អន្តរជាតិ
កាណាដាប្រាប់ចិនថា ការទូតចាប់បង្ខំមិនមានប្រសិទ្ធភាពឡើយ រដ្ឋមន្រ្តីការបរទេសកាណាដា Francois-Philippe Champagne (ឆ្វេងទីពីរ) ចរចាជាមួយរដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី (ស្ដាំទីពីរ) នៅអ៊ីតាលី។ រូបភាពពីក្រសួងការបរទេសចិន
× ប្រមុខការទូតកាណាដា Francois-Philippe Champagne បាននិយាយនៅថ្ងៃទី២៧ ខែសីហា ថា ការទូតបែបចាប់បង្ខំរបស់ចិនគ្មានប្រសិទ្ធភាពលើកាណាដាឡើយ។ លោក Champagne និយាយបែបនេះដោយចង់សំដៅករណីចិនចាប់ជនជាតិកាណាដាពីររូប ដែលគេមើលឃើញថា ជាការសងសឹកវិញ ក្រោយកាណាដាឃាត់ខ្លួនលោកស្រ ម៉ឹង វ៉ាន់ចូវ មន្ត្រីជាន់ខ្ពស់ក្រុមហ៊ុន Huawei តាមសំណើអាមេរិក។ វាសនារបស់ជនជាតិកាណាដាទាំងពីរ អាស្រ័យលើកវាសនារបស់លោកស្រី ម៉ឹង ដែរ។
ក្នុងសន្និសីទសារព័ត៌មានតាមទូរសព្ទនៅថ្ងៃទី២៧ ខែសីហា លោក Francois-Philippe Champagne រដ្ឋមន្ត្រីការបរទេសកាណាដា បាននិយាយដល់ជំនួបជាមួយសមភាគីចិន វ៉ាង យី នៅដើមសប្ដាហ៍នេះនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ទីដែលរដ្ឋមន្ត្រីទាំងពីរធ្វើទស្សនកិច្ចដូចគ្នា។ ករណីចាប់ខ្លួនជនជាតិកាណាដាពីរនាក់ដោយអាជ្ញាធរចិន ក៏ត្រូវបានលើកឡើងក្នុងជំនួបនោះដែរ។
អតីតអ្នកការទូតកាណាដា Michael Kovrig និងអ្នកជំនួញ Michael Spavor ត្រូវបានចាប់ខ្លួន៩ថ្ងៃក្រោយអាជ្ញាធរកាណាដាចាប់ខ្លួនលោកស្រី ម៉ឹង វ៉ាន់ចូវ នាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei តាមសំណើអាមេរិកពាក់ព័ន្ធការកេងបន្លំ។ បច្ចុប្បន្ន អ្នកទាំងពីរត្រូវបានចោទពីធ្វើចារកម្មឲ្យបរទេស ខណៈលោកស្រី ម៉ឹង កំពុងតតាំងក្ដីនៅតុលាការកាណាដាប្រឆាំងនឹងគម្រោងធ្វើបត្យាប័នទៅអាមេរិកដើម្បីកាត់ទោសនៅទីនោះ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Champagne ចាត់ទុកការចាប់ខ្លួនជនជាតិកាណាដាទាំងពីរនាក់ ជាការបង្ខំឲ្យកាណាដាដោះលែងលោកស្រី ម៉ឹង ។ ប្រមុខការទូតកាណាដា ប្រាប់អ្នកសារព័ត៌មានថា ការទូតបែបចាប់បង្ខំបែបនេះ មិនមានប្រសិទ្ធភាពលើកាណាដាឡើយ ហើយលោកក៏បានប្រាប់លោក វ៉ាង ពីជំហរកាណាដាអស់ហើយដែរ។
«ខ្ញុំនិយាយច្បាស់ៗថា ការទូតចាប់បង្ខំ នឹងមិននាំទៅកាន់លទ្ធផលដែលសមប្រកបឡើយ។ ខ្ញុំប្រាប់គាត់ថា ការចាប់ខ្លួនដោយបង្ខំ មិនដែលបាននាំផលអ្វីដល់ទំនាក់ទំនងរវាងរដ្ឋឡើយ ហើយសព្វថ្ងៃក៏ដូច្នោះដែរ។» លោក Champagne បញ្ជាក់បែបនេះ ហើយក៏បន្តថា លោក វ៉ាង ក៏ដឹងថា អន្តរជាតិតាមដានករណីចាប់ខ្លួនជនជាតិកាណាដានេះដែរ។
កន្លងទៅ ទីក្រុងអូតាវ៉ា និងសម្ព័ន្ធមិត្តរបស់ខ្លួនមានអាមេរិកផង ចាត់ទុកការចាប់ខ្លួនលោក Kovrig និងលោក Spavor ជាការចាប់ខ្លួនដោយបំពាន។ ត្រង់នេះ រដ្ឋមន្ត្រីការបរទេសកាណាដាបន្ថែមថា ពួកគេមិនត្រឹមជាជនជាតិកាណាដាឡើយ តែជាប្រជាជនប្រទេសសេរី ហើយប្រទេសសេរីទាំងអស់លើពិភពលោក គួរតែបារម្ភពីកនយោបាយចាប់បង្ខំរបស់ចិន។
ទាក់ទងរឿងនេះ លោក វ៉ាង ក៏ប្រាប់លោក Champagne អំឡុងជំនួបនៅអ៊ីតាលីដែរថា កាណាដា ត្រូវបោះជំហានត្រឹមត្រូវក្នុងការជំរុញទំនាក់ទំនងទ្វេភាគីវិញតាមរយៈការដោះលែងលោកស្រី ម៉ឹង ។ ប្រមុខការទូតចិនអះអាងថា ចិន និងកាណាដាគ្មានជម្លោះប្រវត្តិសាស្ត្រអ្វីទេ ហើយក៏គ្មានជម្លោះផលប្រយោជន៍អ្វីដែរ តែសកម្មភាពបង្កហេតុរបស់កាណាដាក្នុងការចាប់ខ្លួនជនជាតិចិនម្នាក់ ធ្វើឲ្យទំនាក់ទំនងល្អក់កករ៕
Tag:
ចិន
កាណាដា
វ៉ាង យី
Francois-Philippe Champagne
© រក្សាសិទ្ធិដោយ thmeythmey.com