោក យ៉េង វីរៈ (រូបកណ្ដាល) ក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្ដីពី ក្ដីបារម្ភអំពីស្ថានភាពនយោបាយនិងដំណោះស្រាយថ្ងៃទី២៧ សីហា ២០២០។ (រូបថតដោយ៖ ឡាយ សុភាវតី)
លោក យ៉េង វីរៈ (រូបកណ្ដាល) ក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្ដីពី ក្ដីបារម្ភអំពីស្ថានភាពនយោបាយនិងដំណោះស្រាយថ្ងៃទី២៧ សីហា ២០២០។ (រូបថតដោយ៖ ឡាយ សុភាវតី)
​ភ្នំពេញ​៖ គណបក្ស​ប្រជា​ធិ​បេ​តយ្យ​មូលដ្ឋាន​(​គ​.​ប​.​ម​) ស្នើ​ឲ្យ​រដ្ឋាភិបាល​ស្ដារ​បញ្ហា​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់យ៉ាង​លើ​លែង​តែ​អាវុធ​(EBA)២០​ភាគរយ​ត្រឡប់មកវិញ​។ តែ​រដ្ឋាភិបាល​តប​ថា កម្ពុជា គ្មាន​ចំណុច​ដែល​ត្រូវ​កែប្រែ ដើម្បី​ទទួលបាន EBA នេះ​វិញ​ឡើយ​។​


​លោក យ៉េ​ង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន យល់ឃើញថា ការបាត់បង់ EBA ដោយសារ​បញ្ហា​រំលោភបំពាន​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ស្ដារ​សិទ្ធិមនុស្ស​ឡើងវិញ​។ ប្រធាន​គណបក្ស​រូបនេះ ក៏​បារម្ភ​ពី​បញ្ហា​បី​ចំណុច ដែល​នាំ​ឲ្យ​ស្ថានភាព​នៅ​កម្ពុជា កាន់តែ​អាក្រក់​ដែរ ក្នុងនោះ​រួមមាន ភាពមិន​ចុះសម្រុង​គ្នា​ក្នុងសង្គម​ខ្មែរ​, ការបាត់បង់​EBA ស្របពេល​រង​ផលប៉ះពាល់​កូ​វីដ​-១៩ និង​ការរំលោភ​សិទ្ធិមនុស្ស​។​
 
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី ក្ដីបារម្ភ​អំពី​ស្ថានភាព​នយោបាយ និង​ដំណោះស្រាយ កាលពី​ថ្ងៃទី​២៥ សីហា​នេះ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រូបនេះ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​គួរ​ពិចារណា ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ស្ដារ​បាន​EBA​វិញ ហើយ​បញ្ហា​ទាំងបី​នេះ​...​អាច​ស្ដារឡើងវិញ​បាន តាមរយៈ​ដំណោះស្រាយ​រួម​ធំ​មួយ​គឺ ធ្វើយ៉ាងណា​ឲ្យ​អនុភាព​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​នឹង​ប្រសើរ​ឡើងវិញ​»​។​
 
​បើតាម​លោក យ៉េ​ង វីរៈ ការស្ដារ​សិទ្ធិមនុស្ស​ឡើងវិញ​នេះ មិន​ត្រឹមតែ​អាចជួយ​ឱ្យ​កម្ពុជា​ទទួលបាន​EBA ២០​ភាគរយ​វិញ​នោះទេ វា​ថែមទាំង​ជួយ​ស្ដារ​សេដ្ឋកិច្ច និង​ទាក់ទាញ​អ្នកវិនិយោគ​ផងដែរ​។ 
 
​ប្រធាន​បក្ស​រូបនេះ សង្កត់ធ្ងន់ថា ការស្ដារ​សិ​ទិ្ធ​មនុស្ស គឺ​ផ្ដោត​សំខាន់​លើ​សិទ្ធិ​បញ្ចេញមតិ និង​ការជួបជុំ ដោយ​អហិង្សា ដោយ​គ្មាន​ការចាប់ខ្លួន​នៅក្រោម​សិទ្ធិសេរីភាព​រប​ស់​ពលរដ្ឋ​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​ឲ្យ​មានការ​ប្រកួតប្រជែង ផ្នែក​ដំណោះស្រាយ​បញ្ហា​សង្គម ពី​សំណាក់​ពលរដ្ឋ អ្នកនយោបាយ រួមជាមួយ​រដ្ឋាភិបាល​។ 
 
