ជាតិ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ អំពាវនាវឲ្យម្ចាស់យានយន្ត និងទំនិញគេចពន្ធ ចូលខ្លួនទៅបង់ពន្ធ
29, Aug 2020 , 8:29 pm        
រូបភាព
លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយនិងរដ្ឋាករកម្ពុជា
លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយនិងរដ្ឋាករកម្ពុជា
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពាវនាវដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធដែលបានបង្រ្កាប និងរក្សាទុកបណ្ដោះអាសន្នទាំងអស់ ចូលខ្លួនមកបង់ពន្ធអាករ និងពិន័យតាមច្បាប់។ បើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងករណីម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធ មិនបានចូលខ្លួនមកបំពេញកាតព្វកិច្ច យានយន្ត និងទំនិញទាំងនោះ នឹងត្រូវចាត់ទុកជាទំនិញគ្មានការទាមទារ។



នៅថ្ងៃទី២៨ សីហានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធដែលបានបង្រ្កាប និងរក្សាទុកបណ្ដោះអាសន្នឲ្យចូលខ្លួនបង់ពន្ធអាករ និងពិន័យតាមច្បាប់។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អះអាងថា ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធមួយចំនួន នៅស្ទាក់ស្ទើរពុំទាន់ចូលមកបំពេញកាតព្វកិច្ចនៅឡើយ។
 
បើតាមសេចក្ដីជូនដំណឹងខាងលើ កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី២៨ ខែកញ្ញាខាងមុខ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អំពាវនាវដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញពាក់ព័ន្ធ រួសរាន់ចូលខ្លួនមកបំពេញកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ 
 
សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បញ្ជាក់ថា ក្នុងករណីម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធ មិនបានចូលខ្លួនមកបំពេញកាតព្វកិច្ច យានយន្ត និងទំនិញទាំងនោះ នឹងត្រូវចាត់ទុកជាទំនិញគ្មានការទាមទារ។ 
 
ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងប្រកាសដាក់លក់ ដោយដេញថ្លៃជាសាធារណៈ ដើម្បីប្រមូលចំណូលចូលថវិកាជាតិ។ នេះបើតាមសេចក្ដីជូនដំណឹងដដែល៕ 
 

Tag:
 សេដ្ឋកិច្ច
  គយ
  ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com