COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Pogba ត្រូវ​ដកចេញ​ពី​ជម្រើសជាតិ​បារាំង ក្រោយ​ឆ្លង COVID-19
28, Aug 2020 , 2:41 pm        
រូបភាព
Paul Pogba ត្រូវ​ដកចេញ​ពី​ក្រុម​ជម្រើសជាតិ​បារាំង បន្ទាប់ពី​ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19​។​បើតាម​ការបញ្ជា​ក់រប​ស់​គ្រូ​ជម្រើសជាតិ​បារាំង​លោក Didier Deschamps កន្លែង​របស់​ខ្សែបម្រើ​ក្រុម Manchester United រូបនេះ ត្រូវ​ជំនួស​ដោយ​កីឡាករ​វ័យ​១៧​ឆ្នាំ Eduardo Camavinga​។​



Pogba ដែល​ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ នឹងត្រូវ​អាក់ខាន​ជាមួយ​ក្រុម​មាន់គក​បារាំង​ក្នុង​ការប្រកួត​ពានរង្វាន់ Nations League នៅពេល​ប៉ះ​ស៊ុយអែត​នៅ​ថ្ងៃទី​៥ ខែកញ្ញា និង​ជួប​ក្រូ​អាស៊ី​នៅ​៣​ថ្ងៃ​បន្ទាប់​។​
 
​លោក Deschamps បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​សន្និសីទកាសែត​ថា​៖« ខ្ញុំ​ត្រូវតែ​ផ្លាស់ប្តូរ​បញ្ជី​ឈ្មោះ​កីឡាករ ពីព្រោះ Paul Pogba ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ហើយ​នោះ ត្រូវ​ដកចេញ​វិញ​ក្រោយ​រូបគេ​បាន​ឆ្លង COVID-19 កាលពី​ម្សិលមិញ ហើយ​ត្រូវ​ជំនួស​ដោយ Eduardo Camavinga ខ្សែបម្រើ​ក្រុម Rennes វិញ​»​។​
 
​យ៉ាងណាក៏ដោយ បើ​ទោះ​ខ្សែបម្រើ​សញ្ជាតិ​បារាំង វ័យ​២៧​ឆ្នាំ​រូ​នេះ​អាក់ខាន​ជាមួយ​ជម្រើសជាតិ ប៉ុន្តែ​ក្រុម​បិសាច​ក្រហម​រំពឹងថា​រូបគេ​អាចជា​ទាន់ពេល​ដើម្បី​ចូលរួម​ការប្រកួត​បើកឆាក​ក្របខណ្ឌ Premier League ទល់ Crystal Palace នៅ Old Trafford នា​ថ្ងៃទី​១៩ ខែកញ្ញា​៕
 

Tag:
 COVID-19
  Paul Pogba
  Didier Deschamps
© រក្សាសិទ្ធិដោយ thmeythmey.com