COVID-19
ជាតិ
ក្រសួងសុខាភិបាល​ស្នើ​អាជ្ញាធរ​ពង្រឹងកម្លាំង​យាម​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដើម្បី​ទប់ស្កាត់​ករណី​លួច​រត់​
29, Aug 2020 , 3:18 pm        
រូបភាព
​ភ្នំពេញ​៖ ទោះបី ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​ភាព​ធូរស្បើយ​ក៏ពិតមែន ប៉ុន្តែ​វា​នៅតែ​ជា​បញ្ហា​ព្រួយបារម្ភ ខណៈ​ប្រទេស​ដទៃ​ហាក់​មិនទាន់​ធូរស្រាល​នៅឡើយ ។ ដើម្បី​ទប់ស្កាត់​ការ​រាល​ត្បា​ត​ជំងឺ​ដ៏​សាហាវ​នេះ ក្រសួងសុខាភិបាល​បាន​គ្រប់គ្រង​ពលរដ្ឋ និង​ជនបរទេស ដែល​បានធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១ និង​២ និង​តាម​សណ្ឋាគារ​ដែល​បានកំណត់​។​

 
​លើសពីនេះ ក្រសួងសុខាភិបាល​ក៏បាន​ស្នើរ​ឱ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ចាត់​កម្លាំង​សមត្ថកិច្ច​យាម​នៅ​គ្រប់​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជាប្រចាំ ដើម្បី​ការពារ​សុវត្ថិភាព និង​កុំ​ឱ្យមាន​អ្នករត់​គេច​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​មុន​ថ្ងៃ​កំណត់​។ សម្រាប់​ក្រុមគ្រួសារ​របស់​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​កំណត់​ពេលវេលា​សួរសុខទុក្ខ​តាម​ទូរស័ព្ទ នៅ​គ្រប់​មណ្ឌល​ច​ត្តា​ឡី​ស័ក​។ នេះ​បើតាម​លិខិត​របស់​ក្រសួងសុខាភិបាល នា​ថ្ងៃទី ២៩ ខែសីហា​។​
 
 កាលពី​ខែកក្កដា និង​ដើម​ខែសីហា​កន្លងទៅ ស្ត្រី​ខ្មែរ​-​អាមេរិក និង​បុរស​២​នាក់​នៅ​ខេត្តព្រៃវែង បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ហើយ​ពួកគេ​ក៏​ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ និង​ដាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិញ​ផងដែរ​។​
 
​នៅ​ថ្ងៃទី​២៩ ខែសីហា​នេះ ក្រសួងសុខាភិបាល​បាន​បញ្ជក់​ថា មិនមាន​ករណី​ឆ្លង​ថ្មី និង​មិនមាន​អ្នកជា​សះស្បើយ ខណៈ​អ្នកជំងឺ​នៅសល់តែ​៨​នាក់​ប៉ុណ្ណោះ​។ 
 
​បើតាម​ក្រសួងសុខាភិបាល អ្នកជំងឺ នៅសល់​៨​នាក់ កំពុង​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ទាំងអស់​។ គិត​ត្រឹម​ថ្ងៃទី​២៩ ខែសីហា​នេះ ក្នុងចំណោម​អ្នកជំងឺ​២៧៣​នាក់ មាន​អ្នកជា​សះស្បើយ​ចំនួន​២៦៥​នាក់ ដោយ​ស្រី​៥៤​នាក់ បុរស​២១១​នាក់  ស្មើនឹង​៩៧.០៧​ភាគរយ​៕  
 

Tag:
 ក្រសួងសុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com