ជាតិ
១០០​ថ្ងៃ ក្រសួងយុត្តិធម៌​ដោះស្រាយ​សំណុំរឿង​ដែល​កកស្ទះ​បាន​ជាង​៨០០០​សំណុំរឿង​
29, Aug 2020 , 12:03 pm        
រូបភាព
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមតុលាការ (រូបពីក្រសួងយុត្តិធម៌)
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមតុលាការ (រូបពីក្រសួងយុត្តិធម៌)
​ភ្នំពេញ​៖ រយៈពេល​១០០​ថ្ងៃ នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង ក្រសួងយុត្តិធម៌ បាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​បាន​ជំនុំជម្រះ​រួច​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត បាន​ជាង ៨​ពាន់​សំណុំរឿង​។ បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងយុត្តិធម៌ ចេញផ្សាយ​ថ្ងៃទី​២៨ សីហា សំណុំរឿង​ដែល​បាន​កកស្ទះ​នាពេល​កន្លងមក នឹង​បន្ត​ដោះស្រាយ​ឲ្យ​ចប់សព្វគ្រប់​នៅត្រឹម​ដំណាច់ឆ្នាំ​២០២០​នេះ​។


​ក្រោយ​ប្រកាស​ដាក់ចេញ «​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត​» កាលពី​ថ្ងៃទី​១៨ ឧសភា​កន្លងទៅ ក្រសួងយុត្តិធម៌ បាន​ដោះស្រាយ​សំណុំរឿង​ដែល​កកស្ទះ​នៅតាម​សាលាដំបូង បាន​ចំនួន ៨,១១៣​សំណុំរឿង ស្មើនឹង ៦៣​ភាគរយ នៃ​សំណុំរឿង​កកស្ទះ​។ សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងយុត្តិធម៌ បញ្ជាក់ថា ការខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា នៅតាម​បណ្ដា​សាលាដំបូង​រាជធានី​-​ខេត្ត ជាការ​ចូលរួម​យ៉ាងសកម្ម​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​។​
​តាមរយៈ​លទ្ធផល​នៃ​ការដោះស្រាយ​សំណុំរឿង ក្នុង​រយៈពេល ១០០​ថ្ងៃនេះ គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត រំពឹងថា សាលាដំបូង​រាជធានី​-​ខេត្ត នឹង​បន្ត​ខិតខំ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​អង្គភាព​ឲ្យ​ចប់សព្វគ្រប់​នៅត្រឹម​ដំណាច់ឆ្នាំ​២០២០​នេះ ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ការងារ​ក្នុង​យុទ្ធនាការ គឺ «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​»៕ 
 
 
 

Tag:
 យុត្តិធម៌​
  សាលាដំបូង​
© រក្សាសិទ្ធិដោយ thmeythmey.com