ជាតិ
ទឹកធ្លាក់ «​បុស្ស​ស្បូវ​» រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់បំព្រង​នៅ​ខេត្តព្រះវិហារ​
28, Aug 2020 , 11:29 pm        
រូបភាព
ដោយ:
​ព្រះវិហារ​៖ ទឹកធ្លាក់ «​បុស្ស​ស្បូវ​» ជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​គួរ​ឲ្យ​ទាក់ទាញ និង​មាន​សម្រស់​ស្រស់ស្អាត បាន​លាក់ខ្លួន​នៅ​ជើងភ្នំ​ដងរែក ខេត្តព្រះវិហារ ។ ធម្មជាតិ​ស្រស់បំព្រង អម​ព្រៃឈើ​តូចធំ លាយឡំ​ជាមួយនឹង​ផ្ទាំង​ថ្ម តូច​-​ធំ ភ្ញៀវទេសចរ​អាច​អង្គុយ​ទទួលទាន​អាហារ និង​ងូតទឹក​ត្រជាក់ ក្រោម​ម្លប់ ដើមឈើ យ៉ាង​រីករាយ​រំសាយ​អស់​នូវ​ក្តី​ទុក្ខ​កង្វល់​។ ទឹកធ្លាក់​នេះ ក៏​កំពុង​រង់ចាំ​ស្វាគមន៍​ភ្ញៀវទេសចរ​មក​ទស្សនា​នៅទីនេះ​ផងដែរ​។​


 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដូចតទៅ​៖ 
 
​លោក អឿ សុភាព ម​គ្គុ​ទេ្ទ​ស​ក៍នៅ​តំបន់​ទឹកធ្លាក់​បុស្ស​ស្បូវ បាន​ប្រាប់ ThmeyThmey25 ថា កាលពីមុន​ទឹកធ្លាក់​នេះ មានតែ​ភ្ញៀវទេសចរ​ក្នុង​តំបន់​ខេត្តព្រះវិហារ​ប៉ុណ្ណោះ ដែល​មក​ទស្សនា​នៅ​ថ្ងៃបុណ្យ​ទាន​ធំៗ ព្រោះ​មិនសូវមាន អ្នក ស្គាល់​ទឹកធ្លាក់​មួយ​នេះ​។ មគ្គុទ្ទេសក៍​រូបនេះ បាន​បន្ថែមថា​នៅទីនេះ​ក៏មាន​ទឹកធ្លាក់​នៅ​ដំណាក់​ខាងក្រោម​មាន កម្ពស់​ជាង​២០​ម៉ែត្រ​ផងដែរ ប៉ុន្តែ​ដោយ​ផ្លូវ​ពិបាក​ចូល​ទើប​ពុំមាន​ភ្ញៀវទេសចរ​ណា​ចូលទៅ​បានឡើយ​។​
 
​សព្វថ្ងៃ​ទឹកធ្លាក់ «​បុស្ស​ស្បូវ​» បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​តំបន់​ឆ្ងាយៗ​មក​ទស្សនា​នៅ​ផងដែរ​។ ក្រៅពី​ងូតទឹក ដែល​ធ្លាក់​ពីលើ​ភ្នំ​ដងរែក លោក​-​អ្នក ក៏​អាច​ទស្សនា​សម្រស់​ធម្មជាតិ និង​សម្រស់​ទឹកធ្លាក់​ជា​ដំណាក់ៗ​លើ​ថ្ម និង​ពិសា​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ដែល​ចម្អិន ដោយ​ប្រជាជន​នៅ​ទីនោះ​ទៀតផង​។ 
 
​ទឹកធ្លាក់​នេះ មាន​ទីតាំងនៅ​ភូមិ​តេ​ជោ​បុស្ស​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ ចូល​តាមផ្លូវ​ក្រួស​ក្រហម មាន​ចម្ងាយ​ប្រមាណ ១៦ គីឡូម៉ែត្រ​ផ្លូវជាតិ​នៅត្រង់ចំណុច​កណ្តាល​នៃ​ផ្លូវបំបែក​ឆ្ពោះទៅ​តំបន់​ប្រាសាទព្រះវិហារ និង​ទៅកាន់​ទីប្រជុំជន​ស្រុក​ជាំ​ក្សាន្ត​នៃ​ខេត្តព្រះវិហារ​។​
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦-១៨ ខែសីហា កន្លងទៅ​ក្រុម​កម្សាន្ត  Cambodia Amazing Trip Planner បានរៀបចំ​ជំរំ​តង់ «​សួគ៌ា​ប​ព៌​ត​» នា​ជួរ​ភ្នំ​ដងរែក​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ ដែលមាន​អ្នកចូលរួម​ជិត​៥០​នាក់​។ ដំណើរ​កម្សាន្ត​នេះ ធ្វើឡើង​ក្នុង​គោលបំណង លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ចូលរួម​ប្រើប្រាស់​សេវាកម្ម​ក្នុងស្រុក ជាពិសេស​ឱ្យ​ភ្ញៀវទេសចរ ស្គាល់​ពី​សក្ដានុពល​ទេសចរណ៍​ដ៏​អស្ចារ្យ​ក្នុងស្រុក​។ Cambodia Amazing Trip Planner បាន​សហការ​ជាមួយ​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ ក្នុងប្រទេស​កម្ពុជា​៕
 






 
 

Tag:
 តំបន់​ទេសចរណ៍
 ​ភ្នំ​ដងរែក​
 ​ទឹកធ្លាក់​បុស្ស​ស្បូវ​
© រក្សាសិទ្ធិដោយ thmeythmey.com