អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិនថា មីស៊ីលខ្លួនមិនបានបង្កអស្ថិរភាពក្នុងតំបន់ឡើយ ប៉ុន្តែអាមេរិកទេជាអ្នកបង្កឡើង
29, Aug 2020 , 11:26 am        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ធ្វើសន្ធិសីទសារព័ត៌មាន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ រូបភាព៖ ក្រសួងការបរទេសចិន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ធ្វើសន្ធិសីទសារព័ត៌មាន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ រូបភាព៖ ក្រសួងការបរទេសចិន
ទីក្រុងប៉េកាំង នៅថ្ងៃទី២៨ ខែសីហា បានអះអាងថា មីស៊ីលរបស់ចិន ដែលបានបាញ់ទៅក្បែរប្រជុំកោះParacel ដែលចិនហៅថាកោះXishaនោះ គឺគ្រាន់តែជាសមយុទ្ធយោធាប៉ុណ្ណោះ និងមិនគំរាមដល់ប្រទេសណាមួយឡើយ ផ្ទុយទៅវិញសកម្មភាពរបស់អាមេរិកទៅវិញទេ ដែលបង្កឲ្យមានអស្ថិរភាពក្នុងតំបន់នោះ។



មន្ទីរបញ្ចកោណអាមេរិក នៅថ្ងៃទី២៧ ខែសីហា បានរាយការណ៍ថា ចិនបាញ់មីស៊ីលបាលីស្ទិកចំនួន ៤គ្រាប់ និងហៅសកម្មភាពរបស់ចិននេះថា បានបង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់។ នៅថ្ងៃបន្ទាប់ ក្រសួងការបរទេសចិន បានឆ្លើយបកវិញថា ការលើកឡើងរបស់អាមេរិក គឺគ្មានមូលដ្ឋាន និងហេតុផលច្បាស់លាស់។

តាមរយៈសន្និសីទសារព័ត៌មាន លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា ការបាញ់មីស៊ីលក្បែរប្រជុំកោះParacel គឺធ្វើឡើងដោយផ្អែកទៅលើសមយុទ្ធយោធាប៉ុណ្ណោះ។ «មីស៊ីលទាំងនោះ គឺមិនមានគោលដៅគំរាមប្រទេសណាមួយឡើយ ហើយរឹតតែគ្មានអ្វីពាក់ព័ន្ធក្នុងជម្លោះសមុទ្រចិនខាងត្បូង»។ លោក Lijian បានលើកឡើងបែបនេះ ដោយបន្ថែមថា សកម្មភាពអាមេរិកទៅវិញទេ ដែលបង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់នោះ។
 
បើតាមក្រសួងការបរទេសចិន កន្លងមកអាមេរិក បានបញ្ជូននាវាចម្បាំង យន្តហោះចម្បាំងជាច្រើនគ្រឿង និងយន្តហោះស៊ើបការណ៍ជាដើម មកក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលនេះ គឺជាការញុះញង់ និងបំពានអធិបតេយ្យ និងសន្តិសុខរបស់ចិន។ ការណ៍នេះ ចិន បានទទូចឲ្យអាមេរិកឈប់បង្កបញ្ហា និងចូលរួមស្តារសន្តិភាពក្នុងតំបន់នេះល្អជាង។

សូមបញ្ជាក់ថា កន្លងមក វៀតណាម ក៏បានតវ៉ាជាមួយចិនដែរ ជុំវិញសមយុទ្ធយោធានេះ និងទាមទារឲ្យចិនបញ្ឈប់សកម្មភាពយោធា ដែលធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា នៅក្បែរប្រជុំកោះ Paracel។ ចំណែកអាមេរិកវិញ នៅតែបន្តអនុវត្តគោលការណ៍ «សេរីភាពនៃនាវាចរណ៍» នៅក្នុងសមុទ្រចិនខាងត្បូង។  ជម្លោះសមុទ្រចិនខាងត្បូង គឺមានប្រទេសជម្លោះចំនួន៥ ក្នុងនោះមានដូចជា ចិន វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេ។ តៃវ៉ាន់ មិនមែនជាប្រទេសទេ ប៉ុន្តែក៏ជាភាគីនៃជម្លោះដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com