អន្តរជាតិ
កូរ៉េខាងត្បូង តែងតាំងលោក Suh Wook មេទ័ពជើងគោកជារដ្ឋមន្ត្រីការពារជាតិថ្មី លោក Suh Wook ក្នុងតួនាទីជាមេបញ្ជាការកងទ័ពជើងគោកកូរ៉េខាងត្បូងនាជំនួបស្វាគមន៍លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទកម្ពុជា នៅទីក្រុងសេអ៊ូល កាលពីខែតុលា ឆ្នាំ២០១៩។ រូបថត Hun Manet
× លោកប្រធានាធិបតី មូន ចេអ៊ីន បានតែងតាំងមេបញ្ជាការនៃកងទ័ពជើងគោក ឧត្តមសេនីយ៍ Suh Wook ទៅជារដ្ឋមន្ត្រីការពារជាតិថ្មី។ វិមានប្រធានាធិបតីកូរ៉េ បានប្រកាសបែបនេះ នៅថ្ងៃទី ២៨ ខែសីហា ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap ។
បើគ្មានអ្វីប្រែប្រួល ក្រោយទទួលបានយល់ព្រមពីសភា លោក Suh នឹងទៅជំនួសរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបច្ចុប្បន្ន ឧត្តមសេនីយ៍ Jeong Kyeong-doo ដែលកាន់តំណែងនេះ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩មក។ ហើយលោកក៏នឹងជារដ្ឋមន្ត្រីការពារជាតិទី១ផងដែរក្នុងរដ្ឋបាលលោក មូន ដែលមានបទពិសោធន៍យោធាខាងជើងគោក។
អនាគតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងរូបនេះ បានកាន់តួនាទីជាមេទ័ពជើងគោក ចាប់តាំងពីខែមេសា ឆ្នាំ២០១៩។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា ជាមួយបទពិសោធន៍ក្នុងយោធាជាង៣០ឆ្នាំ លោក Suh នឹងចូលរួមចំណែកក្នុងការរក្សាជំហរការពារជាតិយ៉ាងរឹងម៉ឹងសម្រាប់ប្រទេសកូរ៉េខាងត្បូង។
លោក Suh នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិទី៣ហើយ ក្នុងរដ្ឋបាលលោក មូន ចេអ៊ីន បន្ទាប់ពីលោក Jeong ដែលជាអតីតមេទ័ពជើងអាកាស ខណៈរដ្ឋមន្ត្រីការពារទី១ លោក Song Young-moo ធ្លាប់មានបទពិសោធន៍យោធាផ្នែកជើងទឹក ៕
Tag:
កូរ៉េខាងត្បូង
រដ្ឋមន្ត្រីការពារជាតិឦ
Suh Wook
© រក្សាសិទ្ធិដោយ thmeythmey.com