អន្តរជាតិ
RCEP ត្រូវរំពឹងចុះហត្ថលេខាផ្លូវការចុងឆ្នាំនេះ ខណៈបញ្ហាត្រូវបានដោះស្រាយស្ទើរទាំងស្រុង រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសចរចាកិច្ចព្រមព្រៀង RCEP ។ រូបភាព PNA
× នៅទីបំផុតសេចក្តីព្រាងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយក្នុងតំបន់ RCEP ត្រូវបានបញ្ចប់ជាផ្លូវការ បន្ទាប់ពីមានការចរចា និងសម្របសម្រួលគ្នាជាច្រើនលើកច្រើនសារ។ កិច្ចព្រមព្រៀងដែលមានសមាជិកដប់ប្រាំប្រទេសរួមមានប្រទេសអាស៊ាន និងប្រទេសប្រាំផ្សេងទៀត នឹងក្លាយជាឧបករណ៍ពាណិជ្ជកម្មថ្មីមួយបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរី។
បើមិនមានការប្រែប្រួលនោះទេ នៅខែវិច្ឆិកាខាងមុខនេះ តាមរយៈកិច្ចប្រជុំកំពូលអាស៊ានដែលមានវៀតណាមជាប្រធាន អាស៊ាន និងប្រទេសដៃគូរួមមាន អូស្ត្រាលី ចិន ជប៉ុន នូវែលហសេឡង់ និងកូរ៉េខាងត្បូង នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាផ្លូវការហើយ។
តាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោក Ramon Lopez នៅថ្ងៃទី២៧ សីហាកន្លងទៅ រដ្ឋមន្ត្រីពាណិជ្ជកម្មទាំង១៥របស់កិច្ចព្រមព្រៀង RCEP បានដោះស្រាយលើបញ្ហាចម្បងៗ នៅក្នុងកិច្ចព្រមព្រៀងស្ទើរតែជិតសព្វគ្រប់ហើយ។ តាមការរំពឹងទុក រដ្ឋមន្ត្រីទាំងអស់ បានបង្ហាញចេតនាពន្លឿនចុះកិច្ចព្រមព្រៀងផ្លូវការនៅចុងឆ្នាំនេះ ទោះបីជាក្រោមសម្ពាធនៃការគំរាមកំហែងពីវីរុស Covid-19 ក៏ដោយ។
មុនឈានដល់ការបង្ហាញជំនឿជាក់លើគម្រោងចុះហត្ថលេខាផ្លូវការនៅចុងឆ្នាំនេះ ប្រទេសពាក់ព័ន្ធទាំងអស់ បានមានការព្រួយបារម្ភពីផលប៉ះពាល់នៃកិច្ចព្រមព្រៀង ក៏ដូចជាបទញ្ញត្តិទាំង២០ ជំពូកក្នុងអត្ថបទនៃកិច្ចព្រមព្រៀងនោះ។ តាមបាងកកប៉ុស្តិ៍ ក្នុងខ្លឹមសារទាំង២០ជំពូកដែលភាគីទាំងអស់ទើបសម្រេចបាននោះ ផ្តោតសំខាន់លើមុខទំនិញសម្រាប់កិច្ចពាណិជ្ជកម្ម, បែបបទប្រភពទំនិញ, នីតិវិធីពន្ធគយ, ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល, កិច្ចលទ្ធកម្មរបស់រដ្ឋាភិបាល ក៏ដូចជាយន្តការសម្រាប់ដោះស្រាយវិវាទជាដើម។
សូមបញ្ជាក់ថា RCEP គឺជាសំណើនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលត្រូវបានលើកចរចាជាផ្លូវការនៅឆ្នាំ២០១២។ កិច្ចព្រមព្រៀងដែលមានទំហំពាណិជ្ជកម្មស្មើនឹង៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកបង្កើតឡើងដើម្បីប្រែក្លាយតំបន់រដ្ឋអាស៊ាន និងដៃគូសន្ទនារបស់ខ្លួនក្លាយជាតំបន់ពាណិជ្ជកម្មសេរី ។
ភាគីនៃកិច្ចព្រមព្រៀងនេះ រាប់បញ្ចូលសមាជិកអាស៊ានទាំងដប់ និង ដៃគូសន្ទនាផ្សេងទៀតរួមមានចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង នូវែលសេឡង់ (ឥណ្ឌាបានសម្រេចចិត្តចាកចេញវិញ ដោយសារតែព្រួយបារម្ភពីផលប៉ះពាល់លើផលិតផលក្នុងស្រុក) ។ តាមពិតទៅ RCEP គ្រោងនឹងបញ្ចប់ការព្រមព្រៀងគ្នាតាំងពីឆ្នាំ ២០១៥ ប៉ុន្តែត្រូវបន្តពន្យារពេលជាបន្តបន្ទាប់ ដោយសារសមាជិករបស់ RCEP មួយចំនួននៅមិនឯកភាពលើប្រការដែលត្រូវបញ្ញត្តិរួម៕
© រក្សាសិទ្ធិដោយ thmeythmey.com