ជាតិ
​​​ន​យោ​បាយ​ជាតិ​
មហាផ្ទៃ នឹង​បញ្ជូន​សំណើ​មន្ត្រីជាន់ខ្ពស់​អតីត​CNRP ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ទៅ​សម្ដេច ហ៊ុន សែន​
28, Aug 2020 , 3:10 pm        
រូបភាព
​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត គឺ​លោក សុន ឆ័យ បានដាក់​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក្រោយ​ជាប់​បម្រាម​ផ្អាក​សកម្មភាព​រយៈពេល​៥​ឆ្នាំ​។ លិខិត​លោក សុន ឆ័យ បាន​ផ្ញើ​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៧ សីហា ហើយ​ទើបតែ​ត្រូវបាន​ផ្សព្វផ្សាយ​។​

 
​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​បញ្ជាក់ថា ក្រសួង​បានទទួល​លិខិតស្នើ​សុំ​លើក​បម្រាម​នយោបាយ ដើម្បី​ផ្ដល់​នីតិសម្បទារ​ឡើងវិញ របស់លោក សុន ឆ័យ ហើយ​។ ក្រោយ​សម្ដេច ស ខេង ពិនិត្យ​ហើយ ក្រសួងមហាផ្ទៃ នឹង​ប​ញ្ចូ​ន​លិខិត​នេះ ទៅកាន់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ពិនិត្យ និង​សម្រេចចិត្ត មុននឹង​បន្ត​ស្នើសុំ​ព្រះមហាក្សត្រ ព្រះរាជទាន​នីតិសម្បទារ​ឡើងវិញ ដល់​លោក សុន ឆ័យ​។​
 
​តុលាការ​កំពូល បានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧ ។ ចំណែក​ថ្នាក់ដឹកនាំ​នយោបាយ​របស់​គណបក្ស​ប្រឆាំង ចំនួន​១១៨(​ក្នុងនោះ​ស្លាប់​១​នាក់​)​នាក់ ក៏​ត្រូវបាន​តុលាការ សម្រេច​ផ្អាក​សកម្មភាព​នយោបាយរ​យៈ​ពេល​៥​ឆ្នាំ តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​ដែរ​។​
 
​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក សុន ឆ័យ គឺជា​មនុស្ស​ទី​១២​ហើយ ដែល​បាន​ពាក្យស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ កន្លងមក​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ រួមមាន លោក គង់ គាំ ,​លោក គង់ បូរ៉ា ,​លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់​នី ,​លោក រៀល ខេ​ម​រិ​ន្ទ្រ ,​លោក អ៊ូ ច័ន្ទ​រ័ត្ន ,​លោក កង គឹម​ហាក់ ,​លោក ជីវ កត្តា ,​លោក ច័ន្ទ សិលា និង​លោកស្រី ទេព សុ​ទ្ធី ជាដើម​។ ការសុំ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ ត្រូវបាន​គេ​មើលឃើញថា ពួកគេ​បាន​អនុវត្ត​ផ្ទុយ​ពី​ការអំពាវនាវ​របស់លោក សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង ដែល​ប្រាប់​ឱ្យ​ពួកគេ​មិន​ត្រូវសុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ឡើយ​។ អ្នក​ដែល​បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នេះ ភាគច្រើន​ទៅ​បង្កើត​គណបក្ស​ខ្លួនឯង និង​ចូលរួម​ជាមួយ​គណបក្ស​ដទៃ​។​
 
​បច្ចុប្បន្ន​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សល់​តែ​១០៥​នាក់​ទៀត​ប៉ុណ្ណោះ ដែល​នៅ​បន្ត​ជាប់​បម្រាម​ធ្វើ​សកម្មភាព​នយោបាយ ៥​ឆ្នាំ​។​

អត្ថបទទាក់ទង
 
​ជាង​២​ឆ្នាំមុន ក្រសួងមហាផ្ទៃ បាន​យក​ករណី​របស់លោក កឹម សុខា ដែល​ត្រូវបាន​សង្ស័យថា​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ទៅ​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល ដើម្បី​ធ្វើជា​ភស្តុតាង​ដាក់​ទៅ​តុលាការ​។ ក្រសួងមហាផ្ទៃ យល់ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​ជាប់ទាក់ទង​នឹង​អំពើ​ក្បត់ជាតិ ដូច​លោក កឹម សុខា ដែរ ទើបបានជា​សុំ​ឲ្យ​តុលាការ​កំពូល​រំលាយចោល ហើយ​ថែមទាំង​សុំ​ឲ្យ​ដកសិទ្ធិ​ពី​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ក្នុង​ការធ្វើ​នយោបាយ​ថែមទៀត​៕
 

Tag:
 ហ៊ុន សែន​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com