ជាតិ
សិស្ស​និទ្ទេស A កញ្ញា តែ ស៊ូ​ចេង ចាប់​ជំនាញ​សារព័ត៌មាន ព្រោះ​ចង់​ក្លាយជា​មន្ត្រី​ផ្នែក​ទំនាក់ទំនង​
29, Aug 2020 , 1:59 pm        
រូបភាព
ដោយ:
​កញ្ញា តែ ស៊ូ​ចេង និស្សិត​ឆ្នាំ​ទី​២ នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​។ នាង​គឺ​សិស្ស​និទ្ទេស A លេខ​រៀង​ទី​៣ ក្នុង​ឆ្នាំ​២០១៨​។ នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ កញ្ញា តែ ស៊ូ​ចេង បាន​រំឭកថា នាង​សម្រេច​ចិ​ត្ដ​ដាក់ពាក្យ​ប្រឡង​ចូលរៀន នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ (DMC) ដោយសារ​នាង​ចង់​ក្លាយជា​មន្ត្រី​ផ្នែក​ទំនាក់ទំនង​។​ដោយ​ក្តី​ស្រឡាញ់​ការងារ​ពាក់ព័ន្ធ​នឹង​សារព័ត៌មាន​នេះ កាលណោះ យុវ​សិស្ស តែ ស៊ូ​ចេង បាន​បោះបង់ចោល​ឱកាស​អាហារូបករណ៍​ជាច្រើន​កន្លែង ដែល​អាច​ចូលរៀន​ដោយ​មិនចាំបាច់​ប្រឡងប្រជែង មក​ប្រឡង​ដណ្តើម​កៅអី​នៅ DMC​។

 

 
​កញ្ញា តែ ស៊ូ​ចេង បាន​រៀបរាប់ថា ដោយ​ក្ដី​ស្រលាញ់ និង​ចូលចិត្ត​ខាង​ផ្នែក​ទំនាក់ទំនង ព្រមទាំង​មានការ​ជំរុញ​ចិត្ត​ពី​មជ្ឈដ្ឋាន​ជុំវិញ បានធ្វើឱ្យ​កញ្ញា​សម្រេច​ចិ​ត្ដ​ដាក់ពាក្យ​ប្រឡង​ចូលរៀន នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​(DMC) ក្រោយ​បញ្ចប់​ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ ដោយ​ទទួលបាន​និទ្ទេស​A និង​មាន​លំដាប់​ពិន្ទុ​៩៩,៩៩៨​។ បច្ចុប្បន្ន ស៊ូ​ចេង គឺជា​និស្សិត​ឆ្នាំ​ទី​២​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​។ និស្សិត តែ ស៊ូ​ចេង បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​ខ្ញុំ​មានឱកាស​ទទួលបាន​អាហារូបករណ៍​ច្រើន​កន្លែង នៅតាម​បណ្ដា​សាកលវិទ្យាល័យ​ផ្សេងៗ ប៉ុន្តែ​មិនបាន​សម្រេចចិត្ត​ចាប់យក​ឱកាស​ទាំងអស់​នោះឡើយ ដោយសារតែ​ការប្រឡង​ចូល DMC គឺជា​គោលដៅ​ធំ​របស់ខ្ញុំ​។​»
 
 
​មុននឹង​បាន​ចូលរៀន​នៅ DMC បេក្ខជន​ទាំងអស់ ត្រូវ​ឆ្លងកាត់​នូវ​ការប្រឡង​ពីរ​ដំណាក់កាល គ​ឡឺ​ការប្រឡង​សរសេរ និង​សម្ភាស​ផ្ទាល់​។ ដូច្នេះ​អ្នក​ដែល​ចង់​ចូលរៀន​នៅទីនេះ ត្រូវ​ត្រៀមខ្លួន​ឱ្យ​បានល្អ​បំផុត ព្រោះ​មានតែ​សិស្ស​៦០​នាក់​ប៉ុណ្ណោះ ដែល​នឹងត្រូវ​ជ្រើសរើស​ក្នុង​មួយឆ្នាំៗ ទាំង​ថ្នាក់​អាហា​ក​រូបករណ៍ និង​បង់ថ្លៃ​។ កញ្ញា តែ ស៊ូ​ចេង បញ្ជាក់ មុននឹង​បន្ត​ពី​ចំណុច​ដែល​សិស្សានុសិស្ស​ត្រូវ​ត្រៀមខ្លួន​ឲ្យ​រួចរាល់ មុន​ការប្រឡងប្រជែង​មកដល់​។​
 
​សម្រាប់ កញ្ញា តែ ស៊ូ​ចេង  ដើម្បី​ឲ្យ​ការប្រឡង​សរសេរ ជោគជ័យ បេក្ខជន​ចាំបាច់​ត្រូវមាន​ចំណេះដឹង និង​វប្បធម៌​ទូទៅ​ទូលំទូលាយ​, ភាសា​អង់គ្លេស​,​ចាប់អារម្មណ៍​ខ្ពស់​ក្នុង​វិស័យ​សារព័ត៌មាន​។ ចំណែកឯ​ដំណាក់កាល​សម្ភាស ក៏​មិន​ខុសគ្នា​ពេក​ពី​ការប្រឡង​សរសេរ​ដែរ ពោល គឺ​អ្នក​ត្រូវ​ដឹង​ពី​ព្រឹត្តិការណ៍​ដែល​បាន និង​កំពុង​កើតឡើង​នៅក្នុង​សង្គម និង​ពិភពលោក​។ 
​នៅក្នុង​ការប្រឡង​សរសេរ ហាក់​មិនសូវ​លំបាក​ប៉ុន្មាន​ទេ ប្រសិនបើ​យើង​បាន​ត្រៀមខ្លួន​ជាមុន​។ រាល់​សំណួរ​នៅក្នុង​ការប្រឡង សុទ្ធតែ​ពាក់ព័ន្ធ​ទៅនឹង​ស្ថានការណ៍​ទូទៅ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។ ដូច្នេះ​បេក្ខជន​ទាំងអស់ ចាំបាច់​ត្រូវ​ចេះ តាមដាន សង្កេត នូវ​អ្វីដែល​កំពុងតែ​កើតមាន​នៅក្នុង​សង្គម​។​»
​និស្សិត​ឆ្នាំ​ទី​២​រូបនេះ ថា​នាង​នឹង​ចាប់យក​អាជីព​ជាម​ន្ត្រី​ទំនាក់ទំនង ព្រោះ​វា​គឺជា​ចំណង់​ចំណូលចិត្ត ហើយក៏​ស្ថិតក្នុង​ចំណោម​ការងារ ដែលមាន​តម្រូវ​ខ្ពស់​ក្នុង​ទីផ្សារ​ដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com