ជាតិ
ជំនក់ចិត្តនឹងការសរសេរជំរុញឲ្យ កញ្ញា សៅ សម្ផស្ស ជ្រើសរើសសិក្សាជំនាញសារព័ត៌មាន
30, Aug 2020 , 8:59 pm        
រូបភាព
ដោយ៖ ហៀត វណ្ណា

កញ្ញា សៅ សម្ផស្ស បានជ្រើសរើសការសិក្សាសារព័ត៌មាន ដោយសារតែការស្រឡាញ់ការសរសេរ។ បច្ចុប្បន្ន នាងគឺជានិស្សិតឆ្នាំទី៣ នៅដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) ហើយក៏កំពុងបម្រើការងារនៅស្ថាប័នសារព័ត៌មានក្នុងស្រុកមួយដែរ។ រៀនបណ្តើរ ធ្វើការបណ្តើរ កញ្ញា សៅ សម្ផស្ស ជឿជាក់ថា នាងនឹងក្លាយជាអ្នកកាសែតពូកែម្នាក់នៅថ្ងៃអនាគត។ 
 
កញ្ញា សៅ សម្ផស្ស ដែលបច្ចុប្បន្នមានវ័យ២០ឆ្នាំ បានប្រាប់សារព័ត៌មានថ្មីៗថា នាងចាប់ផ្តើមជក់ចិត្តនឹងការសរសេរកត់ត្រា រឿងរ៉ាវដែលខ្លួនជួបប្រទះជាប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនាងរៀននៅថ្នាក់ទី១១។ នាងមិនដែលធុញ ឬមានអារម្មណ៍នឿយណាយទាល់តែសោះ បើទោះជាពេលខ្លះនាងត្រូវចំណាយពេលកត់ត្រារឿងរ៉ាវទាំងនោះ ច្រើនម៉ោងយ៉ាងណាក៏ដោយ។ 
 
យុវតី សៅ សម្ផស្ស បញ្ជាក់ថា៖«ភាគច្រើនខ្ញុំសរសេរអ្វីមួយ ទុកក្នុងកូនសៀវភៅរបស់ខ្ញុំ។ ជួនកាលសូម្បីតែការយល់សប្ដិ ក៏ខ្ញុំសរសេរវាទុកដែរ។ ក្រោយមកទៀត រាល់ពេលដែលខ្ញុំអានសៀវភៅ ខ្ញុំចូលចិត្តសង្ខេបដាក់ក្នុងកូនសៀវភៅរបស់ខ្ញុំ។ អីចឹងហើយ ខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំចូលចិត្តសរសេរ ព្រោះខ្ញុំសរសេរច្រើនម៉ោងយ៉ាងណា ក៏ខ្ញុំមិនធុញដែរ»។ 


 
ក្រោយប្រឡងជាប់បាក់ឌុប យុវតីអ្នកភ្នំពេញ វ័យ២០ឆ្នាំរូបនេះ ក៏សម្រេចចិត្តដាក់ពាក្យប្រឡង ដើម្បីចូលរៀននៅដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC)។ ទោះជានៅពេលនោះ នាងមិនទាន់ប្រាកដចិត្តនឹងការងារដែលខ្លួនចង់ធ្វើក៏ដោយ ពោលគឺនាងដឹងត្រឹមតែថា មានជំនាញមួយដែលខ្លួនចូលចិត្ត នោះគឺការសរសេរនេះឯង។
 
បច្ចុប្បន្ន សៅ សម្ផស្ស កំពុងសិក្សាឆ្នាំទី៣ ហើយនាងក៏បានកំណត់អាជីពអនាគតរបស់ខ្លួនរួចទៅហើយ នោះគឺនាងចង់ក្លាយជាអ្នកសារព័ត៌មាន ដែលពូកែមួយរូបនៅអនាគត។ និស្សិត សៅ សម្ផស្ស បានពន្យល់បន្ថែមពីការសម្រេចចិត្តរបស់ខ្លួនដូច្នេះ៖«នៅឆ្នាំទី២ ខ្ញុំបានរៀនមុខវិជ្ជាមួយគឺ ការសរសេរព័ត៌មានដោយក្នុងមុខវិជ្ជានេះ តម្រូវឲ្យសិស្សទាំងអស់សរសេរអត្ថបទព័ត៌មានជាភាសាខ្មែរ និងអង់គ្លេស។ ពេលហ្នឹង ខ្ញុំទទួលការអនុវត្តន៍ច្រើនជាមួយកិច្ចការផ្ទះ ដែលតម្រូវឱ្យខ្ញុំសរសេរព័ត៌មាន រាល់សប្តាហ៍។ យូរៗទៅ ខ្ញុំក៏ចាប់ផ្តើមចាប់អារម្មណ៍នឹងសារព័ត៌មាននេះ។ ហើយថ្ងៃមុខទៅ ខ្ញុំចង់ក្លាយជាអ្នកកាសែតល្អពូកែម្នាក់»។ 
 
