ជាតិ
យុវជនមួយក្រុមស្ម័គ្រដើរជួសជុលកង់ ដោយឥតគិតថ្លៃសម្រាប់អ្នកស្រុកបន្ទាយស្រី
× រដ្ឋបាលស្រុកបន្ទាយស្រី សហការជាមួយក្រុមយុវជនស្ម័គ្រចិត្តមួយក្រុម បង្កើត«Project B-គម្រោងជួសជុលកង់តាមភូមិ ជូនអ្នកស្រុកបន្ទាយស្រី» ក្នុងគោលដៅជួសជុលកង់ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសម្រាប់ក្មេងៗ មានជីវភាពខ្វះខាត, ទីទ័លខ្លាំង, និងខ្វះខាតមធ្យោបាយដំណើរទៅសាលារៀន។ នេះបើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។
លោក បន្តថា មូលហេតុចម្បងនៃការបង្កើតគម្រោងនេះឡើង ដោយសារតែរដ្ឋបាលស្រុកមើលឃើញថា ក្មេងៗមួយចំនួននៅក្នុងភូមិ-ឃុំនានានៃស្រុកបន្ទាយស្រី ត្រូវចំណាយពេល១ទៅ២ម៉ោងក្នុងមួយថ្ងៃ ដើម្បីដើរទៅ-មកសាលារៀន។ កង្វះមធ្យោបាយធ្វើដំណើរ ទៅសាលារៀនដែលនៅឆ្ងាយៗពីផ្ទះ បានធ្វើឲ្យសិស្សមួយចំនួនតូច បោះបង់ការសិក្សា។
តាមលោក ហ្វីណង់ គម្រោងនេះ នឹងត្រូវជួសជុលកង់ចាស់ៗ របស់អ្នកភូមិ ដែលពួកគាត់ទុកចោល ខូច និងគ្មានលទ្ធភាពជួសជុលដោយខ្លួនឯង។ លោក ឃឹម ហ្វីណង់ បន្ថែមថា៖« យើងគ្រោងប្រើពេល៦ខែ ដើម្បីជួសជុលកង់ជូនប្រជាពលរដ្ឋ ទាំង៦ឃុំ នៅក្នុងស្រុកបន្ទាយស្រី ហើយបើគិតមកដល់ពេលនេះ យើងបានបញ្ចប់ការជួសជុលកង់ នៅក្នុងឃុំចំនួន២រួចហើយ»។
អភិបាលស្រុករូបនេះបញ្ជាក់ថា ProjectB ទទួលបានការគាំទ្រហិរញ្ញវត្ថុ និងអ្នកបច្ចេកទេស ពី អង្គការជឿជាក់លើសិស្សជនបទកម្ពុជា។ កន្លងមកអង្គការនេះ ក៏បានជួយដោះស្រាយបញ្ហានៅក្នុងស្រុកបន្ទាយស្រី តាមរយៈការចែកកង់ដោយឥតគិតថ្លៃ ដល់សិស្សក្រីក្រ ប៉ុន្តែដោយសារតែបញ្ហាកូវីដ-១៩ និងការបិទសាលាទើបបង្វែរគោលដៅពីការចែកកង់ មកជាការជួយជុលជុលកង់នៅតាមភូមិវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com