COVID-19
អន្តរជាតិ
ទីក្រុង​វូ​ហាន ត្រៀម​បើក​សាលារៀន​ទាំងអស់ នៅ​ថ្ងៃទី​១ ខែកញ្ញា​
29, Aug 2020 , 8:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ទីក្រុង​វូ​ហាន ប្រទេស​ចិន ដែលជា​កន្លែង​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​ដំបូង​គេ​នៅ​ចុងឆ្នាំ​២០១៩ នឹង​បើក​សាលារៀន​ទាំងអស់ រួមទាំង​ថ្នាក់​មតេយ្យ​ផង នៅ​ថ្ងៃទី​១ ខែកញ្ញា​ខាងមុខ​។ នេះ​បើតាម​ការប្រកាស​របស់​រដ្ឋាភិបាល​ក្រុង​វូ​ហាន នៅ​ថ្ងៃទី​២៨ ខែសីហា បន្ទាប់ពី​គ្មាន​ករណី​ឆ្លង​អស់​ជាច្រើន​ខែ​។


 
​ទីក្រុង​វូ​ហាន គឺជា​កន្លែង​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​ដំបូង​គេ​បំផុត និង​ជាទី​ក្រុង​ដែល​រង​ការអុកឡុក​ពី​សំណាក់​COVID-19 ខ្លាំង​បំផុត​នៅក្នុង​ប្រទេស​ចិន​។ ចាប់តាំងពី​ថ្ងៃទី​១៨ ខែឧសភា​មក ទីក្រុង​វូ​ហាន មិនបាន​រាយការណ៍​ពី​ករណី​ឆ្លង​នៅក្នុង​ស្រុក​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Rueters​។ 
 
​ស្ថានការណ៍​COVID-19 នៅក្នុង​ទីក្រុង​កាន់តែ​ស្ងៀមស្ងាត់ អាជ្ញាធរ​ក្រុង​វូ​ហាន សម្រេច​បើក​សាលារៀន​ឡើងវិញ ដោយមាន​ភ្ជាប់​ជាមួយ​វិធាន​បង្ការ និង​ទប់ស្កាត់​ករណី​ឆ្លង​។ បើតាម​អាជ្ញាធរ​ក្រុង​វូ​ហាន វិទ្យាស្ថាន​អប់រំ​ប្រមាណ​២៨៤២​កន្លែង​នៅក្នុង​ទីក្រុង ដែលមាន​សិស្ស​ប្រមាណ ១,៤​លាន​នាក់ នឹង​បើក​ឲ្យ​ចូលរៀន​វិញ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា​ខាងមុខ​។ ចំណែក​សកល​វិទ្យាល័យ នឹង​បើក​ឲ្យ​សិស្ស​ចូលរៀន​ចាប់ពី​៣១ ខែសីហា ខាងមុខ​។ 
 
​យ៉ាងណាក៏ដោយ សម្រាប់​និស្សិត និង​គ្រូ​បរទេស ប្រសិនបើ​មិន​ទទួលបាន​ការជូនដំណឹង​ពី​សាលារៀន ក៏​មិនអាច​ត្រលប់មក​សាលារៀន​បានទេ​។ 
 
​ជាមួយគ្នានេះ អាជ្ញាធរ បានស្នើ​ឲ្យ​សិស្ស​ត្រូវ​ពាក់​ម៉ាស់ និង​ជៀសវៀង​ធ្វើដំណើរ​តាម​មធ្យោបាយ​សាធារណៈ​។ ចំណែក​សាលារៀន​វិញ ត្រូវមាន​សម្ភារ​ទប់ស្កាត់​COVID-19 និង​ត្រូវ​ត្រៀមខ្លួន​ទប់ស្កាត់​ករណី​ផ្ទុះ​ថ្មី​កើតឡើង​។ ដោយឡែក​អាជ្ញាធរ​ក្រុង​វិញ ក៏បាន​រៀបចំ​គម្រោង​អាសន្ន សម្រាប់​ពេល​មាន​ករណី​ថ្មី​ផ្ទុះឡើង​ផងដែរ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​២៩ ខែសីហា ចិន​មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ៨៥០២២​ករណី អ្នកស្លាប់​មាន​ចំនួន ៤៦៣៤​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៨០១២៦​នាក់​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com