ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ក្រៅពី​យកមក​ឆុង​ទទួលទាន “​កាហ្វេ​” អាច​ប្រើ​ជា​ម៉ាស​បិតមុខ​រក្សា​សម្រស់​
29, Aug 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ក្រៅពី​យកមក​ឆុង​ទទួលទាន កាហ្វេ​អាច​ត្រូវបាន​ប្រើ​ជា​ម៉ាស​បិតមុខ​រក្សា​សម្រស់​បាន​។ ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ងាយៗ​ក្នុងការ​ប្រើប្រាស់​កាហ្វេ​ជា​ម៉ាស​បិតមុខ ៖

 
១. ម៉ាស​បិតមុខ​ផ្សំ​ឡើង​ពី​ប្រទាល​កន្ទុយក្រពើ​និង​កាហ្វេ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​កាហ្វេ​ម៉ដ្ឋ ២ ស្លាបព្រា​បាយ​និង​ជែ​ល​ប្រទាល​កន្ទុយក្រពើ ២ ស្លាបព្រា​បាយ​ចូលគ្នា​។ កូរ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​ល្បាយ​ថ្នម​លើ​មុខ​និង​ក​ចៀសវាង​ភ្នែក​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ពេល​ម៉ាស​ស្ងួត​។ ម៉ាស​នេះ​ល្អ​ណាស់​សម្រាប់​បំបាត់​ស្នាម​ជាំ​និង​ស្នាម​អ៊ុច​ខ្មៅ ហើយ​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ស្រស់ថ្លា​ជាង​មុន​។​
 
២. ម៉ាស​បិតមុខ​ផ្សំ​ឡើង​ពី​កាហ្វេ​និង​ទឹកដោះគោ​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកដោះគោ​ស្រស់ ១ ស្លាបព្រា​បាយ​ជាមួយ​កាហ្វេ​ម៉ដ្ឋ ១ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែ​កមុខ​។ ទុកចោល​សម្រាប់​រយៈពេល​យ៉ាងហោចណាស់​ពី ១៥ ទៅ ២០ នាទី​សិន មុននឹង​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អ្នក​អាច​ប្រើប្រាស់​ម៉ាស​បិតមុខ​នេះ​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។ ម៉ាស​បិតមុខ​នេះ​ល្អ​សម្រាប់​សម្អាត​ស្បែក​មុខ​កម្ចាត់​ធូលី ក៏ដូចជា​កោសិកា​ស្បែក​ងាប់ៗ​។​
 
៣. ម៉ាស​បិតមុខ​ផ្សំ​ឡើង​ពី​កាហ្វេ​និង​ម្សៅ​ឈើអែម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​កាហ្វេ ២ ស្លាបព្រា​បាយ​ជាមួយ​ទឹកដោះគោ​ស្រស់ ២ ស្លាបព្រា​បាយ ម្សៅ​ឈើអែម ១ ស្លាបព្រា​បាយ និង​ទឹក​ក្រូចឆ្មារ​ស្រស់​ប៉ុន្មាន​ដំណក់​ចូលគ្នា​។ កូរ​ឱ្យ​សព្វ​មុននឹង​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែ​កមុខ​។ ទុក​រហូតដល់​ស្ងួត​សឹម​លាង​សម្អាត​ចេញ​។ អនុវត្ត​រូបមន្ត​នេះ​យ៉ាងហោចណាស់​ម្ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៤. ម៉ាស​បិតមុខ​ផ្សំ​ឡើង​ពី​កាហ្វេ​និង​ប្រេង​អូ​លីវ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​កាហ្វេ​ម៉ដ្ឋ​និង​ប្រេង​អូ​លីវ​ក្នុង​បរិមាណ​ស្មើគ្នា​។ ក្រោយពី​កូរ​លាយ​សព្វ ចូរ​លាប​ម៉ាស្សា​ល្បាយ​លើ​ផ្ទៃមុខ​។ ទុកចោល​សម្រាប់​រយៈពេល​ចន្លោះ​ពី ១៥ ទៅ ៦០ នាទី សឹម​លាង​សម្អាត​មុខ​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ឱ្យបាន ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៥. ម៉ាស​បិតមុខ​ផ្សំ​ឡើង​ពី​កាហ្វេ​និង​ទឹកឃ្មុំ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​កាហ្វេ​ម៉ដ្ឋ​ចំនួន ២ ស្លាបព្រា​បាយ​ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ រួច​កូរ​ឱ្យ​សព្វ​។ លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែ​កមុខ និង​ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com