បច្ចុប្បន្ន សម្ភស្ស កំពុងធ្វើបម្រើការងារនៅក្នុងស្ថាប័នសារព័ត៌មានមួយ។ ដ្បិតពេលបំពេញការងារ នាងប្រឈមនឹងការលំបាកខ្លះ តែសម្ផស្ស ក៏សប្បាយចិត្តព្រោះតែនាងបានធ្វើការងារដែលខ្លួនស្រឡាញ់ពេញចិត្ត។ បើតាម សម្ផស្ស ធ្វើជាអ្នកកាសែត ក៏បានធ្វើឲ្យក្រុមគ្រួសាររបស់នាង មានកង្វល់ខ្លះដែរ ពិសេសបារម្ភពីសុវត្ថិភាពរបស់នាង។ សម្ផស្ស រៀបរាប់ថា៖«ការព្រួយបារម្ភរបស់ពួកគាត់ខ្លាំងជាងគេ គឺទៅលើសុវត្ថិភាពរបស់ខ្ញុំ ដោយសារខ្ញុំជាស្រី ហើយបើធ្វើជាអ្នកកាសែត គឺយើងត្រូវដើរគ្រប់កន្លែង។ មួយវិញទៀត ក្នុងការសរសេរព័ត៌មាន បើសិនជាយើងសរសេរមិនស្រួលនោះ យើងអាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់ផ្សេងៗ បើយើងមិនជាប់ទោសទេ ក៏មានគ្រោះថ្នាក់ផ្ទាល់ខ្លួនដែរ»។
 
និស្សិត សៅ សម្ផស្ស យល់ថានៅក្នុងបរិបទកម្ពុជា មិនមានឪពុកម្ដាយច្រើននោះទេ ដែលចង់ឲ្យកូនៗ ធ្វើជាអ្នកកាសែត ជាពិសេសកូនស្រី ក្រោមហេតុផ្សេងៗ។ ហេតុផលមួយ ក្នុងចំណោមនោះ គឺអាជីពនេះតម្រូវឲ្យធ្វើដំណើរច្រើន ពេលខ្លះត្រូវទៅកន្លែងដែលគ្មានសុវត្ថិភាព ការធ្វើដំណើរនៅពេលយប់ជាដើម ដែលស្ត្រីអាចប្រឈមនឹងអសុត្ថិភាព។ សម្រាប់ សម្ផស្ស នាងទទួលបានស្គាល់ថា ស្ត្រី ជាភេទដែលមានកាយសម្បទារ និងកម្លាំងខ្សោយជាងបុរស ហើយហេតុផលខ្លះក៏ត្រឹមត្រូវ ប៉ុន្តែមិនមែនដល់ថ្នាក់រារាំងស្ត្រីមិនឲ្យប្រឡូកក្នុងអាជីពមួយនេះឡើយ។ 
 
និស្សិតវ័យ ២០ ឆ្នាំរូបនេះ បញ្ជាក់ដូច្នេះ«វាជាការពិតដែលថាស្ត្រីភាគច្រើនខ្សោយជាងបុរស ដែលធ្វើឱ្យពួកគេមានការលំបាកក្នុងការកាន់ម៉ាស៊ីនថតធំៗតាមខ្លួន ឬឆាប់អស់កម្លាំងជាដើម ហើយនេះគឺជាលក្ខណ្ឌធម្មជាតិដែលមិនអាចប្រកែកបាន។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមានន័យថាវាអាចបញ្ឈប់មនុស្សស្រីឱ្យក្លាយជាអ្នកសារព័ត៌មានបានទេ»។
 
និស្សិត សៅ សម្ផស្ស បញ្ជាក់ថា ដើម្បីធ្វើរឿងអ្វីមួយឲ្យបានល្អប្រសើរនោះមានតែការខំប្រឹងប្រែង កុំបោះបង់។ ទន្ទឹមនឹងនោះ នាងក៏លើកទឹកចិត្តឲ្យស្ត្រីផ្សេងទៀត សំឡឹង និងប្រឡូកចូលក្នុងវិស័យនេះ ឲ្យបានកាន់តែច្រើន ដើម្បីសមភាពយេនឌ័រនៅក្នុងវិស័យសារព័ត៌មាននេះ។ «ខ្ញុំគិតថា មនុស្សស្រីចាំបាច់ចូលរួមក្នុងវិស័យសារព័ត៌មាន។ ស្ត្រីអាចធ្វើវាបានដូចជាបុរសដែរ។ ផ្នែកសារព័ត៌មាន គឺជាអាជីព ដែលវាជាឱកាសមួយសម្រាប់មនុស្សគ្រប់គ្នា ដោយមិនគិតពីបុរស និងស្ត្រីនោះទេ។ ដូច្នេះ គួរតែលើកទឹកចិត្តស្ត្រីឱ្យចូលរួមក្នុងវិស័យសារព័ត៌មាន ជាជាងការមិនគាំទ្រ។   ខ្ញុំជំរុញឱ្យនិស្សិតស្រី ចូលរួមក្នុងវិស័យសារព័ត៌មានឲ្យបានច្រើន។ ខ្ញុំចង់ឃើញមានតុល្យភាពយេនឌ័រនៅក្នុងវិស័យនេះ»។ នេះជាការលើកឡើង របស់និស្សិត សៅ សម្ផស្ស៕
 

Tag:
 សារព័ត៌មាន
  DMC
© រក្សាសិទ្ធិដោយ thmeythmey.com