ជាតិ
ក្មេងតូច នារីវ័យក្មេង និងស្ត្រីចំណាស់ ស្លាប់ដោយឃាតកម្ម៣ករណីផ្ទួនៗនៅភ្នំពេញ
29, Aug 2020 , 4:35 pm        
រូបភាព
ឃាតកសម្លាប់កាត់ក្បាលម្ដាយបង្កើតរបស់ខ្លួន នៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន។ រូបថត អគ្គស្នងការនគរបាលជាតិ
ឃាតកសម្លាប់កាត់ក្បាលម្ដាយបង្កើតរបស់ខ្លួន នៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន។ រូបថត អគ្គស្នងការនគរបាលជាតិ
ភ្នំពេញ៖ រយៈពេលមួយសប្ដាហ៍ចុងខែសីហានេះ មានករណីឃាតកម្មដ៏រន្ធត់ចំនួន៣ បានកើតឡើងនៅភ្នំពេញដូចជា ឪពុកសម្លាប់កូនខ្លួន និងកូនសម្លាប់ម្ដាយបង្កើតជាដើម ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជនជាច្រើន។ ក្នុងករណីឃាតកម្មខ្លះជនសង្ស័យក៏បានធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាមក្រោយ។

 
ឃាតកម្មដ៏សាហាវដំបូងនៅចុងខែសីហានេះ បានកើតឡើងកាលពីថ្ងៃទី២៦ កន្លងទៅ ដោយឪពុកបង្កើតឈ្មោះ ជា សុខជុំ ជាអ្នករត់កង់បី បានច្របាច់កសម្លាប់កូនស្រីខ្លួនចំនួនបីនាក់ ក្នុងនោះអាយុ១៦ឆ្នាំម្នាក់ ៥ឆ្នាំម្នាក់ និង៣ឆ្នាំម្នាក់ ហើយបន្ទាប់ពីសម្លាប់កូនស្រីទាំងបីរួច ជនសង្ស័យក៏បានចងកសម្លាប់ខ្លួនតាមក្រោយ។ ហេតុការណ៍នេះបានកើតឡើង នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ 
 
រីឯឃាតកម្មបន្ទាប់ គឺនារីវ័យក្មេងម្នាក់ឈ្មោះ យឺន ស្រីនី ជាបុគ្គលិកនៅក្នុងរោងចក្រមួយកន្លែងត្រូវបានឃាតកចាក់សម្លាប់នៅកណ្ដាលផ្លូវ កាលពីថ្ងៃទី២៨ ខែ សីហា នៅតំបន់សេដ្ឋកិច្ចពិសេសកំបូល។ ក្រោយកើតហេតុ ជនសង្ស័យក៏បានចងកសម្លាប់ខ្លួនឯង នៅក្នុងបរិវេណវត្តស្ងួនពេជ្យ ស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល។ ចំពោះមូលហេតុនៃការចាក់សម្លាប់នេះ ត្រូវបានគេសង្ស័យថា ដោយសារជនសង្ស័យ ចូលស្ដីដណ្ដឹមនារីរងគ្រោះច្រើនដងមិនបាន។
 
រំលងមិនបានមួយថ្ងៃពេញលេញផង នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ ក៏មានករណីឃាតកម្មយ៉ាងព្រៃផ្សៃ ដោយកូនប្រុសបង្កើតកាត់កម្ដាយដាច់ពីខ្លួន ដែលស្ថិតនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយសម្លាប់ម្ដាយខ្លួន ជនសង្ស័យឈ្មោះ អ៊ាម សំណាង ដែលមានជំងឺប្រព័ន្ធប្រសាទ បានរត់គេចខ្លួននិងប៉ុនប៉ងចងកសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃដដែលនេះ៕ 
 

Tag:
 ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com