​ការលើកឡើង​របស់លោក យ៉េ​ង វីរៈ នេះ ធ្វើឡើង​ក្រោយពី​លោក​បាន​មើលឃើញ​ការបញ្ចេញមតិ​របស់​ព​ល​រដ្ឋ​លើ​បញ្ហា​ព្រំដែន និង​ការជួបជុំ​តវ៉ា​នានា ក្នុង​រយៈពេល​ចុងក្រោយ​នេះ បែរជា​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន និង​ដាក់​បទចោទប្រកាន់​ទៅវិញ​។ ជាក់ស្ដែង​ករណី​លោក រ៉ុង ឈុន ដែល​លើកឡើង​ពី​រឿង​ព្រំដែន​ជាដើម​។​
 
​តែ​យ៉ាងណា​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​អះអាង​ប្រាប់​សារ​ព័​ទ៌​មាន​ថ្មីៗ​ថា កម្ពុជា​គ្មានអ្វី​ត្រូវ​កែប្រែ ដើម្បី​ទទួលបាន​EBA ឡើយ ពោលគឺ​មិន​រំពឹង និង​មិន​សុំ​EBA ២០​ភាគរយ​វិញ​ទេ​។ បើតាម​លោក ផៃ ស៊ី​ផាន មូល​ហេតុដែល​កម្ពុជា មិន​បារម្ភ​អើពើ​លើ​ការបាត់​EBA ២០​ភាគរយ​នេះ ដោយសារ​កម្ពុជា បាន​ត្រៀមខ្លួន​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេងទៀត​កន្លងមកហើយ ជាពិសេស​ការពង្រឹង​ខ្លួន ផ្ដោត​សំខាន់​ទៅ​វិស័យ​កសិឧស្សាហកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​។ រីឯ​បញ្ហា​សិទ្ធិមនុស្ស​កម្ពុជា​វិញ លោក ផៃ ស៊ី​ផាន អះអាង​ដូច​ទៅនឹង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​(​គ​.​ស​.​ម​.​ក​) ពោលគឺ​កម្ពុជា​មិន​មានការ​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញមតិ​និង​ការជួបជុំ​ឡើយ​។​
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ ថ្លែងថា​៖ «​យើង​មិន​បោះបង់ចោល​អធិបតេយ្យភាព យក​EBA​ឡើយ ហើយ​រឿង​EBA​នេះ យើង​ដឹងខ្លួន​តាំងពី​១​ទៅ​២​ឆ្នាំមុន​ហើយ​ថា កំណើន​ពលរដ្ឋ​យើង​ឡើងលើ​បន្ទាត់​ក្រហម​របស់​អឺរ៉ុប​ក្នុងការ​កាត់​EBA​។ សិទ្ធិមនុស្ស​វិញ កម្ពុជា​គោរព​នូវ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​មិន​មានការ​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញមតិ​និង​ជួបជុំ​ទេ​។ ការចាត់​វិធាន​ច្បាប់​ចំពោះ​អ្នក​បញ្ចេញមតិ​និង​ជួបជុំ​កន្លងមក គឺ​ចំពោះតែ​អ្នក​បំពាន​រដ្ឋធម្មនុញ្ញ និង​ច្បាប់​តែប៉ុណ្ណោះ​»​។ 
 
​ចំណែក លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ក៏​អះអាង​យ៉ាងខ្លី​ថា កម្ពុជា​មិនមាន​អ្វី ដែល​ត្រូវ​កែប្រែ​ឡើងវិញ ពាក់ព័ន្ធ​នឹង​EBA​នេះ​ទេ ។ «​កម្ពុជា​គ្មាន​កែប្រែ ដើម្បី​យក​EBA ទេ បើ​យើង​កែប្រែ​គឺ​កែប្រែ​តាំងពីដើម​មកហើយ​»​។ នេះ​ជា​លើក​របស់លោក ស៊ាន ថៃ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com