ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បៈល្ខោនយីកេ ជួយកញ្ញា កែវ សុផានិត មានកិត្តិយសក្នុងសង្គម
30, Aug 2020 , 9:59 am        
រូបភាព
កញ្ញា កែវ សុផានិត សិល្បការិនីល្ខោនយីកេ (រូប​ផ្ដល់​ឱ្យ)
កញ្ញា កែវ សុផានិត សិល្បការិនីល្ខោនយីកេ (រូប​ផ្ដល់​ឱ្យ)
ភ្នំពេញ៖ មានស្រុកកំណើតនៅខេត្តតាកែវ និងចេញពីគ្រួសារមានជីវភាពមធ្យមមួយ កញ្ញា កែវ សុផានិត កំពុងតែពង្រីកខ្លួនក្នុងវិស័យសិល្បៈបុរាណនិងសម័យ។ ទទួលបានទាំងចំណេះ ជំនាញ តម្លៃក្នុងសង្គម និងឱកាសការងាររដ្ឋ តាំងពីរៀនឆ្នាំទី១នៅថ្នាក់បរិញ្ញា សុផានិត ដែលមានរូបសម្រស់ស្រស់ស្អាត ថាផលទាំងនេះបានពីសិល្បៈល្ខោនយីកេ ដែលនាងស្រឡាញ់តាំងតែពីតូចនោះឯង។


 តទៅនេះសូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ៖

«សព្វថ្ងៃគេទទួលស្គាល់ខ្ញុំ តាមរយៈជំនាញ អ៊ីចឹងខ្ញុំគិតថាមានតម្លៃណាស់សម្រាប់ខ្ញុំ។ ខ្ញុំសម្ដែងនៅចតុមុខរឿង“ទុំទាវ៣ជំនាន់” ខ្ញុំជំនាន់ទី៣ជាមួយសិស្សច្បងរបស់ខ្ញុំ។ កាលនោះមានអ្នកនៅស្រុកក្រៅ(ភ្ញៀវមកពីបរទេស)មកមើលទៀតផង។ នៅចតុមុខមានអ្នកមកចាំយកសំបុត្រតាំងពីព្រឹក រហូតដល់ថ្ងៃ តែមិនបានចូលមើល ដោយសារតែកៅអីនៅក្នុងនោះពេញអស់ ដូច្នេះខ្ញុំសោកស្ដាយចំពោះពួកគាត់ដែរ។ ឃើញអ្នកគាំទ្រច្រើនបែបនេះ អារម្មណ៍របស់ខ្ញុំរំភើប»។ នេះគឺជាអារម្មណ៍របស់កញ្ញា កែវ សុផានិត នៅពេលដែលបានឃើញការគាំទ្រសិល្បៈបុរាណ ជាពិសេសល្ខោនយីកេដែលនាងបានសម្ដែង។ 


 
អង្គុយក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជិតរូបសំណាកព្រះបាទជយវរ្ម័នទី៧ កញ្ញា កែវ សុផានិត ដែលមានសម្បុរសរ ផ្ទៃមុខស្រស់ផូផង់នោះ រៀបរាប់ពីការងារដែលនាងបានធ្វើដូច្នេះ៖«ការងារផ្ទាល់ខ្លួនរបស់ខ្ញុំគឺធ្វើការនៅក្នុងនាយកដ្ឋានសិល្បៈទស្សនីយភាព។ ការងារក្រៅដែលខ្ញុំឆ្លៀត ជាអ្នកកាត់សក់ភ្លេងការ ជួនកាលគេហៅទៅសម្ដែងផ្សេងៗ និងថតស្ពតតែមិនច្រើនទេ ហើយនឹងថតកុន ខ្ញុំធ្លាប់ឆ្លងកាត់ដែរ និងច្រៀងបទចម្រៀងសម័យពីដើម នៅប៉ុស្ដិ៍បាយយ័ន តាំងពីឆ្នាំ២០១៦»។
 
