កីឡាជាតិ
ជាតិ
តំណែង​ជា​ទូត​សុច្ឆន្ទៈ​ស៊ី​ហ្គេម ជួយ​ឲ្យ​កញ្ញា លី គីម​អាន សម្រេច​ក្តី​ស្រមៃ​ដែល​ចង់​ធ្វើ​អ្វី​តំណាង​ឲ្យ​ជាតិ
28, Aug 2020 , 10:29 pm        
រូបភាព
កីឡាការិនី លី គីមអាន ពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន និងពេលទទួលមេដាយពីសម្តេច ទៀ បាញ់ រួមជាមួយរូប Mascot
កីឡាការិនី លី គីមអាន ពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន និងពេលទទួលមេដាយពីសម្តេច ទៀ បាញ់ រួមជាមួយរូប Mascot
ដោយ:
​កញ្ញា លី គីម​អាន ជា​ម្ចាស់​ជ័យលាភី​ក្នុងការ​ប្រកួតប្រជែង​គូ​រូប​តុក្កតា​តំណាង​ស៊ី​ហ្គេម​(Mascot) ដែល​យក​សុភា​ទន្សាយ​ជា​គំរូ ។ ក្រៅពី​ថវិកា​លើកទឹកចិត្ត​ចំនួន​៥​ពាន់​ដុល្លារ ជ័យលាភី​នេះ ជួយ​ឲ្យ​កីឡាការិនី​តេ​ក្វាន់​ដូ WT រូបនេះ ក្លាយជា​ទូត​សុច្ឆន្ទៈ​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ជា​ក្តី​ស្រមៃ​ដែល នាង បាន​ប៉ង​ចង់​អ្វី​តំណាង​ឲ្យ​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​។   

 
​កញ្ញា លី គីម​អាន បានបង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង ក្រោយ​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ជ្រើសរើស​ឲ្យ​ក្លាយជា​ម្ចាស់​ជ័យលាភី​ក្នុងការ​ប្រកួតប្រជែង​គូ​រូប​តុក្កតា​តំណាង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែលមាន​បេក្ខជន​ជាច្រើនរូប​ចូលរួម​ប្រកួតប្រជែង​។ ពេល​ដាក់ពាក្យ​ចូលរួម​ដំបូង​កីឡាការិនី​តេ​ក្វាន់​ដូ WT កម្រិត​ខ្សែក្រវាត់​ខ្មៅ​ពីរ​ដាន់​រូបនេះ មិន​រំពឹងថា អាច​ក្លាយជា​ម្ចាស់​ជ័យលាភី​នោះទេ ដ្បិត​នាង​ពុំ​សូវ​ជំនាញ​ខាង​ប្រើប្រាស់​កម្មវិធី​គូ​ហ្គ្រា​ហ្វិ​ក​។ 
 
​ក្រៅពី​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​៥​ពាន់​ដុល្លារ កញ្ញា គីម​អាន ត្រូវបាន CAMSOC តែងតាំង​ឲ្យ​ធ្វើជា​ទូត​សុច្ឆន្ទៈ​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ជា​អ្វីដែល​ខ្លួន​ស្រមៃ​។ កូនច្បង​ក្នុង​គ្រួសារ​មាន​បងប្អូន​៣​នាក់ នៅ​រាជធានី​ភ្នំពេញ​រូបនេះ​អះអាងថា នាង​ចង់​ធ្វើ​អ្វីមួយ​តំណាង​ឲ្យ​ប្រទេសជាតិ ដូច្នេះ​សម្រាប់​តំណែង​នេះ​ជួយ​ឲ្យ​រូបគេ​អាច​សម្រេច​ក្តី​ស្រមៃ​ខ្លួន​។ 
 
​សម្រាប់​តំណែង​ជា​ទូត​សុច្ឆន្ទៈ​នេះ នាង អាច​ចូល​ទស្សនា​ការប្រកួត​គ្រប់​ប្រភេទ​កីឡា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ លើសពី នាង អាច​ត្រូវបាន CAMSOC បញ្ជូនទៅ​ប្រទេស​ដើម្បី​ចូល​ទស្សនា​ការប្រកួត​ស៊ី​ហ្គេម​នៅក្រៅ​ប្រទេស ឬ​ផ្សព្វផ្សាយ​ពី​កីឡា​ស៊ី​ហ្គេម​របស់​កម្ពុជា​ជាដើម​។ និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ស្ថាបត្យកម្ម​រូបនេះ​ប្តេជ្ញា​ថា នាង​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​កីឡា​ស៊ី​ហ្គេម​របស់​កម្ពុជា​យ៉ាង​រីករាយ បើ​ថ្នាក់ដឹកនាំ CAMSOC ត្រូវការ​រូបគេ​។ 
 
