COVID-19
អន្តរជាតិ
ប្រមុខ​ការបរទេស​ចិន​៖ វា​មិនទាន់​ច្បាស់​ថា ជំងឺ​COVID-19 មាន​ប្រភពពី​ចិន​ឬ​យ៉ាងណា​ឡើយ​
28, Aug 2020 , 8:29 pm        
រូបភាព
លោកវ៉ាងយី រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន។ រូបភាព៖ AFP
លោកវ៉ាងយី រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន។ រូបភាព៖ AFP
ដោយ:
​ប្រមុខ​ការទូត​ចិន លោក វ៉ាង យី និយាយ​នៅ​ថ្ងៃទី​២៧ សីហា​ថា គេ​មិន​នៅ​ច្បាស់​ឡើយ​ពី​ប្រភព​ជំងឺឆ្លង COVID-19 ដែល​មតិ​ភាគច្រើន​អះអាងថា មាន​ប្រភព​មកពី​ចិន​។ ការលើកឡើង​បែបនេះ ស្មើនឹង​ការដាក់​ការសង្ស័យ​លើ​ការយល់ឃើញ​ពី​ប្រភព​នៃ​ជំងឺ COVID-19 ក្នុងចំណោម​អ្នកវិទ្យាសាស្ត្រ និង​ប្រទេស​ខ្លះ​ពិសេស​អាមេរិក​ដែល​និយាយ​មិន​ដាច់​ពី​មាត់​ថា COVID-19 ផ្ទុះ​ពី​ចិន​។​

 
​សម្រាប់​ចិន COVID-19 ផ្ទុះ​ដំបូង​នៅ​វូ​ហាន តែ​មិន​មានន័យថា ចិន​ជា​ប្រភព​នៃ​ជំងឺឆ្លង​នេះឡើយ​។ ជំហរ​បែបនេះ ត្រូវបាន​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន បញ្ជាក់​ជាថ្មី​អំឡុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ន័​រវេ​ស​នៅ​ថ្ងៃទី​២៧ ខែសីហា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
« មែនទែនទៅ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ យើង​បានឃើញ​របាយការណ៍​ប​ង្ហា​ញ​ថា ជំងឺ​នេះ​មាន​វត្ត​មាននៅ​កន្លែង​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក ហើយ​អាច​នឹង​ចេញ​រូបរាង មុន​ករណី​នៅក្នុង​ប្រទេស​ចិន​ទៅទៀត​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ាង ក្នុង​សន្និសីតកាសែត​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ន័​រវេ​ស Ine Marie Eriksen Soreide នៅ​ទីក្រុង​អូ​ស្លូ​។​
 
​លោក វ៉ាង ដែលជា​ទីប្រឹក្សា​រដ្ឋ​ផង​នោះ ក៏បាន​បន្ថែមថា ទីកន្លែង និង​របៀប​ដែល​វីរុស​ចាប់ផ្តើម​មាន​វត្ត​មាន គួរ​ណាស់​តែ​ឲ្យ​អ្នកវិទ្យាសាស្ត្រ និង​អ្នកជំនាញ​សុខាភិបាល​ចាត់​តែង ហើយ​គេ​មិនគួរ​យក​រឿងនេះ​មក​ពាក់ព័ន្ធ​នឹង​នយោបាយ​ឬ លាប​ពណ៌​ក្រុមមនុស្ស​ណា​ឡើយ​។ លោក វ៉ាង ទំនង​ចង់​និយាយ​ក្នុងន័យ​សំដៅ​រិះគន់​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​ចោទថា វីរុស​ជំងឺ COVID-19 ជា​វីរុស​ចិន​។​
 
​សូមបញ្ជាក់ថា អាជ្ញាធរ​សុខាភិបាល​ចិន បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​ដែល​ក្រោយមក​ត្រូវគេ​ស្គាល់​ជា​ជំងឺ COVID-19 ក្នុង​ខែធ្នូ ឆ្នាំ​២០១៩ ខណៈ​ករណី​ស្លាប់​ដំបូង​កើតឡើង​នៅ​ខែមករា ឆ្នាំ​២០២០​។ ទោះជា​យ៉ាងណាក្តី ត្រង់ចំណុច​នេះ លោក វ៉ាង បានលើកឡើង​ជា​សំណួរ តើ​អ្នកណា​ជា​អ្នកជំងឺ​ដំបូង​? លោក​ឆ្លើយថា គ្មាន​អ្នកណា​ដឹង​ទេ​។​
 
​ការច្រានចោល​ជាច្រើនលើក​ច្រើនសារ ដោយ​មន្ត្រីជាន់ខ្ពស់​ចិន​ទាក់ទង​ទៅនឹង​ប្រភព​ជំងឺ COVID-19 ធ្វើឡើង​ក្រោយ​បណ្តា​ប្រទេស​លោកខាងលិច នាំមុខ​ដោយ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី និង​បណ្តា​ប្រទេស​អឺរ៉ុប​ឯទៀត​នាំគ្នា​លើកឡើងថា ជំងឺ COVID-19 នេះ​អាចមាន​ប្រភព​ចេញពី​មន្ទីរពិសោធន៍​វីរុស​កម្រិត​ខ្ពស់​មួយ​ក្នុង​ទីក្រុង​វូ​ហាន​។​ចំណែក​អ្នកវិទ្យាសាស្ត្រ​ចិន​វិញ បាន​ត្រឹម​ដាក់​ការសង្ស័យ​ទៅលើ​ផ្សា​លក់​សត្វព្រៃ​ក្នុង​ទីក្រុង​វូ​ហាន​ប៉ុណ្ណោះ​។ 
 
​សូមបញ្ជាក់ថា លោក វ៉ាង កំពុងធ្វើដំណើរ​ទស្សន​កិច្ច​មួយ​សប្តាហ៍​នៅ​ទ្វីបអឺរ៉ុប ដោយបាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីតាលី ហូ​ឡង់ ន័​រវេ​ស រួចហើយ ដោយ​នឹង​បន្តទៅ​ប្រទេស​បារាំង និង​អាល្លឺម៉ង់​ទៀត​៕
 

Tag:
 ចិន​
  ន័​រវេ​ស​
  វ៉ាង យី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com