មានម្ដាយជាគ្រូពេទ្យ ហើយឪពុកជាកសិករ សុផានិត ដែលទើបតែមានវ័យ២៤ឆ្នាំនេះ ត្រូវបានគេមើលឃើញថា មានទេពកោសល្យខ្ពស់ លើការសម្ដែងសិល្បៈល្ខោនយីកេ។ ទោះជាយ៉ាងណា នារីមានសក់វែងខ្មៅរលោងរូបនេះ អះអាងថានាងនៅតែខំប្រឹងប្រែងពង្រឹងជំនាញបន្ថែមទៀត៖«ខ្ញុំមិនអាចបណ្ដោយខ្លួនឯងបានទេ ខ្ញុំនៅតែខំ។ សម្រាប់ខ្ញុំទៅមហាជនទូទៅ ឬក៏អ៊ុំពូមីង គាត់ថាគាត់ស្រឡាញ់ចូលចិត្ត តែបើខ្ញុំប្រៀបខ្លួនទៅគ្រូៗដែលមានចំណេះដឹង ខ្ញុំនៅតែមានកម្រិត។ អ៊ីចឹងហើយ បានជាខ្ញុំថាអ្នកជំនាន់ក្រោយទាំងអស់ក៏ត្រូវសិក្សា និងព្យាយាមឱ្យខ្លាំងដែរ។ យើងមិនអាចថាយកសិល្បៈរបស់យើងគ្រាន់តែទុកសម្រាប់ធ្វើជំនួញ តែយើងត្រូវតែលើកស្ទួយតម្លៃពិត»។ 


 
មានដើមកំណើតពីស្រុកដូនកែវ ខេត្តតាកែវ កញ្ញា កែវ សុផានិត មិនត្រឹមតែពង្រឹងជំនាញរបស់ខ្លួនឱ្យកាន់តែមាំឡើយ ប៉ុន្តែនាងក៏ខំស្វះស្វែងឆ្លៀតរៀនភាសាបរទេសបន្ថែមដែរ បើទោះបីជាការងារមមាញឹកខ្លាំង នាំឱ្យការសិក្សាខកខានច្រើនក៏ដោយ៖«ខ្ញុំគិតថាខ្លួនឯងរាល់ថ្ងៃនេះ កម្រិតវប្បធម៌ និងចំណេះដឹងទូទៅនៅមានកម្រិត ហើយវ័យរបស់ខ្ញុំនៅប៉ុណ្ណឹង ខ្ញុំត្រូវតែរៀន។ ប៉ុន្តែខ្ញុំត្រូវតែរកប្រាក់ដែរ។ ខ្ញុំមានប៉ាម៉ាក់ ក៏ប៉ុន្តែគាត់មិនអាចនៅតែផ្គត់ផ្គង់ខ្ញុំគ្រប់បែបយ៉ាងបានទេ ដូច្នេះខ្ញុំត្រូវងើបឈរដោយខ្លួនឯង។ ខ្ញុំឈរខ្លួនឯងតាំងពីខ្ញុំរៀនចប់ថ្នាក់ទី១២។ អារម្មណ៍នៅពេលដែលមិនមានប្រាក់នៅក្នុងខ្លួន ខ្ញុំខ្ចីប្រាក់មិត្តរបស់ខ្ញុំឱ្យថ្លៃផ្ទះជួល។ មិត្តខ្ញុំគាត់ដឹងពីបញ្ហារបស់ខ្ញុំទាំងអស់»។ 
 
មានបងប្អូន៣នាក់ ហើយនាងជាកូនពៅ សុផានិត មិនមែនចូលសិល្បៈបុរាណដោយចៃដន្យ ឬគ្រាន់តែជាអារម្មណ៍ស្រឡាញ់មួយឆាវនោះទេ ប៉ុន្តែនាងពិតជាមានទេពកោសល្យតាំងតែពីតូច។ ផ្ដើមនិយាយដោយស្នាមញញឹម និងសើចសប្បាយផង នារីមានរោមភ្នែកខ្មៅងឡើងយ៉ាងស្រស់ស្អាតរូបនេះ បញ្ជាក់បន្ថែម៖«ពីតូចមកខ្ញុំចូលចិត្តច្រៀង ចូលចិត្តសម្ដែងរឿងទុំទាវ ខ្ញុំសម្ដែងនៅពេទ្យ។ ពេលសម្ដែងគេឱ្យប្រាក់ខ្ញុំទៀត នេះគឺជារឿងពិត។ ខ្ញុំសម្ដែងតួយាយផាន់ ហើយមិត្តរបស់ខ្ញុំតួទាវ។ តែគេឈប់រៀនហើយ គេរៀនបាន២ឆ្នាំ។ មករៀនដំបូងដូចជាកម្រត់បន្តិច ព្រោះខ្ញុំមិនដែលឃ្លាតពីម៉ែឪ ហើយខ្ញុំស្នាក់នៅក្នុងសាលា ជាមួយគេ»។
 
ចូលសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈ ក្នុងឆ្នាំ២០១០ សុផានិត ជួបឧបសគ្គច្រើនគួរសម ទាំងបញ្ហាសេដ្ឋកិច្ច និងបញ្ហាគ្រួសារផង ក្នុងដំណាក់កាលសិក្សារៀនសូត្រ។ រំឭកពីអតីតកាល គ្រាដែលទើបតែបានរៀនសិល្បៈមួយរយៈខ្លី ម្ដាយរបស់នាងបង្ខំឱ្យឈប់រៀន តែដោយក្ដីស្រឡាញ់ខ្លាំង សុផានិត នៅតែសុំម្ដាយរៀនបន្ត ដោយខំប្រឹងប្រែងទ្វេដង៖«ខ្ញុំរៀនបាន១ឆ្នាំម៉ែគាត់ចង់ឱ្យឈប់វិញ ដោយសារតែគាត់មិនសូវជឿលើការរៀនសិល្បៈរបស់ខ្ញុំ។ និយាយរួមគាត់មិនសូវមានទំនុកចិត្តតែម្ដង។ កាលនោះគាត់ឱ្យឈប់មែន តែខ្ញុំតវ៉ាខ្ញុំមិនឈប់ ព្រោះរៀននៅទីនេះមានរៀនចំណេះដឹងទូទៅរហូតដល់ថ្នាក់ទី១២។ ខ្ញុំរៀនទាល់តែខ្ញុំប្រឡងចប់។ ណាមួយខ្ញុំជាសិស្សមានទេពកោសល្យ គ្រូគាត់ស្រឡាញ់ចូលចិត្ត គាត់ក៏មិនចង់ឱ្យខ្ញុំឈប់ដែរ»។ 


 
ទើបតែមានអាយុ១៩ឆ្នាំ នារីរូបស្រស់ ដែលតែសម្ដែងជាតួឯកក្នុងសិល្បៈល្ខោនយីកេរូបនេះ បានចូលបម្រើការងាររដ្ឋ តាំងពីរៀនក្នុងឆ្នាំទី១នៅថ្នាក់បរិញ្ញាបត្រ៖«ខ្ញុំបានជាប់ថ្នាក់ទី១២ ខ្ញុំក៏មិនទាន់មានការងារធ្វើដែរ។ ខ្ញុំចូលរៀនឆ្នាំទី១នៅថ្នាក់ឧត្តមសិន ក្នុងឆ្នាំ២០១៥។ ខ្ញុំចូលរៀនបានមួយរយៈមានគ្រូមួយចំនួនគាត់ជំរុញឱ្យខ្ញុំប្រឡងចូលក្រសួង។ ពេលប្រឡងខ្ញុំក៏បានជាប់ បានធ្វើការរហូតដល់ឆ្នាំ២០២០នេះ»។
 
ក្រៅពីការងាររដ្ឋ ដែលជាសិល្បការិនីល្ខោនយីកេ សុផានិត អាចច្រៀងភ្លេងការក្នុងពិធីមង្គលនានា ច្រៀងចម្រៀងមរតកដើមក្នុងកម្មវិធីទូរទស្សន៍ អាចសម្ដែងកុន ថតស្ពត់ពាណិជ្ជកម្ម និងថតម៉ូតសម្លៀកបំពាក់ប្រពៃណីជាដើម ដោយផ្ដើមចេញពីការងារស្ម័គ្រចិត្ត។ 
 
ទោះជាយ៉ាងណា នាងមិនដែលភ្លេងគុណសិល្បៈបុរាណ ដែលជាជំនាញរបស់នាងសព្វថ្ងៃឡើយ៖«គិតពីខ្ញុំចាប់ផ្ដើមនៅចំណុចសូន្យ ព្រោះដំបូងឡើយខ្ញុំមិនបានគិតថាសម្ដែងបានប្រាក់ទេ។ តែខ្ញុំចង់សម្ដែងខ្លាំង ដូច្នេះពេលខ្លះខ្ញុំត្រូវស្ម័គ្រចិត្ត។ ខ្ញុំចូលចិត្តណាស់រឿងស្ម័គ្រចិត្ត ដល់ពេលស្ម័គ្រចិត្តយូរទៅក៏គេបានស្គាល់។ ខ្ញុំបានរៀន ដោយសារតែរៀនសិល្បៈដែរ។ ខ្ញុំមានប្រាក់ខ្លះ វាមិនមានអ្វីច្រើនទេ ប៉ុន្តែវាបានជួយជីវភាព ជួយការសិក្សា និងការរស់នៅ»។
 
