ជាតិ
USAID ប្ដេជ្ញាបន្តគាំទ្រសហគមន៍ដែលងាយរងគ្រោះដោយការជួញដូរមនុស្ស
29, Aug 2020 , 5:59 pm        
រូបភាព
សៀមរាប៖ ផ្ទះថ្មីមួយខ្នង ត្រូវបានសាងសង់ និងប្រគល់ជូនដល់គ្រួសារក្រីក្រ ដែលមានប្រវត្តិធ្លាប់ធ្វើចំណាកស្រុកខុសច្បាប់ទៅប្រទេសថៃ។ ក្រៅពីគម្រោងផ្តល់ផ្ទះរបស់អង្គការលំនៅឋានមនុសស្សជាតិកម្ពុជាហើយ ក្នុងនោះអង្គការដៃគូដែលទទួលបានជំនួយគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិប្រចាំកម្ពុជា (USAID) ក៏បានជួយលើផ្នែកមុខរបរ ក្នុងបំណងឱ្យពលរដ្ឋនៅជនបទ មានជម្រើសល្អជាជាងការចំណាកស្រុកដោយប្រថុយប្រថាន។ USAID បានប្ដេជ្ញាបន្តគាំទ្រដល់សហគមន៍មូលដ្ឋាន ដើម្បីបង្ការករណីជួញដូរមនុស្សតាមរយៈការធ្វើចំណាកស្រុកខុសច្បាប់។

 
«រដ្ឋាភិបាលសហរដ្ឋអាមេរិក មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយនូវរឿងរ៉ាវមួយចំនួនទាក់ទងនូវភាពងាយរងគ្រោះដោយសារអំពើជួញដូរមនុស្ស និងប្រាកដថា គ្រួសារទាំងនោះមានភាពរឹងមាំ (ជីវភាព)»។ នេះជាការលើកឡើងរបស់ លោកស្រី Veena Reddy ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិប្រចាំកម្ពុជា ក្នុងដំណើរទស្សនកិច្ចទៅកាន់ភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ដើម្បីត្រួតពិនិត្យគម្រោង ក៏ដូចជាជួយសាងសង់ផ្ទះដល់គ្រួសារក្រីក្រ នាថ្ងៃទី២៨ សីហា។ 


  លោកស្រី Veena Reddy ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិប្រចាំកម្ពុជា 
 
USAID បានគាំទ្រថវិការយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៥មក ដល់អង្គការ WINROCK លើការគាំទ្រផ្នែកមុខរបរដល់គ្រួសារក្រីក្រ និងងាយរងគ្រោះពីការជួញដូរមនុស្ស តាមរយៈការចំណាកស្រុកទៅប្រទេសថៃ។ លោកស្រី Ana Maria Dionela នាយិកាអង្គការ WINROCK ឱ្យដឹងថា លោកស្រីរីករាយដែលបានធ្វើការជាមួយអង្គការដៃគូ ដូចជាអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ក្នុងការជួយគ្រួសារក្រីក្រនៅខេត្តសៀមរាប។ ជាមួយគ្នានោះ WINROCK បានផ្តល់មុខរបរដល់គ្រួសារក្រីក្របន្ថែមពីការទទួលបានផ្ទះថ្មី គឺមុខរបរខ្នាតតូចដូចជាការចិញ្ចឹមសត្វ និងវគ្គបណ្ដុះបណ្ដាលនានាលើមុខរបរផ្តល់ឱ្យ។ យ៉ាងណា នាយិកាអង្គការ WINROCK លើកទឹកចិត្តឱ្យគ្រួសារទាំងអស់ ត្រូវប្រឹងប្រែងជួយខ្លួនឯងបន្ថែមទៀត ដើម្បីសម្រេចគោលដៅដែលខ្លួនចង់បាន។


 
ចំណែកនាយិកាប្រចាំប្រទេសនៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា (Habitat for Humanity Cambodia)  លោកស្រី Bernadette Bolo-Duthy ផ្ទះគឺមានសារសំខាន់ណាស់ក្នុងកាលៈទេសៈជំងឺកូវីដ១៩នេះ ដើម្បីការការពារពីការរីតត្បាតនៃជំងឺមួយនេះ។ លោកស្រីបន្តថា ទោះវិបត្តិជំងឺកូវីដ១៩បានប៉ះពាល់ដល់គម្រោងសាងសង់ផ្ទះដល់ប្រជាពលរដ្ឋក្រីក្រមួយរយៈពេលយ៉ាងណាក្ដី តែអង្គការលោកស្រីមិនបញ្ឈប់សកម្មភាពទាំងនេះឡើយ ដោយយល់ថា ផ្ទះគឺមានសារសំខាន់សម្រាប់ពលរដ្ឋក្នុងកាលៈទេសៈនេះ។ តាមការបញ្ជាក់ពីលោកស្រីនាយិកា រយៈពេលជាង១៦ឆ្នាំ ចាប់ពីឆ្នាំ២០០៣មកនេះ អង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានជួយសង់ផ្ទះ ទឹកស្អាត បង្គន់អនាម័យ និងវគ្គបណ្ដុះបណ្ដាលនានាដល់ដល់ពលរដ្ឋតាមសហគមន៍សរុបជាង១០ម៉ឺនគ្រួសារ៕
 




 
 

Tag:
 USAID
  ការជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com