សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក Warren Buffett មហាសេដ្ឋី​លំដាប់​ទី​៤​លើ​ពិភពលោក​ឈានដល់​វ័យ​៩០​ឆ្នាំ​
30, Aug 2020 , 9:29 am        
រូបភាព
ដោយ: ធីតា
កើត​នៅ​ក្រុង Omaha រដ្ឋ Nebraska លោក Warren Buffett មហាសេដ្ឋី​លំដាប់​ទី​៤​លើ​ពិភពលោក ត្រូវ​ប្រារព្ធ​ខួប​៩០​ឆ្នាំ​របស់ខ្លួន​នា​ថ្ងៃអាទិត្យ ទី​៣០ ខែសីហា នេះ​។ លោក​គឺជា​អគ្គនាយក​ក្រុមហ៊ុន Berkshire Hathaway ដែលមាន​បុត្រ​សម្ព័ន្ធ​ជាច្រើន​ទៀត ដូចជា GEICO, Duracell, Pampered Chef, Forest River និង NetJets ជាដើម​។ ក្រៅពីនេះ ក្រុម​យក្ស​របស់លោក ក៏មាន​ភាគ​នៅ​ក្រុមហ៊ុន Pilot Flying J, American Express, The Coca-Cola Company, Apple និង​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ជាច្រើន​ទៀត​។​



​យោង​ទស្សនា​វ​ដ្តី Forbes លោក Warren Buffet មានទ្រព្យ​សម្បត្តិ​៦៧.៥​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​គិត​ត្រឹម​ខែមីនា ឆ្នាំ​២០២០ ហើយ​ស្ថិត​លំដាប់​លេខ​៤​ក្នុង​បញ្ជី The World’s Billionaires បន្ទាប់ពី​លោក Jeff Bezos លោក Bill Gates និង​ក្រុមគ្រួសារ Bernard Arnault​។​

​ទោះបី​ឈានដល់​វ័យ​កាន់តែ​ចំណាស់​ក៏ដោយ ក៏​លោក Warren Buffet នៅតែមាន​ទស្សនៈ​ខ្ពស់​ក្នុង​ការដឹកនាំ​ក្រុមហ៊ុន​ឆ្ពោះទៅរក​ភាពជោគជ័យ​។ កាលពី​ឆ្នាំ​២០១៥ លោក​រំពឹងថា ពេល​ដល់​អាយុ​១០០​ឆ្នាំ នា​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០៣០ លោក​នឹង​មើលឃើញ​ពី​ភាពជោគជ័យ​របស់ GEICO ក្រុមហ៊ុន​ធានារ៉ាប់រង​យានយន្ត​ដែលជា​បុត្រ​សម្ព័ន្ធ​មួយ​របស់ Berkshire Hathaway​។​

​កំពូល​វិនិយោគិន​ដ៏​ល្បី​របស់​អាមេរិក​រូបនេះ តែងតែ​ផឹក​កូកាកូឡា​សម្រាប់​ជា​អាហារ​ពេលព្រឹក ប៉ុន្តែ​ពេលខ្លះ​គាត់​ក៏​ទទួលទាន​ដំឡូង​បំពង ឬ ការ៉េម​ឈី​ប​សូកូឡា​មួយ​ចាន​តូច ជាមួយ​កូ​កា​ផងដែរ​។ នេះ​បើ​យោងតាម Business Insider ។​

​លោក Warren Buffet ធ្លាប់បាន​ប្រាប់​អ្នកយកព័ត៌មាន​ពីរ​បប​អាហារ​ប្រចាំថ្ងៃ​ថា​៖«​ប្រសិនបើ​ខ្ញុំ​បរិភោគ​អាហារ​២៧០០ កាឡូរី​ក្នុង​មួយថ្ងៃ នោះ​មួយ​ភាគ​បួន​គឺ​បានមកពី​ការផឹក​Coca-Cola​។ យ៉ាងហោចណាស់ ខ្ញុំ​ផឹក​កូ​កា​ប្រាំ​ដង​ក្នុង​មួយថ្ងៃ​ហើយ​ខ្ញុំ​តែងតែ​ផឹក​វា​ជា​រៀងរាល់ថ្ងៃ​»​។​

​លោក​Buffett ក៏បាន​ឲ្យ​ដឹងថា​លោក​ផឹក​កូកាកូឡា​បី​ដប​ក្នុងពេល​ថ្ងៃ​និង ពីរ​កំប៉ុង​បន្ថែមទៀត​នៅពេល​យប់ ដោយពេល​ខ្លះ​គាត់​ផឹក​កូ​កា​រសជាតិ​ធម្មតា ហើយ​ពេលខ្លះ​គាត់​ផឹក​កូ​កា​រសជាតិ​ផ្លែឈើ​រី​។​

​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​Buffett ចូលចិត្ត​ផឹក​កូ​កា​យ៉ាង​ដូច្នេះ គឺ​ដោយសារតែ​គាត់​បាន​ពិនិត្យឃើញថា អត្រា​នៃ​ការស្លាប់​ទាប​បំផុត​គឺ​នៅក្នុង​ចំណោម​ក្មេង​អាយុ ៦ ឆ្នាំ​ដូច្នេះ​ទើប​លោក​សម្រេច​បរិភោគ​របប​អាហារ​ដូច​កុមារ​អាយុ ៦ ឆ្នាំ​ដែរ ព្រោះថា​ក្មេង​ភាគច្រើន​គឺ​ចូលចិត្ត​ផឹក​កូកាកូឡា​។ គួរ​បញ្ជាក់ថា កូកាកូឡា​មួយ​កំប៉ុង ឬមួយ​ដប​តូច មាន​ផ្ទុក ១៤០ កាឡូរី​និង​ជាតិ​ស្ករ ៣៩ ក្រាម​៕


Tag:
 warren buffett
© រក្សាសិទ្ធិដោយ thmeythmey.com