បានសម្ដែងល្ខោនយីកេរឿង “ទុំទាវ៣ជំនាន់” ដ៏ល្បីល្បាញ ដែលដើរតួជានាងទាវក្នុងទំនាន់ទី៣ សុផានិត មុនបានមកដល់ថ្ងៃនេះ នាងត្រូវខាំមាត់សង្កត់ចិត្តច្រើន ចំពោះការមិនឱ្យតម្លៃនានា។ មាត់មិនតបត ប៉ុន្តែចិត្តបានកំណត់រួចជាស្រេច ថានឹងខំសាងសមិទ្ធផលឱ្យបានល្អប្រសើរ៖«គេមិនយល់ ពេលដែលគេនិយាយមក មិនមានន័យគោរព។ គេថាទៅរៀនអីជំនាញហ្នឹង មិនដឹងជាបានអ្វីពេលដែលចេញមក។ សម្រាប់ចិត្តខ្ញុំ មិនមែនថាខ្ញុំមិនខឹងគេទេ ខឹង ក៏ប៉ុន្តែខ្ញុំគិតថាបើខ្ញុំតវ៉ាពេលនេះ ឬឈ្លោះប្រកែក ឬខ្ញុំថាឱ្យគេវិញក៏វាមិនបានអ្វីដែរ។ អ្វីដែលខ្ញុំធ្វើ អ្វីដែលខ្ញុំស្រឡាញ់ ហើយខ្ញុំខំអនុវត្តន៍វា ខ្ញុំព្យាយាម វានឹងចេញលទ្ធផលនៅថ្ងៃណាមួយ ដោយការតស៊ូនៅក្នុងជំនាញ»។


 
ជីវិតដែលរស់នៅក្នុងវិស័យសិល្បៈបុរាណយូរទៅ បានធ្វើឱ្យ សុផានិត យល់ច្បាស់ពីតម្លៃពិតរបស់សិល្បៈដូនតា៖«ខ្ញុំស្រឡាញ់អ្វីមួយខ្ញុំចង់ធ្វើ ទាំងខ្ញុំមិនបានគិតថាវានឹងបានកម្រៃមកច្រើនទេ។ ដំបូងចូលរៀនដោយសារចិត្តស្រឡាញ់ មិនមានចិត្តគិតថាត្រូវតែថែរក្សាទេ រហូតដល់ខ្ញុំរៀនថ្នាក់ទី១១ ទើបខ្ញុំបានឃើញថា សិល្បៈស្រុកយើង បាត់បង់ការគាំទ្រច្រើន។ យើងត្រូវតែប្រឹងថែរក្សានិងលើតម្កើងសិល្បៈឡើងវិញ ជាពិសេសសិល្បៈបុរាណ»។
 
ទោះជាយ៉ាងណា សិល្បការិនី កែវ សុផានិត ផ្ដល់យោបល់ដល់អ្នកដែលមានបំណងចង់រៀនសិល្បៈបុរាណ ឱ្យសួរខ្លួនឯងជាមុខសិន ថាពិតជាអាចតស៊ូនឹងជំនាញនោះបានពិតប្រាកដ តែបើមិនមានចិត្តមាំទេ គួរកុំរៀនល្អជាង៖«សម្រាប់ខ្ញុំប្រសិនបើមានបងប្អូនដែលគាត់ស្រឡាញ់សិល្បៈបុរាណ បើគាត់ស្រឡាញ់ពិតប្រាកដមែន ចាំគាត់ចូល។ ព្រោះយើងរៀនអ្វីមួយ យើងកុំគិតតែប្រយោជន៍វាជាមុន យើងត្រូវគិតពីភាពលំបាករបស់វាជាមុនសិន។ យើងត្រូវសួរខ្លួនឯងសិន ថាយើងអាចធ្វើវាបានឬក៏អត់ បើយើងស៊ូនឹងវាបាន យើងតាំងចិត្តបាន យើងមករៀនសិល្បៈបុរាណមិនខុសទេ។ តែបើគ្រាន់តែចង់មួយភ្លែត កុំចូលរៀនអី ព្រោះកុំឱ្យគាត់ខាតពេលវេលា»។
 
ទៅថ្ងៃអនាគតកញ្ញា កែវ សុផានិត ក៏មានបំណងប្រឡូកក្នុងវិស័យភាពយន្តឱ្យបានកាន់តែច្រើនដែរ តែទោះជាយ៉ាងណា ក៏អាស្រ័យលើពេលសវេលាអនុគ្រោះដែរ៕
 

Tag:
 តាកែវ សិល្បៈ
 យីកេ
 បុរាណ
 សម័យ
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com