កីឡាអន្តរជាតិ
អន្តរជាតិ
Man City ត្រៀម​កញ្ចប់​លុយ​១០០​លាន​ដុល្លារ និង​កីឡាករ​៣​រូប ដើម្បី​យក Messi
28, Aug 2020 , 5:59 pm        
រូបភាព
Manchester City ពិតជា​បង្ហាញ​អារម្មណ៍​ពេញចិត្ត​ក្នុងការ​ចង់បាន Lionel Messi ប្រសិនបើ​ខ្សែបម្រើ​ឆ្នើម​រូបនេះ​ចាក​ចេញពី Barcelona មែន​។ មាន​បណ្តាញសារព័ត៌មាន​ជាច្រើន​ដូចជា Sky Sport និង The Guardian ជាដើម ផ្សាយ​ថា ក្លិប​រហស្សនាម​មេឃ​ខៀវ​បាន​ត្រៀម​កញ្ចប់​លុយ​ជាង​១០០​លាន​ដុល្លារ បូករួម​ទាំង​កីឡាករ​៣​រូប​ផង ជា​ថ្នូរ​ជាមួយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ដើម្បី​ទទួលបាន Messi ទៅ​រួម​ក្រុម​។​

 
​តាម​ការផ្សាយ​របស់ BBC កាលពី​ថ្ងៃទី​២៥ ខែសីហា ខ្សែបម្រើ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣៣​ឆ្នាំ​រូបនេះ បានស្នើ​ចាកចេញ​ពី Camp Nou នៅ​រដូវ​កាល​ថ្មី​នេះ​។ Messi បាន​ផ្ញើ​សារ​ទៅកាន់​ក្លិប​អ្នកមាន​បុណ្យ ដោយ​ស្នើ​ក្លិប​ជួយ​សម្រួល​កិច្ចសន្យា​ដែល​នៅសល់ ដែល​អាច​អនុញ្ញាត​ឲ្យ​រូបគេ​អាច​ចាក​ចេញពី​ក្លិប​ដោយ​គ្មាន​បញ្ហា​។​
 
​ក្រោយ​លេចលឺ​ព័ត៌មាន​នេះ លោក Pep Guardiola អ្នកចាត់ការ​ទូទៅ Man City បាន​បើក​ដំណើរការ ក្នុងការ​ចរចា​យក​អតីត​កូនក្រុម​ខ្លួន​មក​រួម​ក្រុម​ជាថ្មី​នៅលើ​ទឹកដី​អង់គ្លេស​វិញ​។​
 
Man City ត្រូវបាន​គេ​ជឿជាក់ថា បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ផ្តល់ជូន​ទឹកប្រាក់​ចំនួន ៨៩ លាន​ផោន (១១៩ លាន​ដុល្លារ​អាមេរិក​) បូករួម​ទាំង Bernardo Silva, Gabriel Jesus និង Eric Garcia ជា​ថ្នូ​ដើម្បី​យកបាន Messi ពី Barcelona ។ ក្លិប​នៅ​អង់គ្លេស​មួយ​នេះ ពិតជា​ចង់បាន​ម្ចាស់​ពានរង្វាន់ Ballon d’Or ៦ សម័យកាល​ទៅ​រួម​ក្រុម​យ៉ាងខ្លាំង ក្រោយ​ខកខាន​ប្រជែង​យកពាន Premier League និង Champions League រដូវ​កាល​មុន​។​
 
​ក្រៅពី Man City ក្លិប​ដែល​ចង់បាន Messi ទៅ​រួម​ក្រុម​រួមមាន Paris Saint-Germain, Inter Milan, Juventus, Chelsea និង Man Utd ជាដើម​៕
 
 
 

Tag:
 Manchester City
  Lionel Messi
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com