អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អាបេ ប្រកាសលាលែងពីតំណែងហើយ
28, Aug 2020 , 3:15 pm        
រូបភាព
ដូចការផ្សាយរបស់សារព័ត៌មានមែន លោក ស៊ិនហ្សូ អាបេ នៅថ្ងៃទី២៨ បានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្រ្តីជប៉ុនក្រោមហេតុផលសុខភាព។ លោក អាបេ ជាអ្នកនយោបាយដែលកាន់តំណែងនាយករដ្ឋមន្ត្រីបានយូរជាងគេនៅជប៉ុន។



លោក អា​បេ បាន​និយាយថា ១៣​ឆ្នាំមុន បញ្ហា​ក្រពះ​របស់លោក បាន​បង្ខំ​ឲ្យ​លោក​លាលែង​ពី​តំណែង​របស់ខ្លួន​។ កាលពី​នោះ លោក​កំពុង​កាន់តំណែង​នាយករដ្ឋមន្ត្រី​បាន​ត្រឹម​មួយឆ្នាំ​ប៉ុណ្ណោះ គឺ​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០០៧ ហើយ​មូលហេតុ គឺ​ជំងឺ​ក្រពះ​របស់លោក​មិនទាន់​ថ្នាំ​ព្យាបាល​នៅឡើយ​។ 
 
៥​ឆ្នាំក្រោយ​គឺ​នៅ​ឆ្នាំ​២០១២ លោក អា​បេ ដែលជា​កូនប្រុស​រដ្ឋមន្ត្រីការបរទេស និង​ជា​ចៅប្រុស​នាយករដ្ឋមន្ត្រី​ផង​នោះ ក៏​ក្លាយជា​នាយករដ្ឋមន្ត្រី​ម្ដងទៀត​។ លោក បញ្ជាក់ថា ៨​ឆ្នាំ​មកនេះ លោក​អាច​គ្រប់គ្រង​ជំងឺ​ក្រពះ​របស់លោក​បាន តែ​មកដល់​ខែមិថុនា ជំងឺ​ចាស់​ក៏​ចាប់​ផ្ដើមចេញ​សញ្ញា​ឡើងវិញ ហើយ​ការពិនិត្យ​សុខភាព​ក្នុង​ខែសីហា ក៏​បង្ហាញ​កាន់តែច្បាស់​ពី​ស្ថានភាព​មិនល្អ​របស់លោក​។ ទីបំផុត​លោក ក៏​សម្រេចចិត្ត​លាលែង​ពី​តំណែង​ជា​លើក​ទី​ពីរ​។​

សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ថ្មី​វិញ បក្ស​កាន់អំណាច​ប្រជាធិបតេយ្យ​សេរី (LDP) នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​បក្ស​ជំនួស​លោក អា​បេ ។ ប្រធាន​បក្ស​ថ្មី នឹង​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​សភា ហើយ​គេ​រំពឹងថា នឹង​ជាប់ឆ្នោត​ដោយ​ស្រួល ព្រោះ​បក្ស LDP មាន​សំឡេង​គ្រប់គ្រាន់​។ ប្រធាន​បក្ស​ថ្មី នឹង​កាន់តំណែង​ដល់​ខែកញ្ញា ឆ្នាំ​២០២១ ដែលជា​ពេល​ចប់​អាណត្តិ​ប្រធាន​បក្ស​របស់លោក អា​បេ តែម្ដង​។​

ចំណែកឯ​នរណា​ជា​អ្នក​ស្នង​តំណែង​វិញ គេ​ឃើញ​មាន​បេក្ខជន​ជាច្រើន​លេចមុខ ក្រោយ​ផ្ទុះ​ព័ត៌មាន​ទាក់ទង​សុខភាព​លោក អា​បេ ។ ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ តា​រ៉ូ អាសូ​, ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី Yoshihide Suga, រដ្ឋមន្ត្រីការបរទេស Motegi Toshimitsu, រដ្ឋមន្ត្រី​ការពារជាតិ តា​រ៉ូ កូ​ណូ និង​រដ្ឋមន្ត្រី​បរិស្ថាន Shinjiro Koizumi សុទ្ធសឹង​ជា​បេក្ខភាព​ដែល​អាច​បន្ត​តំណែង​ពី​លោក អា​បេ ។ អគ្គលេខាធិការ​បក្ស LDP លោក Shigeru Ishiba ក៏​ជា​បេក្ខជន​មាន​ភាគរយ​ច្រើន​ដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com