«​តាមពិតទៅ​ខ្ញុំ​មិនមែន​រៀន​ខាង​ហ្គ្រា​ហ្វិ​ក​ទេ គឺ​ខ្ញុំ​រៀន​ខាង​ស្ថាបត្យកម្ម តែ​ខ្ញុំ​ចេះ​ហ្គ្រា​ហ្វិ​ក​តិចតួច​ដោយសារ​កម្មវិធី​វា​ប្រើ​ដូចគ្នា​។ ខ្ញុំ​ប្រកួត​កីឡា​ខ្ញុំ​ចង់​តំណាង​ឲ្យ​ជាតិ មិនមែន​តែត្រឹម​ក្នុងប្រទេស​ទេ គឺ​ក្រៅប្រទេស តែ​ខ្ញុំ​គ្មាន​ឱកាស នៅពេល​ខ្ញុំ​ឃើញ​ការប្រកួត (Logo និង Mascot)​ធ្វើ​ឲ្យ​ស៊ី​ហ្គេម​ទាំងមូល ខ្ញុំ​មាន​អារម្មណ៍​រំភើប ខ្ញុំ​ក៏បាន​ដាក់ពាក្យ​ចូលរួម​ប្រកួត​»​។ នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា លី គីម​អាន​។ 
 
​រូប Mascot ដែល​ជួយ​ឲ្យ​កញ្ញា លី គីម​អាន ទទួលបាន​ជ័យលាភី គឺ​រូប​សុភា​ទន្សាយ​ពីរ ដែល​គ្រង​សម្លៀកបំពាក់​គុន​ល្បុក្កតោ ដែលជា​ក្បាច់គុន​របស់​បុព្វបុរស​ខ្មែរ​។ តួអង្គ​ទន្សាយ​ឈ្មោល​ឈ្មោះ បុរី ដៃស្តាំ​កាន់​ភ្លើង​គប់ បង្ហាញ​ពី​ការចាប់ផ្តើម​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ខណៈ​តួអង្គ​ទន្សាយ​ញី​ឈ្មោះ រំដួល ដៃ​ទាំង​ពីរលើក​សំពះ ដើម្បី​បង្ហាញ​ពី​ការស្វាគមន៍​ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក​អន្តរជាតិ ដែល​មក​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​របស់​កម្ពុជា​។  
 
​កីឡាការិនី​តេ​ក្វាន់​ដូ WT រូបនេះ អះអាងថា ភាពជោគជ័យ​នេះ​មិនមែន​កើតឡើង​ពី​គំនិត​ផ្ទាល់ខ្លួន​របស់ នាង តែម្នាក់ឯង​នោះទេ គឺមាន​ការរួមចំណែក​និង​ផ្តល់​គំនិត​ពី​មិត្តភក្តិ និង​ផ្តល់​កម្លាំងចិត្ត​ពី​ក្រុមគ្រួសារ​។ នាង បាន​បន្ថែមថា មុន​សម្រេច​ជ្រើស​រើសយក​រូបនេះ CAMSOC បាន​ឲ្យ​ខ្លួន​កែប្រែ​ជាច្រើនលើក​ច្រើនសារ ពាក់ព័ន្ធ​សម្លៀកបំពាក់ និង​កាយវិការ​។  
 
​នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​កញ្ញា លី គីម​អាន ដែល​បានទទួល​ជ័យលាភី​ក្នុងការ​ប្រកួត​គូ​រូប ដ្បិត​នាង​មិន​ធ្លាប់​ចូលរួម​ប្រកួត​បែបនេះ​កន្លងមក​នោះទេ​។ ប៉ុន្តែ​កីឡា​តេ​ក្វាន់​ដូ​ខ្សែក្រវាត់​ខ្មៅ​កម្រិត​ពីរ​ដាន់​រូបនេះ ធ្លាប់​ដណ្តើមបាន​មេដាយ​ថ្នាក់ជាតិ​ជាច្រើន​ក្នុងការ​ប្រកួត​កីឡា​តេ​ក្វាន់​ដូ WT៕  

Tag:
 លី គីម​អាន​
  នាង ពិសាល​
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com